(ភ្នំពេញ)៖នៅព្រឹកថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២២នេះ លោកបណ្ឌិត អូស្មាន ហាស្សាន់ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាសមាជិកក្រុមប្រឹក្សាសហគមន៍មូស្លិមពិភពលោក (WMCC) អមដំណើរដោយ នាយកខុទ្ទកាល័យ បានអញ្ជើញចេញដំណេីរដេីម្បីទៅចូលរួមសន្និសីទអន្តរជាតិ ក្រោមប្រធានបទ «សាមគ្គីភាពឥស្លាម ទស្សនទាន កាលានុវត្តភាព និងបញ្ហាប្រឈម» ដែលមានថ្នាក់ដឹកនាំចូលរួមជាង៤០០នាក់ មកពីបណ្ដាប្រទេសជាង១៧០ប្រទេស នៅទីក្រុង Abu Dhabi ប្រទេសអារ៉ាប់រួមអេម៉េរ៉ាត។

បន្ទាប់មក ក្នុងនាមសមាជិកឧត្ដមក្រុមប្រឹក្សាជាន់ខ្ពស់ នៃអង្គការសម្ព័ន្ធពិភពឥស្លាម (MWL) ទេសរដ្ឋមន្ត្រី អូស្មាន ហាស្សាន់ នឹងបន្តអញ្ជើញចូលរួមវេទិកាស្តីពី «គុណតម្លៃរួមរវាងអ្នកកាន់សាសនានានា» នៅទីក្រុងរីយ៉ាដ អារ៉ាប៊ីសាអូឌីត។

កំឡុងពេលស្នាក់នៅប្រទេសអេមីរ៉ាតអារ៉ាប់រួម និងអារ៉ាប៊ីសាអូឌីត លោកទេសរដ្ឋមន្ត្រី នឹងអញ្ជេីញជួបពិភាក្សាការងារជាមួយបណ្តារដ្ឋមន្ត្រីមួយចំនួន ស្ថាប័នមូលនិធិសាអូឌីត ធនាគារអភិវឌ្ឍន៍ឥស្លាម (IsDB) ស្ថាប័នហិរញ្ញវត្ថុឥស្លាម និងថ្នាក់ដឹកនាំ ប្រធានអង្គការ-សមាគម សប្បុរសធម៌ ក្នុងគោលបំណងពង្រឹង និងពង្រីកទំនាក់ទំនងរវាងកម្ពុជា និងភាគីមិត្ត សំដៅបម្រើផលប្រយោជន៍រួមជូនសហគមន៍ និងសង្គមជាតិ។

សូមជម្រាបថា ទេសរដ្ឋមន្ត្រី អូស្មាន ហាស្សាន់ នឹងអញ្ជេីញមកដល់មាតុប្រទេសវិញ នៅថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២២៕