(កំពង់ចាម)៖ នៅព្រឹក ថ្ងៃទី១៤ ខែឧសភា នេះ លោក លន់ លឹមថៃ អភិបាលខេត្តកំពង់ចាម បានជួបសំណេះសំណាល​ជាមួយប្រជាពលរដ្ឋ និងផ្តល់ផ្ទះចំនួន ៨ខ្នង រួមនិងសម្ភារៈ​ប្រើប្រាស់​មួយចំនួនផ្សេងទៀត ដែលជាអំណោយរបស់​សាខាកាកបាទក្រហមកម្ពុជាខេត្ត អាជ្ញាធរខេត្ត ក្រុមការងារចុះជួយឃុំ និងសប្បុរសជន ជូនប្រជាពលរដ្ឋទីទ័ល​ក្រ ដែលកំពុងជួបការលំបាក នៅភូមិថ្មី ឃុំកោះរការ ស្រុកកំពង់សៀម ខេត្តកំពង់ចាម ។

ក្នុងពិធីសំណេះសំណាលនេះ លោកអភិបាលខេត្ត​​បានជម្រាប​ជូន​​ប្រជាពលរដ្ឋថា «នេះគឺជាការអនុវត្ត​​តាមកម្មវិធី​នយោបាយ​យុទ្ធសាស្ត្រចតុកោណ​របស់រាជរដ្ឋាភិបាល​ក្រោមការដឹក​នាំរបស់សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងគោលការណ៍ សប្បុរសធម៌របស់កាកបាទក្រហមកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានការបាទក្រហមកម្ពុជា បូករួម​ជាមួយនឹងកិច្ចសហការ​យ៉ាងជិតស្និទ្ធជាមួយនឹង​សប្បុរជន ជាបុគ្គល ជាអង្គភាពក្រុមហ៊ុន និងជាអង្គការសង្គមស៊ីវិល» ។ លោកបានបន្តទៀតថា សកម្មភាព​ទាំងឡាយណាដែល​អាចប៉ះពាល់ដល់​សន្តិសុខជាតិ មិនត្រូវបានលើកលែងឡើយ ។

ពិធីផ្តល់ផ្ទះនេះ ត្រូវបានធ្វើឡើងមួយថ្ងៃបន្ទាប់ពីការចុះចែកអំណោយកាកបាទក្រហមកម្ពុជា ជូនប្រជាពលរដ្ឋចំនួន ៧៥៣គ្រួសារ និងអ្នករងរបួស ដែលរងគ្រោះដោយ​សារខ្យល់​កន្ត្រាក់កាលពីថ្ងៃទី១១​ ខែឧសភា កន្លងទៅនេះ នៅស្រុកបាធាយ ស្រុកជើងព្រៃ និងស្រុកស្ទឹងត្រង់ ៕