(ប៉ៃលិន)៖ បន្ទាប់ពីពិភាក្សាជាមួយថ្នាក់ដឹកនាំ ខេត្តប៉ៃលិន អំពីប្រជាពលរដ្ឋដែលរងគ្រោះ ដោយខ្យល់កន្ត្រាក់ និងខ្វះទឹកប្រើប្រាស់រួមមកនោះ លោក អ៊ុក ប្រជា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម តំណាងលោក ប៉ាន សូរស័ក្ត រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងជាប្រធានក្រុមការងារថ្នាក់ជាតិ ចុះជួយខេត្តប៉ៃលិន លោក វេង សុធី អនុរដ្ឋលេខាធិការ និងលោក រាជ រ៉ា នៅថ្ងៃទី១២ ខែឧសភាម្សិលមិញ បានដឹកនាំក្រុមយុវជនសហភាពសហព័ន្ធយុវជនកម្ពុជា ក្រសួងពាណិជ្ជកម្ម បាននាំយកអំណោយ និងចុះសួរសុខទុក្ខប្រជាពលរដ្ឋ ដែលរងគ្រោះដោយខ្យល់កន្ត្រាក់ដោយផ្ទាល់ ចំនួន២០គ្រួសារ និងខ្វះទឹកប្រើប្រាស់ប្រមាណ ១០០គ្រួសារ នៅខេត្តប៉ៃលិន។

ក្នុងនោះប្រជាពលរដ្ឋដែលគ្រោះ ដោយខ្យល់កន្ត្រាក់ស្ថិតនៅភូមិ បយ៉ាខា សង្កាត់ទួលល្វា ក្រុងប៉ៃលិន មានចំនួន១០គ្រួសារ និងភូមិទំនប់ ឃុំសាលាក្រៅ ស្រុកសាលាក្រៅ មានចំនួន១០គ្រួសារ ដែលមួយគ្រួសារៗ ទទួលបាន អង្ករ២០គីឡក្រាម ត្រីខ១យួរ មី១កេស ទឹកត្រី១យួរ ទឹកសុទ្ធ១កេស តង់១ និងថវិកា ៤ម៉ឺនរៀល។

បន្ទាប់មកលោក អ៊ុក ប្រជា និងក្រុមការងារទាំងអស់បន្តចុះសួរសុខទុក្ខ ដែលខ្វះទឹកប្រើប្រាស់ចំនួន ប្រមាណ១០០គ្រួសារ ស្ថិតនៅភូមិអូរឈើក្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ដោយក្នុង១គ្រួសារ ទទួលបានទឹកសុទ្ធ១យួរ ហើយក្រៅពីនោះលោកបានឲ្យក្រុមការងារ បន្តដឹកជញ្ជូនទឹកជូនប្រជាពលរដ្ឋបន្ថែមទៀត ដើម្បីឲ្យពួកគាត់មានទឹកប្រើប្រាស់គ្រប់គ្រាន់៕