(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២២ លោក ឡេង ប៊ុនតេង ប្រធានក្រុមការងារចុះជួយសង្កាត់ជ្រោយចង្វារ បានចុះជួបតាមខ្នងផ្ទះ ជាមួយសមាជិកសមាជិកាចាស់ និងថ្មី នៃគណបក្សប្រជាជនក្នុងសង្កាត់ជ្រោយចង្វារ ដោះស្រាយបញ្ហាប្រឈម និងជូនថ្នាំពេទ្យ ដល់មណ្ឌលសុខភាពជ្រោយចង្វារ និងមណ្ឌលសុខភាពកោះដាច់។

ជាមួយគ្នានេះ ក៏មានចូលរួមពីអនុប្រធានក្រុមការងារជាច្រើន រួមមាន៖ លោក ឌួង សុជាតិ, លោកស្រី ឈឹម គារ៉ែនណា, លោកវេជ្ជបណ្ឌិត ម៉ម ចាន់ដារ៉ា, លោក ឆឹម ឬទ្ធី, លោក គួច ហៃ ព្រមទាំងលោក លោកស្រី ជាសមាជិក សមាជិកា ក្រុមការងារចុះជួយសង្កាត់ សមាជិក សមាជិកា ក្រុមប្រឹក្សាសង្កាត់ បានអញ្ជើញចុះសួរសុខទុក្ខតាមខ្នងផ្ទះ ជាមួយបងប្អូនសមាជិកសមាជិកាចាស់ និងថ្មី នៃគណបក្សប្រជាជនកម្ពុជា នៅក្នុងសង្កាត់ជ្រោយចង្វារ។

លើកឡើងនាឱកាសនោះ លោកក៏បានរំលឹកអំពីប្រវត្តិរបស់បក្សក្នុងការតស៊ូរំដោះប្រទេសជាតិ និងប្រជាពលរដ្ឋចេញពីរបបប្រល័យ ពូជសាសន៍ ជាពិសេសនយោបាយឈ្នះ ឈ្នះ ដែលធ្វើឲ្យប្រទេសមានលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស ការបង្រួបបង្រួមជាតិ ផ្សះផ្សាជាតិ រហូតទទួលបានសុខសន្តិភាព ពេញលេញ ដោយក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចតេជោ នាយករដ្ឋមន្រ្តី ដែលបានធ្វើការអភិវឌ្ឍន៍ប្រទេសឲ្យមានការរីកចម្រើនដល់សព្វថ្ងៃ។

លោកបន្ដថា គណបក្សប្រជាជនកម្ពុជា គឺជាគណបក្សតែមួយគត់ដែលមានធនធានមនុស្សគ្រប់គ្រាន់ និងតែងតែគិតគូរអំពីសុខទុក្ខរបស់ប្រជាពលរដ្ឋ នៅគ្រប់ទីកន្លែង និងគ្រប់កាលៈទេសៈ ហើយការចូលជាសមាជិកបក្សប្រជាជន មិនមែនដើម្បីទទួលបានអំណាចនោះទេ តែដើម្បីធ្វើជាមែកធាងផ្តល់ជាម្លក់ដ៏ត្រជាក់សម្រាប់ការ ជ្រករបស់ប្រជាជន។

លោក ឡេង ប៊ុនតេង ក៏បានជំរុញឱ្យសមាជិកថ្មីម្នាក់ៗ ចូលរួមប្រឆាំងវាយបកលើពួកគណបក្សប្រឆាំង ទៅលើឧបាយកលដ៏អាក្រក់ ដែលមានបំណងចង់ផ្តួលរំលំរដ្ឋាភិបាល ស្របច្បាប់ ដែលកើតចេញពីការបោះឆ្នោតរបស់ប្រជាជន និងកំពុងដឹងនាំប្រទេស ទទួលបានភាពរីកចំរើន និងនាំមកនូវសុខសន្តិភាពជូនប្រជាជនគ្រប់រូប។

លោកប្រធានក៏បានអរគុណចំពោះការចូលរួមរបស់យុវជន និងដែលមានជំនឿ និងទំនុកចិត្តចំពោះការដឹកនាំដ៏ត្រឹមត្រូវរបស់គណបក្សប្រជាជន និងបានណែនាំ ឱ្យយុវជន គ្រប់ថ្នាក់ទាំងអស់ ត្រូវបំពាក់បំប៉នដល់យុវជនអំពីសាវតា បុព្វហេតុ លក្ខន្តិកៈ និងគោលនយោបាយរបស់គណបក្ស សំដៅសម្រេចឱ្យបានតាម គោលការបក្ស គឺសមាជិកបក្សម្នាក់ សន្លឹកឆ្នោតមួយសន្លឹកជូនគណបក្ស ហើយយុវជនបក្សម្នាក់អូសទាញបានសន្លឹកឆ្នោតមួយសន្លឹកបន្ថែមទៀត។

បន្ទាប់ពីបានចុះជួបសំណេះសំណាលរួច ក្រុមការងារដឹកនាំដោយលោក ឡេង ប៊ុនតេង បាននាំនូវថ្នាំពេទ្យ ជូនដល់មណ្ឌលសុខភាព០២ នៃខណ្ឌជ្រោយចង្វារ គឺមណ្ឌលសុខភាពជ្រោយចង្វារ និងមណ្ឌលសុខភាពកោះដាច់ ក្នុងនោះមានថ្នាំ ៖ Amoxicillin 250mg, Clarithromycin 250mg , Diarum 2mg, Celamine ដើម្បីអោយមណ្ឌលសុខភាពប្រើប្រាស់ជូនប្រជាពលរដ្ឋ៕