(ភ្នំពេញ)៖ នៅល្ងាចថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២២នេះ លោកបណ្ឌិត អូស្មាន ហាស្សាន់ សមាជិកគណៈកម្មាធិការកណ្តាលរបស់គណបក្សប្រជាជនកម្ពុជា ជាបេសកជនពិសេសរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានគណៈចលនាសាសនិកឥស្លាមរបស់គណបក្សប្រជាជនកម្ពុជា បានអញ្ជើញជួបសំណេះសំណាលជាមួយសកម្មជន និងថ្នាក់ដឹកនាំគណៈចលនាសាសនិកឥស្លាមរបស់គណបក្សប្រជាជនកម្ពុជា រាជធានីភ្នំពេញ នៅវិមាន៧មករា។

ក្នុងឱកាសនោះ លោកបណ្ឌិត អូស្មាន ហាស្សាន់ បានលើកឡើងពីប្រវត្តិ នៃការបង្កើតគណៈកម្មការ គណៈចលនាសាសនិកឥស្លាមរបស់គណបក្សប្រជាជនកម្ពុជា ដោយក្នុងឆ្នាំ១៩៩៨ គណៈចលនានេះត្រូវបានបង្កើតឡើងដោយ គណបក្សប្រជាជនកម្ពុជា ដែលមានភារកិច្ចជាសេនាធិការឲ្យគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា ដើម្បីដឹកនាំការងារចលនាសាសនិកឥស្លាមទូទាំងប្រទេស ក្នុងការអនុវត្តការងារបោះឆ្នោតតាមផែនការរបស់គណបក្ស។

លោកបណ្ឌិត បានបន្តថា ក្រោយពីការបង្កើតគណៈកម្មការ គណៈចលនាសាសនិកឥស្លាមរបស់គណបក្សប្រជាជនកម្ពុជា, គណបក្សប្រជាជនកម្ពុជា ក៏បានអនុញ្ញាតឲ្យសហគមន៍ឥស្លាមកម្ពុជា ក្នុងការរៀបចំប្រព័ន្ធដឹកនាំ របស់សហគមន៍ឥស្លាម ពីថ្នាក់ជាតិរហូតដល់ថ្នាក់មូលដ្ឋាន។

បន្ថែមពីនេះ លោកបណ្ឌិត ក៏បានរំលឹកនូវសមិទ្ធផលដែលសហគមន៍ឥស្លាមកម្ពុជា ទទួលបានពីរាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន សហគមន៍ឥស្លាមទទួលបានសិទ្ធិពេញលេញក្នុងការរស់នៅ និងសិទ្ធិប្រតិបត្តិសាសនា។ លើសពីនោះទៀតនោះ សហគមន៍ឥស្លាមកម្ពុជា ក៏មានឱកាសចូលរួមបម្រើការងារជួររដ្ឋាភិបាល ចាប់ពីថ្នាក់ជាតិ រហូតដល់ថ្នាក់មូលដ្ឋានជាច្រើនរូប ហើយក្នុងឆ្នាំ ២០១៥ រដ្ឋាភិបាលក៏បានផ្តល់ជូន សហគមន៍ឥស្លាមកម្ពុជានូវគ្រូក្របខ័ណ្ឌរដ្ឋ ចំនួន១,៥០០នាក់ផងដែរ។

លោកបណ្ឌិត អូស្មាន ហាស្សាន់ ក៏បានរំលឹក និងថ្លែងអំណរគុណដល់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលថ្មីៗនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានស្នើរៀបចំឲ្យមានយ៉ាងហោចណាស់ អភិបាលរងស្រុក-ខណ្ឌ និងអភិបាលរងខេត្តម្នាក់ ដែលមានសម្ថភាព សម្រាប់មូលដ្ឋាន ដែលមានសាសនិកឥស្លាម រស់នៅច្រើន ដើម្បីភាពងាយស្រួលទំនាក់ទំនងក្នុងសហគមន៍ និងសុខដុមរមណីសាសនា។

លោក អូស្មាន ហាស្សាន់ ក៏បានអំពាវនាវដល់ប្រជាជនកម្ពុជាគ្រប់រូបឲ្យយល់ពីតំលៃសន្តិភាព និងរួមគ្នាថែរក្សាវាឲ្យបានល្អគង់វង្ស ព្រោះមានតែសន្តិភាពនេះ ដែលធ្វើឲ្យប្រទេសជាតិមានការអភិវឌ្ឍលើគ្រប់វិស័យ ហើយប្រជាជនក៏មានសិទ្ធិរស់ជួបជុំ ពូជពង្សវង្សត្រកូល និងសាច់ញាតិដោយភាពសប្បាយរីករាយ។

លោកបន្តថា មានតែគណបក្សប្រជាជនកម្ពុជាតែមួយគត់ ជាគណបក្សនយោបាយដែលតែងតែ គិតគូរដោះស្រាយរាល់កង្វល់របស់សហគមន៍ឥស្លាម និងជាគណបក្សដែលរួមសុខរួមទុក្ខជាមួយប្រជាពលរដ្ឋ ដោយមិនប្រកាន់ពូជសាសន៍ តាំងពីសម័យសង្គ្រាម រហូតដល់កម្ពុជាមានសុខសន្តិភាព និងការអភិវឌ្ឍន៍លើគ្រប់វិស័យដូចសព្វថ្ងៃនេះ ដោយកម្ពុជាជាប់ចំណាត់ថ្នាក់លេខប្រាំពីរ លើពិភពលោក ក្នុងនាមជាប្រទេសដែលមានការអភិវឌ្ឍលឿន។

លោកបណ្ឌិត អូស្មាន ហាស្សាន់ បានជំរុញលើកទឹកចិត្តជាមួយសកម្មជន និងថ្នាក់ដឹកនាំគណៈចលនាសាសនិកឥស្លាម រាជធានីភ្នំពេញ ឲ្យបន្តរក្សាសាមគ្គីភាព រក្សាកម្លាំងចាស់ បង្កើនកម្លាំងថ្មី បង្កើនសកម្មភាពផ្សព្វផ្សាយគោលនយោបាយ និងសមិទ្ធផលនានារបស់គណបក្ស ជំរុញការចូលរួម ឲ្យកាន់តែសកម្មក្នុងសហគមន៍ខ្មែរឥស្លាមទូទាំងរាជធានី ក្នុងការត្រៀមលក្ខណៈឲ្យបានគ្រប់គ្រាន់ សម្រាប់ការបោះឆ្នោតឃុំសង្កាត់ នាពេលខាងមុខ។

ជាពិសេសទៀតនោះ ជំរុញឲ្យប្រជាពលរដ្ឋដែលគ្រប់អាយុទៅបោះឆ្នោតឲ្យបានគ្រប់ៗគ្នា ដោយលោកបានសង្កត់ធ្ងន់ថា ពលរដ្ឋមួយរូប គឺជាសន្លឹកឆ្នោតមួយសន្លឹក ដើម្បីសម្រេចជោគវាសនាប្រទេសជាតិ៕