(ភ្នំពេញ)៖ កម្លាំងនគរបាលខណ្ឌដង្កោ បានបើកប្រតិបត្តិការជាបន្តបន្ទាប់ រហូតចាប់បានជនសង្ស័យ៥នាក់ ដែលជាមុខសញ្ញាកាច់កម៉ូតូ និងប្លន់យ៉ាងសកម្ម នៅរាជធានីភ្នំពេញ នាពេលកន្លងទៅ។ លោក ជឹម ស៊ីថា អធិការនគរបាលខណ្ឌដង្កោ បានបញ្ជាក់ឱ្យដឹងថា ប្រតិបត្តិការបង្រ្កាបនេះ ធ្វើឡើងនៅម៉ោង១២រំលងអាធ្រាត្រឈានចូលថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០១៦ ខណៈដែលកម្លាំងល្បាតរបស់លោក កំពុងតែជិះម៉ូតូល្បាតក្នុងភូមិសាស្រ្តខណ្ឌ លុះពេលជិះដល់ចំណុចផ្លូវបេតុង ក្បែររបងសាលាកសិកម្មចំការដូង ស្ថិតក្នុងភូមិខ្វា សង្កាត់ដង្កោ ក៏ប្រទះឃើញពួកគេ កំពុងធ្វើសកម្មភាពតែម្តង។

លោកអធិការបានបន្តថា «ពេលល្បាតនោះ ជនសង្ស័យទាំង២នាក់ កំពុងតែកាច់កម៉ូតូរបស់ប្រជាពលរដ្ឋ ហើយចាប់ខ្លួនតែម្តងទី១ឈ្មោះ ពៅ សុភាព អាយុ២១ឆ្នាំ មានទីលំនៅសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ និងទី២ឈ្មោះ រ៉ន ម៉េងឡុង អាយុ១៩ឆ្នាំ ស្នាក់នៅផ្ទះជួលក្រុងតាខ្មៅ ខេត្តកណ្តាល ដកហូតបានវត្ថុតាងសោរកាច់កម៉ូតូ១ផងដែរ»

ក្រោយពីធ្វើការសាកសួរ ជនសង្ស័យបានសារភាពប្រាប់សមត្ថកិច្ច អំពីកន្លែងលាក់ខ្លួនបក្ខពួករបស់គេ៣នាក់ទៀត លុះនៅម៉ោង៨ព្រឹកថ្ងៃដដែលនេះ កម្លាំងនគរបាល បានឃាត់ខ្លួន ជនសង្ស័យទាំងនោះរួមមាន ទី១ឈ្មោះ យ៉ន សុភាព ហៅ ង៉ុយ អាយុ៣៦ឆ្នាំ មុខរបររត់ម៉ូតូឌុប ស្នាក់នៅក្នុងសង្កាត់បឹងទំពុន ខណ្ឌមានជ័យ ទី២ឈ្មោះ ហួត សីហា អាយុ២៣ឆ្នាំ មុខរបរកម្មករសំណង់ និងទី៣ឈ្មោះ ស សុភ័ក្រ អាយុ២៨ឆ្នាំ មុខរបរកម្មករសំណង់ ស្នាក់នៅក្នុងសង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រឹបអូសបានវត្ថុតាង ម៉ូតូម៉ាកវ៉េវ អាល់ហ្វា ពណ៌ស្លាបកំភេន១គ្រឿង ម៉ូតូC100 កូរ៉េ ពណ៌ក្រហម គ្មានស្លាបលេខ និងម៉ាស៊ីនបូមទឹក១គ្រឿងទៀត។​

លោក ជឹម ស៊ីថា បានបញ្ជាក់ថា ក្រោមការបញ្ជាផ្ទាល់ពី នាយឧត្តមសេនីយ៍ ជួន សុវណ្ណ ស្នងការនគរបាលរាជធានីភ្នំពេញ និងលោក នុត ពុធដារ៉ា ប្រធានគណៈបញ្ជាការឯកភាពខណ្ឌ កម្លាំងនគរបាលរបស់លោក នឹងបន្តស្រាវជ្រាវបន្តទៀត​ ដើម្បីតាមបង្ក្រាបក្រុមនេះបន្តទៀត។

បច្ចុប្បន្នជនសង្ស័យទាំង៥នាក់ ត្រូវបានបញ្ជូនខ្លូនទៅអធិការដ្ឋាននគរបាលខណ្ឌដង្កោ ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធី៕