(កណ្តាល)៖ កម្លាំងអាវុធហត្ថស្រុកស្អាង ខេត្តកណ្តាល នៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០១៦នេះ បានបើកប្រតិបត្តិការបង្ក្រាប និងចាប់ខ្លួនជនជួញដូរគ្រឿងញៀន២នាក់ នៅចំណុចកំពង់ដរក្បាលកោះគរ ស្ថិតក្នុង ភូមិព្រែកត្រែង ឃុំសិត្បូ ស្រុកស្អាង។

មន្រ្តីអាវុធហត្ថខេត្តកណ្តាល បានឲ្យដឹងថា ក្រោយការសួរនាំជនសង្ស័យទាំង២នាក់ គឺភាគច្រើនពួកគេ បានយកថ្នាំញៀនទាំងនេះ ចេញពីម្តុំក្តាន់២ ក្នុងរាជធានីភ្នំពេញ ហើយយកទៅចែកចាយដល់ទឹកដីខេត្តកណ្តាល រហូតតាមភូមិឃុំទៀតផង។

មន្រ្តីអាវុធហត្ថបានបញ្ជាក់ថា ក្រោយចាប់ខ្លួនពួកគេ កម្លាំងបានដកហូតថ្នាំញៀនប្រភេទម៉ាទឹកកកចំនួន៤កញ្ចប់ កាបូបចំនួន១ លុយដុល្លារ១$ និង លុយរៀល៦៥០០៛ ទូរស័ព្ទចំនួន២គ្រឿង និងប្រដាប់ប្រើប្រាស់គ្រឿងញៀនមួយចំនួន។

ក្រោមបញ្ជាផ្ទាល់ពីនាយឧត្តមសេនីយ៍ សៅ សុខា និងអភិបាលខេត្តកណ្តាល លើបញ្ហាគ្រឿងញៀននេះ លោកឧត្តមសេនីយ៍ត្រី សំ តុលា មេបញ្ជាការអាវុធហត្ថខេត្ត បាននិងកំពុងដឹកនាំកម្លាំង ចុះស្រាវជ្រាវជាបន្តបន្ទាប់ ដើម្បីបង្ក្រាប ហើយលុបបំបាត់បញ្ហាគ្រោះថ្នាក់មួយនេះ៕