(ភ្នំពេញ)៖ ដោយយោងតាមការសម្រេចពីលោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងការណែនាំពីលោករដ្ឋលេខាធិការ ហ៊ាន សាហ៊ីប វិទ្យាស្ថានសេដ្ឋកិច្ច និងហិរញ្ញវត្ថិ បានសហការជាមួយវិទ្យាស្ថានបណ្ដុះបណ្ដាល និងស្រាវជ្រាវ នៃអង្គការសហប្រជាជាតិ (Unitar) បានបើកវគ្គបណ្ដុះបណ្ដាលជាស៊េរីស្ដីពី «ការផ្សាភ្ជាប់គោលនយោបាយប្រែប្រួលអាកាសធាតុ ទៅនឹងថវិកាតាមវិស័យ» ជូនដល់មន្ត្រីក្រសួង និងមន្ត្រីពាក់ព័ន្ធមួយចំនួនទៀត។

ការបើកវគ្គបណ្ដុះបណ្ដាលជូនដល់មន្ត្រីរាជការ នៅក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងក្រសួង ស្ថាប័ននានានេះគឺធ្វើឡើង យោងតាមការសម្រេចរបស់លោកអូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលបានប្រព្រឹត្តទៅនៅថ្ងៃទី៩ដល់ថ្ងៃទី១១ ខែឧសភា ឆ្នាំ២០១៦កន្លងទៅនេះ ដោយបានការសហការជាមួយវិទ្យាស្ថានបណ្ដុះបណ្ដាល និងស្រាវជ្រាវ នៃអង្គការសហប្រជាជាតិ (unitar) ក្នុងការរៀបចំវគ្គបណ្ដុះបណ្ដាលនេះ ឡើងក្រោមជំនួយបញ្ចេកទេស និងហិរញ្ញវត្ថុរបស់កម្មវិធីសម្ព័ន្ធ ភាពប្រែប្រួលអាកាសធាតុកម្ពុជា។

នេះគឺជាលើកទី៣ហើយ ដែលវិទ្យាស្ថានសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានសហការរៀបចំ វគ្គបណ្ដុះបណ្ដាលបែបនេះ ជូនមន្ត្រីរាជការរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងក្រសួង ស្ថាប័នពាក់ព័ន្ធនានាសម្រាប់មន្ត្រីជំនាញថវិកា ដោយវគ្គសិក្សានេះមានគោលបំណងទី១. ពង្រឹង ពង្រីកចំណេះដឹង និងចំណេះធ្វើរបស់មន្ត្រីជំនាញស្ដីពីការប្រែប្រួលអាកាសធាតុ, វិធីសាស្ត្រ កាត់បន្ថយគ្រោះថ្នាក់ពីការប្រែប្រួលអាកាសធាតុ, វិធីសាស្ត្រ បន្សុាំទៅនឹងការប្រែប្រួលអាកាសធាតុ ទំនាក់ទំនងរវាងការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ និងគោលនយោបាយប្រែប្រួលអាកាសធាតុ និងទី២. ស្វែងយល់អំពីនីតិវិធីរៀបចំថវិកា, វិធីសាស្ត្រចរចាថវិកា និងនីតិវិធីអនុវត្តថវិកាសម្រាប់គម្រោងវិនិយោគ លើការកាត់បន្ថយ ឬការបន្សុាំទៅនឹងការប្រែប្រួលអាកាសធាតុ។ក្នុងនោះនៅពេលខាងមុខវិទ្យាស្ថានទាំង២ នឹងបន្តសហការរៀបចំវគ្គបណ្ដុះបណ្ដាលជាស៊េរីស្ដីពី «ការរៀបចំថវិកាដែលឆ្លើយតបទៅនឹង ការប្រែប្រួលអាកាសធាតុ»​ នេះថែមទៀតដល់មន្ត្រីរាជការ ដែលពាក់ព័ន្ធទាំងអស់៕