(កំពង់ស្ពឺ)៖ នៅម៉ោង ៣៖១០នាទី ថ្ងៃទី១៣ ខែឧសភានេះ នៅចំណុចភូមិត្រពាំងលើក សង្កាត់រកាធំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ កំលាំងអាវុធហត្ថមន្ទីរយុត្តិធម៌ បានសហការណ៍ជាមួយកំលាំង អាវុធហត្ថក្រុងច្បារមន ដឹកនាំបញ្ជាផ្ទាល់ដោលលោកឧត្តមសេនីយ៍ ជូ សារុន មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានចុះបង្រ្កាបករណីជួញដូរគ្រឿងញៀន ឃាត់ខ្លួនជនសង្ស័យចំនួន៥នាក់ ដកហូតថ្នាំញៀនមួយចំនួន។

មន្ត្រីអាវុធហត្ថខេត្តកំពង់ស្ពឺ បានឲ្យដឹងថា ជនសង្ស័យទាំង៥នាក់ រួមមាន៖ ១-ឈ្មោះ គ្រុយ ចាន់ចំរើន ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិផ្សារសាមគ្គី សង្កាត់កណ្តោលដុំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ, ២-ឈ្មោះ ជៀវ បុស្សមករា ភេទប្រុស អាយុ៣៥ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិបុស្សតានៃ ឃុំកាហែង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ, ៣-ឈ្មោះ ឃឹម វណ្ណឈុន ភេទប្រុស អាយុ២៩ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិរកាធំ សង្កាត់រកាធំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ, ៤-ឈ្មោះ ណូន សារិទ្ធឌី ភេទប្រុស អាយុ២០ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិសំណង់ សង្កាត់រកាធំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ និង៥-ឈ្មោះ លី គឹមហួរ ភេទប្រុសអាយុ២០ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិចំបក់ ឃុំវល្លីស ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។

ក្នុងប្រតិបត្តិការដកហូតវត្ថុតាង សម្ភារៈរួមមាន៖១-ថ្នាំម៉ាទឹកកកចំនួន៩កញ្ចប់ តូចចំនួន៧កញ្ចប់ធំចំនួន២កញ្ចប់ ម៉ូតូ៣គ្រឿង ទូរសព្ទ័៥គ្រឿង អាយកូម៣គ្រឿង រួមទាំងសម្ភារៈមួយចំនួនទៀត។ បច្ចុប្បន្ន ជនសង្ស័យ៥នាក់ និងវត្ថុតាងសម្ភារៈទាំងអស់ បានបញ្ជូនមកទីបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ដើម្បីកសាងសំណុំរឿងចាត់ការទៅតាមនីតិវិធី៕