(ភ្នំពេញ)៖ លោក កាំម៉ូលីកា អគ្គលេខាធិការរងសមាគមរោង​ចក្រកាត់ដេរនៅកម្ពុជា បានឲ្យដឹងថា របបធានារ៉ាប់​រងរបស់ បេឡាជាតិរបបសន្តិសុខសង្គម ដែលដាក់ឱ្យអនុវត្តនៅឆ្នាំ២០១៦នេះ គឺពិតជាមានសារសំខាន់ណាស់សម្រាប់ កម្មករ កម្មាការិនី នៅពេលដែលពួក​គាត់​មានបញ្ហាសុខភាព រឺមានគ្រោះថ្នាក់ជាយថា​ហេតុណាមួយកើតឡើង។

លោក កាំម៉ូលីកា អគ្គលេខាធិការរងសមាគមរោងចក្រកាត់ដេរនៅកម្ពុជាហៅកាត់ថា GMAC បានប្រាប់ឲ្យដឹងបែបនេះ នៅក្នុងសិក្ខាសាលាផ្សព្វផ្សាយស្តីពីដំណើរការអនុវត្ត របបសន្តិសុខសង្គមផ្នែក​ថែទាំសុខភាព​សម្រាប់កម្មករ និយោជិត នាថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៦ នៅសណ្ឋាគារភ្នំពេញ រាជធានីភ្នំពេញ។

លោកបានបញ្ជាក់ឲ្យដឹងថា «សិក្ខាសាលានេះ មានសារសំខាន់ណាស់ ដើម្បីផ្តល់នូវការការពារធានារ៉ាប់រងនៅពេលដែលគាត់មានគ្រោះថ្នាក់ រឺគាត់មានបញ្ហាសុខភាពមានជំងឺត្រូវចូល មន្ទីរពេទ្យ ចឹងប្រព័ន្ធនេះវាដូចជាអ្វី ដែលគេធ្លាប់ដើររាប់សិនឆ្នាំហើយនៅប្រទេសជិនលឿនដូចជានៅអឺរ៉ុប នៅអាមេរិក នៅជប៉ុន ។ ដូចនេះ សិក្ខាសាលា នៅថ្ងៃនេះ គឺអញ្ចើញម្ចាស់សហគ្រាស និយោជក និងស្ថាប័នពាក់ព័ន្ធទាំងអស់ ឲ្យចូលរួមស្តាប់ និងស្វែងយល់ទាំងអស់គ្នាពី ដំណើរការអនុវត្ត របបសន្តិសុខសង្គមផ្នែកថែទាំសុខភាព សម្រាប់កម្មករ និយោជិត»

លោក ជាវ ប៊ុនរិទ្ធ អ្នកនាំពាក្យបេឡាជាតិរបបសន្តិសុខសង្គម នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានឲ្យដឹងថា «​នៅពេលដែលកម្មករ កម្មាការិនី ទទួលបានសេវាកម្មបេឡា​ជាតិរបប​សន្តិសុខសង្គមលើការ «ធានារ៉ាប់រងសុខភាព» នឹង ងាយស្រួលជាងមុន ពីព្រោះពួកគាត់អាចស្វែងរកសេវាកម្មព្យាបាលជំងឺបានគ្រប់មន្ទីរពេទ្យរដ្ឋ និងឯកជន ហើយសម្រាប់ការចំណាយវិញ ក៏មិន​ចំនាយច្រើនដូចពេលមុន ក្រៅពីនោះពួកគាត់បានការ ព្យាបាលនៅពេលដែលគាត់មានជំងឺ ឬមួយមានបញ្ហាសុខភាពនិងទទួលបានអត្ថប្រយោជន៍តាមគោលរបបសន្តិសុខសង្គមដូចជា ឆ្លងទន្លេ សំរាកពីការងារ ទទួលបាននូវរបបឧបត្ថម្ភពីរបបសន្តិសុខសង្គម។

គួរបញ្ជាក់ថា កាលពីថ្ងៃទី០៦ ខែមករា ឆ្នាំ២០១៦ រាជរដ្ឋាភិបាលកម្ពុជា បានចេញអនុក្រឹត្យ មួយចុះ ស្តីពីការបង្កើត របប សន្តិសុខសង្គម ផ្នែកថែទាំសុខភាពសម្រាប់ជនទាំងឡាយ ដែលលស្ថិត​នៅក្រោមបទបញ្ញត្តិនៃច្បាប់ស្តីពីការងារ យោងតាមសំណើររបស់ក្រុមប្រឹក្សាភិបាល នៃបេឡាជាតិរបបសន្តិសុខសង្គម។

ក្រោយពីមានការសម្រេចបែបនេះ សង្កេតឃើញថា សមាគមរោងចក្រកាត់ដេរនៅកម្ពុជា និង បេឡាជាតិរបបសន្តិសុខសង្គម បានរួមសហការគ្នា ផ្សព្វផ្សាយព័ត៌មាន ស្តីពីដំណើរការអនុវត្ត របបសន្តិសុខសង្គមផ្នែកថែទាំសុខភាពសម្រាប់កម្មករ និយោជិត ឲ្យកាន់តែទូលំទូលាយបន្ថែមទៀត៕