(ត្បូងឃ្មុំ)៖ នៅរសៀលថ្ងៃទី១១ ខែឧសភា ឆ្នាំ២០១៦ លោក វង សូត រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និង យុវនីតិសម្ប ទា និង ជាប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយស្រុកពញាក្រែក បានអញ្ជើញជាអធិបតីភាពក្នុងពិធីប្រកាសទទួលស្គាល់អនុសាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និង អភិវឌ្ឍន៍ស្រុក ព្រមទាំងសមាគមនារីឃុំទាំង៨ ក្នុងស្រុកពញាក្រែក។

លោក ឡុង ធាម អភិបាលស្រុកពញាក្រែក បានឲ្យដឹងថា កម្មវិធីប្រកាសទទួលស្គាល់អនុសាខាសមាគមនារី បានសម្តែងឲ្យឃើញពីកម្លាំងរបស់នារីក្នុងការចូលរួមចំណែកកសាងកម្លាំងនារីខ្លួនឯង បុព្វហេតុសង្គមជាតិ មូលដ្ឋាន និង សហគមន៍ផងដែរ។ លោក ក៏បានប្តេជ្ញាចិត្តគាំទ្រ សហការ និង ជំរុញឲ្យដំណើរការរបស់​អនុសាខាសមាគម​នារីស្រុក ឈានទៅមុខ និង ទទួលបានលទ្ធផលជោគ​ជ័យទៅតាមគោលការណ៍បានណែនាំ។

តមកលោកស្រី ទួន អ៊ាវ ប្រធានអនុសាខាសមាគមនារីស្រុក បានឡើងធ្វើការប្តេជ្ញាចិត្តខិតខំប្រឹងប្រែងធ្វើការងារ រួមសាមគ្គីផ្ទៃក្នុងជាធ្លុងមួយ អនុវត្តន៍នូវតួនាទី ភារៈកិច្ចឲ្យបានល្អ និងជោគជ័យ ព្រមទាំងអប់រំ ណែនាំដល់សមាជិការបស់សមាគមឲ្យមានសីលធម៌រស់នៅល្អ និង ដើរតាមគោលការណ៍ លក្ខន្តិកៈសមាគមនារីឲ្យបានខ្ជាប់ខ្ជួន។ មានប្រសាសន៍នាអង្គពិធីលោករដ្ឋមន្រ្តី ក៏បានសម្តែង​ការកោតសរសើរ និងអបអរសាទរ ចំពោះការរៀបចំឡើង​វិញសមាគមនេះ ទាំងថ្នាក់ស្រុក ថ្នាក់ឃុំ និងត្រូវបានដំណើរការជាបន្តបន្ទាប់ ក្រោមការខិតខំប្រឹងប្រែងរបស់ក្រុមការងារស្រ្តី ដើម្បីរួមចំណែក​កសាង​សមិទ្ធផលថ្មីៗ​ក្នុងមូលដ្ឋាននេះ ប្រកបដោយភាពជោគជ័យបន្ថែមទៀត។

លោករដ្ឋមន្រ្តី បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា បានផ្តោតការយកចិត្តទុកដាក់ជាប្រចាំចំពោះបញ្ហាស្រី្ត ដោយបានចាត់ទុកស្រ្តីជាឆ្អឹងខ្នង នៃសេដ្ឋកិច្ច និងសង្គមជាតិ ហើយបានចុះអនុសញ្ញា ស្តីពីការលុបបំបាត់រាល់ទម្រង់រើសអើងប្រឆាំងនឹងនារីភេទ ដែលទទួលស្គាល់សិទ្ធិពិសេស ០៦ យ៉ាង របស់ស្រ្តី រួមមាន ៖ ១. សិទ្ធិទទួលប្រាក់បំណាច់ស្មើនឹងបុរស ២. សិទ្ធិមានសមភាពខាងផ្លូវភេទ ៣. សិទ្ធិមានសមភាពរវាងប្តី ប្រពន្ធ ៤. សិទ្ធិទទួលកិច្ចការពារពីការកេងប្រវ័ញ្ច ៥. សិទ្ធិទទួលការឈប់សម្រាកពេលសម្រាលកូន ៦. សិទ្ធិរួចផុតពីទោសប្រហារជិវិតក្នុងពេលមានគក៌។

ជាមួយគ្នានេះ លោករដ្ឋមន្រ្តី ក៏បានសំណូមពរដល់បងប្អូននារីត្រូវចេះជួយខ្លួងឯង មានសាមគ្គីល្អសហការគ្នាបានល្អ ចេះអភិវឌ្ឍសមត្ថភាពរបស់ខ្លួន និងស្វែងយល់បន្ថែមទៀត ដើម្បីឆ្លើយតបនឹង​សង្វាក់វិវត្ត​នៃសង្គម និងបម្រើសេវាសាធារណៈជូនដល់ប្រជាពលរដ្ឋប្រកបដោយភាពទទួលខុសត្រូវខ្ពស់ ។ នៅក្នុងឱកាសប្រកាស​ទទួលស្គាល់​អនុសាខាសមា​គមនារី ជាផ្លូវការនេះ លោករដ្ឋមន្រ្តី បានឧបត្ថម្ភថវិកាចំនួន ៥លានរៀល សម្រាប់ទ្រទង់​សមាគមនេះ​ផងដែរ៕