(ភ្នំពេញ)៖ លោក នេត មុនីប៉ុណ្ណាការ ប្រធានមន្ទីរឧស្សាហកម្ម និងសិប្បកម្មរាជធានីភ្នំពេញ បញ្ជាក់ថា មន្ទីរឧស្សាសហកម្ម និងសិប្បកម្ម គ្រោងនឹងដាក់ជញ្ជីងយុត្តិធម៌នៅតាមផ្សារនានា ក្នុងរាជធានីភ្នំពេញ ដើម្បីលុបបំបាត់ការគេងចំណេញ ពីអាជីវករដែលថ្លឹងមិនគ្រប់គីឡូ លក់ជូនប្រជាពលរដ្ឋ។

យោងតាមទីភ្នាក់ងារព័ត៌មានជាតិកម្ពុជា ហៅកាត់ថា AKP បានដកស្រង់សំដីលោក នេត មុនីប៉ុណ្ណាការ ថា ការអនុវត្តវិធានការណ៍ ដាក់ជញ្ជីងយុត្តិធម៌ នៅតាមទីផ្សារនេះ បានធ្វើឡើងស្របតាមអនុសាសន៍ លោកទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម និងសិប្បកម្ម បន្ទាប់ប្រជាពលរដ្ឋរអ៊ូរទាំ រឿងអ្នកលក់ក្នុងផ្សារ ស៊ីភ្នែកជញ្ជីង ឬថ្លឹងមិនគ្រប់គីឡូជាដើម។

ប្រភពព័ត៌មានដដែលបានដកស្រង់សំដីលោក នេត មុនីប៉ុណ្ណាការ ទៀតថា «ការធានាបានចំពោះភាពយុត្តិធម៌របស់ជញ្ជីងនេះ គឺមន្ទីរបានយកទៅវាស់ស្ទង់ ដើម្បីរកភា​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ពសុក្រឹត្យជាមុនសិន មុននឹងត្រូវដាក់នៅតាមទីផ្សារ ដោយគ្រប់គ្រងដោយគណៈកម្មការផ្សាររួមជាមួយការ ចុះត្រួតពិនិត្យរៀងរាល់៦ខែម្តង ពីមន្រ្តីមាត្រសាស្រ្ត នៃមន្ទីរឧស្សាហកម្មផងដែរ។ រហូតមកលដល់ពេលនេះ មន្ទីរឧស្សាហកម្មបានកម្មង់ទិញជញ្ចីងរួច រាល់ហើយ ដោយត្រៀមដាក់សាកល្បង នៅតាមបណ្តាផ្សារធំៗក្នុងរាជធានីភ្នំពេញចំនួន២ ឬ៣ផ្សារ ជាមុនសិន ហើយនឹងឈានទៅអនុវត្តន៍ ឱ្យបានគ្រប់ផ្សារនៅពេលឆាប់ៗខាងមុខនេះ»

ផ្សាររបស់រដ្ឋចំនួន៣ ដែលគ្រោងនឹងដាក់ដំណើការ សាកល្បងជញ្ជីញយុត្តិធម៌មុនគេ គឺផ្សារធំថ្មី ផ្សារកណ្តាល និងផ្សារចាស់មុនគេ៕