(ព្រះសីហនុ)៖ ស្នងការនគរបាលខេត្តព្រះសីហនុ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ បានឲ្យដឹងថា មកដល់យប់ថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០១៦នេះ មានភ្ញៀវជាតិ និងអន្តរជាតិជាច្រើនពាន់នាក់ កំពុងសម្រុកទៅលេងខេត្តទេសចរណ៍ ជាប់សមុទ្រមួយនេះ កើនឡើងយ៉ាងខ្លាំង ដែលបណ្តាលឲ្យមានការកកស្ទះចរាចរណ៍ នៅតាមដងផ្លូវ ដែលជាថ្ងៃឈប់សម្រាក នៃព្រះរាជពិធីបុណ្យចម្រើនព្រះជន្មព្រះមហាក្សត្រ រយ:ពេល៣ថ្ងៃនេះ។

លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ បានប្រាប់អង្គភាព Fresh News យ៉ាងដូច្នេះថា «ថ្ងៃនេះចាប់ពីម៉ោង៣ ដល់ម៉ោង៧យប់នេះ មានរថយន្តធន់ទេសចរណ៍តូចធំសម្រុក ​ចូលមកក្នុងខេត្តសរុបប្រហែល២៣០០រថយន្តហើយ។ ចង់ស្ទះផ្លូវក្នុងខេត្ត ហើយផ្ទះសំណាក់ជិតពេញអស់ហើយ»

យ៉ាងណាក៏សម្រាប់ពិធីបុណ្យជាតិដ៏ធំមួយនេះ កម្លាំងសមត្ថកិច្ចទាំងនគរបាល កម្លាំងអាវុធហត្ថ និងកម្លាំងអាជ្ញាធរពាក់ព័ន្ធជាច្រើននាក់ បានត្រៀមលក្ខណ:សម្បត្តិអស់ហើយ ដើម្បីចូលរួមការពារបញ្ហាសន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាពជូនភ្ញៀវជាតិ និងអន្តរជាតិទាំងអស់យ៉ាងមានប្រសិទ្ធភាព៕