(កំពង់ស្ពឺ)៖ លោកឧត្ដមសេនីយ៍ឯក ម៉ៅ សុផាន់ មេបញ្ជាការកងពលតូច ថ្មើរជើងលេខ៧០ បានបញ្ជាឲ្យនាយទាហាន​ដែលទទួលខុសត្រូវ ខាងផ្នែកផលិតទឹក និងដឹកទឹកចែក​ជូនប្រជាពលរដ្ឋនៅ​តាមផ្ទះ​ទាំងអស់ ត្រូវតែបន្ដខិតខំប្រឹងប្រែងឲ្យអស់ពីសមត្ថភាពបន្ថែមទៀត ដើម្បីដឹកទឹកចែកជូនប្រជាពលរដ្ឋ ដែលខ្វះខាតទឹកឲ្យបានគ្រប់ច្រកល្ហក ជារៀងរាល់ថ្ងៃតែម្ដង ដោយធ្វើយ៉ាង​ឲ្យប្រជាពលរដ្ឋ​ទទួលបានទឹកប្រើប្រាស់គ្រប់គ្រាន់តាមតម្រូវការ។

ជាក់ស្ដែងចាប់ពីថ្ងៃដែលប្រជាពលរដ្ឋ ទទួលរងនូវភាពរាំងស្ងួតដោយគ្រោះធម្មជាតិ រហូតមកទល់ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៦នេះ ខាងកងពលតូចថ្មើរជើងលេខ៧០ បានដឹកទឹកចែកជូន​ប្រជា​ពលរដ្ឋ បានទាំង១៥ភូមិ ក្នុងឃុំក្រាំងអំពិល និងបណ្ដាឃុំ ដែលនៅក្បែរស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ដែលកំពុងខ្វះខាតទឹកស្អាត និងទឹកប្រើប្រាស់កន្លងមកនេះ ឲ្យគាត់ទាំងអស់គ្នា ទទួលបានទឹក​គ្រប់គ្រាន់ទៅតាមត្រូវការជាចាំបាច់ ។

តាមការថ្លែងរបស់លោកឧត្ដមសេនីយ៍ឯក ម៉ៅ សុផាន់ បានឲ្យដឹងទៀតថា «នាយទាហានកងពលតូចថ្មើរជើងលេខ៧០ នឹងដឹកទឹកចែកជូនប្រជាពលរដ្ឋ បន្តរហូតទាល់តែមានភ្លៀងធ្លាក់ ហើយ​ប្រជាពល​រដ្ឋមានទឹកប្រើប្រាស់គ្រប់គ្រាន់ផងដែរ»

សូមជម្រាបថា សម្តេចតេជោ ហ៊ុន សែន តែងតែយកចិត្ដទុកដាក់ និងអំពាវនាឱ្យអង្គភាព រួមទាំងសម្បុរសជននានាទាំងអស់  ឱ្យបន្តចូលរួមក្នុងយុទ្ធនាការចែកទឹក ជូនប្រជាពលរដ្ឋ ដែលខ្វះទឹក​ប្រើប្រាស់ និងទទួលទាន រហូតដល់មានទឹកភ្លៀងគ្រប់គ្រាន់ឡើងវិញ ហើយសម្តេចក៏បានថ្លែងអំណរគុណ ដល់សប្បុរសជនទាំងអស់ ក៏ដូចជា កងពលតូចថ្មើរជើងលេខ៧០ ដែលបានចាប់ផ្ដើម​យុទ្ធការចែក​ទឹកមុនគេផងដែរ ដោយបានចូលរួមយ៉ាងសស្រាក់សស្រាំ នៅក្នុងយុទ្ធនាការចែកទឹកនេះ។ ជាងនេះទៅទៀត សម្តេចចាត់ទុកថា នេះគឺជាសមានចិត្តសិល្បៈ​នៃការចែករំលែក​គ្នាទៅវិញ​ទៅមក ជាពិសេសក្នុងស្ថានភាពលំបាកនេះ។

គួរបញ្ជាក់ថា កងពលតូច ថ្មើរជើងលេខ៧០ បាន​ដឹកទឹកជូនដល់ផ្ទះនៅគ្រួសារ ដែលគ្មានលទ្ធភាពមធ្យោបាយ​មកយកដល់​មណ្ឌល​ ព្រោះនៅឆ្ងាយ​ប្រមាណជាង ១១៧គ្រួសារ ពិសេស ក្នុង១ថ្ងៃ​មណ្ឌល​​សុខភាពមរត​សម្តេចកត្តិព្រឹទ្ធបណ្ឌិតប៊ុនរ៉ានី​ហ៊ុនសែន បានដឹកទឹកសុទ្ធចែកជូនបាន១៥០០លីត្រ និងប្រជាជនមកយកនៅមណ្ឌលសុខភាពផ្តល់ក្នុង១ថ្ងៃ ពី៥ពាន់ទៅ៦ពាន់លីត្រ ដូច្នេះរៀង​រាល់ថ្ងៃ​មណ្ឌលសុខភាព​អាចផលិតទឹកសុទ្ធបានជាង៧៥០០លីត្រ៕