(ញូដេលី)៖ វាជារឿងដ៏គួរឲ្យភ្ញាក់ផ្អើលបំផុត ដោយលោកយាយអាយុ ៧២ឆ្នាំម្នាក់ ទើបតែបាន ផ្តល់កំណើតដល់កូនប្រុសជាលើកដំបូង បន្ទាប់ពីបានរៀបការជាមួយស្វាមីអស់រយៈពេល ៤៦ឆ្នាំមកហើយ។ នេះបើតាមការចេញផ្សាយមុននេះបន្តិច ដោយទីភ្នាក់ងារព័ត៌មានចិនស៊ិនហួរ នារសៀលថ្ងៃសុក្រ ទី១៣ ខែឧសភា ឆ្នាំ២០១៦។

លោកយាយខាងលើនេះមានឈ្មោះថា Daljinder Kaur បានរៀបការជាមួយស្វាមី ដែលបច្ចុប្បន្ន ជាលោកតាដែលមានអាយុ ៧៩ឆ្នាំទៅហើយ។ គូស្វាមីភរិយាវ័យចំណាស់ រស់នៅរដ្ឋ Haryana ភាគខាងជើងប្រទេសឥណ្ឌានេះ ត្រូវបានក្រុមគ្រូពេទ្យអះអាងថា លោកយាយដែលមានអាយុ ៧២ឆ្នាំទៅហើយ បានពពោះកូនដំបូងអស់កាលពីរឆ្នាំឯណោះទើបបានប្រសូតនាពេលនេះ។

បន្ទាប់ពីប្រសូតបុត្ររួចលោកយាយបាន និយាយប្រាប់សារព័ត៌មានក្នុងតំបន់ថា «អ្នកជិតខាង បាននិយាយថា អ្វីដែលខ្ញុំបានធ្វើនោះគឺជារឿងខុសហើយ ប៉ុន្តែខ្ញុំពិតជាមានអារម្មណ៍សោក ស្តាយណាស់ចំពោះការលើកឡើងបែបនេះ។ ដូច្នេះខ្ញុំមិនយកអារម្មណ៍គិតគូ ពីការលើកឡើង មិនល្អពីសំណាក់មនុស្សនៅជុំវិញខ្លួននោះឡើយ»។

ក្រោយពីប្រសូតរួច អ្នកទាំងពីរបានដាក់ឈ្មោះកូនដំបូងនោះថា Aarman។ យ៉ាងណាក៏ដោយ គេពុំមានឯកសារណាមួយ បញ្ជាក់ពីអាយុពិតរបស់លោកយាយនោះឡើយ ប៉ុន្តែប្រសិនបើការ អះអាងថាលោកយាយខាងលើនេះមានវ័យ ៧២ឆ្នាំមែន នោះលោកយាយនឹងក្លាយជាស្ត្រីវ័យ ចំណាស់បំផុតលើពិភពលោក ដែលអាចផ្តល់កំណើតដល់កូនបាន៕