(ភ្នំពេញ)៖ អង្គភាពសេនាតេជោ នៃអគ្គនាយកដ្ឋាននយោបាយ និងកិច្ចការបរទេស នៅសប្តាហ៍នេះ បានរៀបចំពិធីបិទសិក្ខាសាលាស្ដីពី «ជំនាញនៃការវិភាគ និងភាពស៊ីជម្រៅនៃការសរសេរអត្ថបទស្រាវជ្រាវ ទស្សនទាន និងការងារប្រវត្តិសាស្ត្រ យោធា» ដែលបានរៀបចំឡើងក្រោម កិច្ចសហការជាមួយនឹងវិទ្យាស្ថានចក្ខុវិស័យអាស៊ី ក្រោមអធិបតីភាពនាយឧត្តមសេនីយ៍ ណឹម សុវត្ថិ ទីប្រឹក្សាពិសេសសម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ អគ្គនាយក អគ្គនាយកដ្ឋាននយោបាយ និងកិច្ចការបរទេស និងមានការចូលរួមពីសំណាក់វាគ្មិន នៃក្រសួងការពារជាតិនិងវិទ្យាស្ថានចក្ខុវិស័យអាស៊ី ថ្នាក់ដឹកនាំ និងសិក្ខាកាម តាមរយៈប្រព័ន្ធវីដេអូ zoom។

សិក្ខាសាលាបានរៀបចំឡើងរយៈពេលមួយសប្តាហ៍ មានគោលបំណងចែករំលែកចំណេះដឹង និងបទពិសោធន៍ពីសំណាក់វាគ្មិនទាំងអស់លើប្រធានបទសំខាន់ៗទាក់ទងនឹងសន្តិភាព ប្រវត្តិសាស្ត្រយោធា ភូមិសាស្ត្រនយោបាយ និងវិធីសាស្ត្រស្រាវជ្រាវ និង បទពិសោធន៌ជាក់ស្តែងក្នុងការរៀបចំសិក្សាស្រាវជ្រាវតំបន់ប្រវត្តិសាស្ត្រយោធានិងសាងសង់វិមានឈ្នះ ឈ្នះ ដែលមានការចូលរួមពីសំណាក់នាយទាហាន នាយទាហានរងសរុបចំនួន៨០រូប មកពីអង្គភាពចំណុះអគ្គនាយកដ្ឋាននយោបាយ និងកិច្ចការបរទេស ក្រុមការងារប្រវត្តិសាស្ត្រយោធា នៃបញ្ជាការដ្ឋានកងទ័ពជើងគោក យោធភូមិភាគ និងមជ្ឈមណ្ឌលជាតិរក្សាសន្តិភាព។

សិក្ខាសាលាបានបញ្ចប់ដោយជោគជ័យដោយសម្រេចបានទៅតាមគោលបំណងសំខាន់ៗរួមមាន៖

*ទី១៖ លើកកម្ពស់ការយល់ដឹងគុណតម្លៃនៃសន្តិភាពរយៈគោលនយោបាយឈ្នះឈ្នះ និងការសិក្សាអំពីប្រវត្តិសាស្ត្រយោធានិងទិសដៅបន្ត
*ទី២៖ ពង្រឹងសមត្ថភាពនាយទាហាន នាយទាហានរងលើការសិក្សាស្រាវជ្រាវ និងការសរសេរ ប្រមូលផ្ដុំចងក្រងនូវខ្លឹមសារ
*ទី៣៖ អភិវឌ្ឍសមត្ថភាពនាយទាហានវ័យក្មេង ចំណុះអគ្គនាយកដ្ឋាននយោបាយ និងកិច្ចការបរទេស និងក្រុមការងារប្រវត្តិសាស្ត្រយោធា នូវចំណេះដឹង និងជំនាញភូមិសាស្ត្រនយោបាយ និងសន្តិភាពក្នុងក្របខណ្ឌថ្នាក់ជាតិ តំបន់ និងអន្តរជាតិ។

នាយឧត្តមសេនីយ៍ ណឹម សុវត្ថិ បានចូលរួមផ្ដល់នូវសុន្ទរកថាគន្លឹះក្នុងឱកាសនេះនៃពិធីបិទសិក្ខាសាលានេះផងដែរ ដោយបានវាយតម្លៃខ្ពស់ចំពោះខ្លឹមសារ និងអត្ថន័យដែលទទួលបានតាមរយៈសិក្ខាសាលា ក៏ដូចជាកិច្ចខិតខំ ប្រឹងប្រែងរៀបចំ ឡើងនូវសិក្ខាសាលានេះរវាងអង្គភាពសេនាតេជោ និងវិទ្យាស្ថានចក្ខុវិស័យអាស៊ីផងដែរ ដោយបានបានបញ្ជាក់ថាអង្គភាពទាំងពីរចាំបាច់ត្រូវបន្តការសហការឲ្យជិតស្និទ្ធ ដើម្បីលើកកម្ពស់ការសិក្សាស្រាវជ្រាវ និងបំពេញឲ្យគ្នាទៅវិញទៅមកទាំងខ្លឹមសារ ទិន្នន័យ និងការសិក្សាស្រាវជ្រាវ ជាមួយិងបទពិសោធន៍ជាក់ស្តែង ពិសេសទាក់ទងនឹងការកសាងសន្តិភាពក្នុងប្រទេសកម្ពុជាតាមរយៈនយោបាយឈ្នះឈ្នះ។

អគ្គនាយក បានបន្តថាសិក្ខាសាលានេះជាការចាប់ផ្ដើមមួយដ៏ល្អសម្រាប់ការអភិវឌ្ឍផ្នែកគោលគំនិតដល់នាយទាហានវ័យក្មេងក្នុងការសិក្សាស្វែងយល់ឲ្យបានកាន់តែស៊ីជម្រៅ អាចវិភាគបានស៊ីជម្រៅ និងគ្រប់ជ្រុងជ្រោយតាម រយៈវិធីសាស្ត្រ ដែលទទួលបានក្នុងសិក្ខាសាលា ដែលជំរុញការអនុវត្តការងារកាន់តែមានប្រសិទ្ធភាព។

គូសបញ្ជាក់ថា ចំណុចពិសេសនៃសិក្ខាសាលាស្ដីពី ជំនាញនៃការវិភាគ និងភាពស៊ីជម្រៅនៃការសរសេរអត្ថបទស្រាវជ្រាវ ទស្សនទាន និងការងារប្រវត្តិសាស្ត្រយោធា គឺបង្កើតបណ្ដាញទំនាក់ទំនងខាងផ្នែកគោលគំនិត ក្នុងការអភិវឌ្ឍកិច្ចការងាររួមចំណែកក្នុងដំណើរការវឌ្ឍនភាពជាតិ និងសន្តិសុខដែលជាការងារស្នូលរបស់វិស័យយោធា ជាពិសេសគឺជាថ្នាលពិសោធន៍មួយសំខាន់ដែលបង្កើតបាននូវធនធានមនុស្ស ខ្លឹមសារ ទិន្នន័យ សម្រាប់ការរៀបចំសិក្ខាសាលាថ្នាក់ជាតិ ស្ដីពីអត្ថន័យ និងដំណើរការអនុវត្តនយោបាយឈ្នះ ឈ្នះ នាពេលខាងមុខផងដែរ៕