(ភ្នំពេញ)៖ ដោយមានការអនុញ្ញាតពីលោក ម៉ម ប៊ុនហេង រដ្ឋមន្ដ្រីក្រសួងសុខាភិបាល នៅល្ងាចថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២២នេះ លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល បានអញ្ជើញទទួលជួបពិភាក្សាការងារជាមួយ លោកឯកអគ្គរដ្ឋទូត Michael Michalak នាយកគ្រប់គ្រងប្រចាំតំបន់ និងជាអនុប្រធានដឹកនាំជាន់ខ្ពស់ US-ABC (ក្រុមប្រឹក្សាធុរៈកិច្ចអាស៊ាន-អាមេរិក) ដែលមានក្រុមហ៊ុនអាមេរិកជាច្រេីនបានចូលរួមផងដែរ។

លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន បានថ្លែងមតិស្វាគមន៍យ៉ាងកក់ក្តៅដល់គណៈប្រតិភូ US-ABC។ ក្នុងនោះ ឯកអគ្គរដ្ឋទូត Michael Michalak នាយកគ្រប់គ្រងប្រចាំតំបន់ និងជាអនុប្រធានដឹកនាំជាន់ខ្ពស់ US-ABC បានថ្លែងអបអរកម្ពុជាក្នុងការធ្វើជាប្រធានអាស៊ាន និងអបអរសាទរដោយក្តីកោតសរសេីរ ប្រទេសកម្ពុជា ដែលបានទទួលជោគជ័យ ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩។

លោកស្រី រដ្ឋលេខាធិការ បានថ្លែងអំណរគុណដល់រដ្ឋាភិបាលសហរដ្ឋអាមេរិក ដែលបានផ្តល់អំណោយវ៉ាក់សាំងកូវីដ-១៩ (Pfizer ២លានដូស) ជូនប្រជាជន និងរាជរដ្ឋាភិបាលកម្ពុជាក្នងពេលថ្មីៗនេះ។ លោកស្រីបានបន្តថា ទោះបីយើងរស់ក្នុងបរិបទកូវីដ-១៩ តែវិស័យពាណិជ្ជកម្ម យើងនៅតែមានដំណើរការ និងសហការជាប្រចាំ។

ជាមួយគ្នានេះ លោកស្រី ឱ វណ្ណឌីន បានជម្រាបជូនអំពីលទ្ធផល នៃកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ក្នុងការប្រយុទ្ធជាមួយជំងឺកូវីដ-១៩ និងជោគជ័យក្នុងការចាក់វ៉ាក់សាំងកូវីដ-១៩ ជូនប្រជាពលរដ្ឋ ដែលមកដល់ថ្ងៃនេះយើងចាក់វ៉ាក់សាំងបាន៩៣.៤៩%នេះ ជាលទ្ធផលនៃកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមការងារ ក្រោមការចង្អុលបង្ហាញពីប្រមុខរាជរដ្ឋាភិបាល។

លោកស្រីរដ្ឋលេខាធិការ ក៏បានជម្រាបជូនដល់ក្រុមធុរៈកិច្ចសហរដ្ឋអាមេរិកថា ក្រសួងសុខាភិបាល តែងតែផ្តល់ការគាំទ្រដល់ក្រុមហ៊ុន ឧទាហរណ៍ ដូចជាក្រុមហ៊ុន Abbott ជាដើមយើងបានអនុញ្ញាតទទួលយកការចុះបញ្ជិលើ Rapid Test សម្រាប់កូវីដ-១៩ លឿនបំផុតដេីម្បីប្រជាជនមានឧបករណ៍ប្រេីបានទាន់ពេល ស្របជាមួយនឹងការដាក់ចេញវិធានការធ្វេីតេស្តរហ័សរបស់រាជរដ្ឋាភិបាលកម្ពុជា។ ក្រុមហ៊ុន Roch ក៏ទទួលបាននូវការគាំទ្រពីអតិថិជនជាច្រេីនក្នុងផ្នែកផលិតផលឱសថ និងបរិក្ខាពេទ្យដែរ។

ចំពោះជំងឺមិនឆ្លងជាជំងឺ ដែលកន្លងមកមានកង្វះការសហការជួយវិនិយោគលើជំងឺនេះ ពីសំណាក់ដៃគូ បេីធៀបទៅនឹងជំងឺឆ្លង តែក្នុងពេលប៉ុន្មានឆ្នាំនេះយើងបានយកចិត្តទុកដាក់យ៉ាងខ្លាំងលើជំងឺមិនឆ្លង ហើយក៏ដូចជាកិច្ចការគ្របដណ្តប់សេវាសុខភាពជាសាកល ដែលបច្ចុប្បន្ននេះ យើងបានខិតខំលើការងារជំរុញបង្កើនការថែទាំសុខភាពបឋម (Primary Health Care Booster) ឲ្យដើរតួនាទីគ្រឹះសម្រាប់ជំរុញការចូលរួមចំណែកសម្រេចបាននូវ ការគ្របដណ្តប់សេវាសុខភាពជាសាកល ហេីយក្រសួងសុខាភិបាល បាននិងកំពុងយកចិត្តទុកដាក់លើការងារជាច្រេីន សំដៅគ្របដណ្តប់សេវាសុខភាពជាសាកលនេះឯង។ ចំពោះការចុះបញ្ជិការ យើងបានខិតខំនិងជំរុញរហូតទទួលបានការចុះបញ្ជិការតាមប្រព័ន្ធអនឡាញ ដែលបានជួយបង្កើនល្បឿន នៃការចុះបញ្ជិការ និងមានតម្លាភាព។

រីឯបញ្ហាការកំណត់អាយុពិសារគ្រឿងស្រវឹង លោកស្រីរដ្ឋលេខាធិការ បានស្នេីសូមឲ្យមានការចូលរួមទទួលខុសត្រូវ លេីបញ្ហាសុខភាពមនុស្ស ជាពិសេសការផ្សាយពាណិជ្ជកម្មដែលមិនសមស្រប ដែលមានលក្ខណ:ជំរុញបុគ្គលឲ្យទទួលទានច្រេីនពេក និងសូមឲ្យមានការចូលរួមក្នុងការលេីកកម្ពស់ការទទួលខុសត្រូវរបស់បុគ្គលតាមសារអប់រំជាជាងប្រេីប្រាស់វិធីសាស្ត្រ ជំរុញមនុស្សពិសារគ្រឿងស្រវឹង ច្រេីនហួសហេតុពេក សំដៅរួមគ្នា ដេីម្បីកាត់បន្ថយនូវគ្រោះថ្នាក់ចរាចរផង និងកាត់បន្ថយនូវហានិភ័យ នៃការកេីតនិងកេីនឡេីងនូវជំងឺរលាកបំពង់អាហារ ក្រពះ និងថ្លេីម ហេីយដែលអាចបង្កទៅជាជំងឺមហារីកថ្លេីម និងក្រពះជាដេីម៕