(ភ្នំពេញ)៖ នៅរសៀលថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៦នេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានផ្តល់ថវិកាមួយចំនួនដល់ លោក អ៊ូ កែវ ជាគ្រូកីឡានៃវិទ្យាល័យព្រះសីហនុ ខេត្តព្រះសីហនុ ដើម្បីធ្វើការវះកាត់ជាថ្មីម្ដងទៀត ដោយដាក់បំពង់បង្ហូរឈាមពីក្បាលទៅក្នុងពោះ ព្រោះតែគាត់ទទួលរងគ្រោះ ដោយគ្រោះថ្នាក់ចរាចរណ៍ កាលពីឆ្នាំ ២០១៣ កន្លងទៅនេះ។

លោកស្រី ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ កាកបាទក្រហមកម្ពុជា បានផ្តល់អំណោយជាថវិកា និងគ្រឿងឧបភោគបរិភោគរបស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត នាពេលនោះ បានផ្តាំផ្ញើនូវការសួរសុខទុក្ខពីសំណាក់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ហើយតាមរយៈនេះដែរ សម្ដេច​បានជូនពរឱ្យការវះកាត់ ទទួលបានជោគជ័យ និងឆាប់ជាសះស្បើយបានវិលត្រឡប់ មកបំពេញការងារវិញ។

ជាមួយគ្នានោះ ភរិយារបស់ លោក អ៊ូ កែវ និងក្រុមគ្រួសារ បានសម្តែងនូវការដឹងគុណ យ៉ាងជ្រាលជ្រៅបំផុតចំពោះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលបានមើលឃើញពីទុក្ខលំបាក និងបានផ្ដល់ថវិកាជួយ ព្យាបាលជំងឺស្វាមីរបស់គាត់ ហើយគាត់បានបួងសួងដល់វត្ថុស័ក្តិសិទ្ធិក្នុងលោក តាមបីបាច់ថែរក្សា សម្តេចកិត្តិព្រឹទ្ធបណ្ឌិត សូមជួបប្រទះតែនឹងសុខភាពល្អ សំណាងល្អ និងជួបប្រទះនូវពុទ្ធពរទាំង៤ប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។

សូមបញ្ជាក់ថា លោកគ្រូ អ៊ូ កែវ ជាគ្រូកីឡានៅវិទ្យាល័យព្រះសីហនុ នៃខេត្តព្រះសីហនុ បានជួបគ្រោះថ្នាក់ចរាចរណ៍ ដែលបណ្ដាលឲ្យរងរបួសយ៉ាងធ្ងន់ធ្ងរ ដោយមានរបួសនៅចំក្បាល ហើយបានទទួលការវះកាត់ និងដេរជាច្រើនថ្នេរម្ដងរួចហើយ។ តែបច្ចុប្បន្ននេះ គាត់បានធ្លាក់ខ្លួនពិការងើបមិនរួច កំពុងសម្រាកព្យាបាលនៅផ្ទះ ស្ថិតនៅក្នុងឃុំស្វាយរមៀត ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។ ស្ថានភាពជំងឺបច្ចុប្បន្នរបស់គាត់ ដោយទុយោបង្ហូរឈាមពីក្បាលទៅក្នុងពោះ បានលៀនមកក្រៅ ហើយគ្រូពេទ្យតម្រូវឱ្យត្រឡប់ ទៅធ្វើការវះកាត់ឡើងវិញជាបន្ទាន់ នៅមន្ទីរពេទ្យប្រទេសវៀតណាមម្ដងទៀត៕⁠⁠⁠