(ភ្នំពេញ)៖ លោក កឹម សុខា អតីតប្រធាន នៃអតីតគណបក្សសង្រ្គោះជាតិ នៅយប់ថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២២នេះ បានផ្ញើសារជូនសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ដោយចូលរួមរំលែកទុក្ខចំពោះមរណភាព លោក ហ៊ុន ណេង ដែលជាបងប្រុសបង្កើតរបស់សម្តេចតេជោ។

តាមរយៈសារចូលរួមរំលែកទុកនេះ លោក កឹម សុខា បានលើកឡើងថា៖ «ខ្ញុំនិងភរិយា មានសេចក្តីសោកស្តាយក្រៃលែង ដោយបានទទួលដំណឹងថា ឯកឧត្តម ហ៊ុន ណេង ជាបងប្រុសរបស់សម្តេចតេជោ បានទទួលមរណភាពដោយជំងឺគាំងបេះដូង នៅរសៀលថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២២នេះ ក្នុងជន្មាយុ៧២ឆ្នាំ»។

លោក កឹម សុខា បានបញ្ជាក់បន្ថែមថា៖ «ក្នុងឱកាសដ៏ក្រៀមក្រមបំផុតនេះ ខ្ញុំនិងភរិយា សូមចូលរួមរំលែកមរណៈទុក្ខដ៏ធំធេងជាមួយសម្តេចតេជោ និងក្រុមគ្រួសារ និងសូមឧទ្ទិសបួងសួងសូមឲ្យដួងវិញ្ញាណក្ខន្ធ ឯកឧត្តមហ៊ុន ណេង បានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ»។

សូមបញ្ជាក់ថា ព្រឹទ្ធាចារ្យ ហ៊ុន ណេង សមាជិកអចិន្រ្តៃយ៍គណបក្សប្រជាជនកម្ពុជា, ប្រធានគណៈកម្មការទី៤ រដ្ឋសភា និងជាតំណាងរាស្រ្តមណ្ឌលខេត្តកំពង់ចាម ដែលបងប្រុសរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានទទួលមរណភាព ដោយជំងឺបេះដូង នៅរសៀលថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២២នេះ ក្នុងជន្មាយុ៧២ឆ្នាំ។

សពរបស់ លោក ហ៊ុន ណេង បានតម្កល់ធ្វើបុណ្យនៅគេហដ្ឋានភូមិទី៧ សង្កាត់កំពង់ចាម ក្រុងកំពង់ចាម ខេត្តកំពង់ចាម ទៅតាមប្រពៃណីព្រះពុទ្ធសាសនា ហើយនៅថ្ងៃចន្ទ ៩កើត ខែពិសាខ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២២ សពលោក ហ៊ុន ណេង នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តសុវណ្ណគិរីរតនៈ ភ្នំប្រុស ភូមិត្រពាំងចារ ឃុំក្រឡា ស្រុកកំពង់សៀម ខេត្តកំពង់ចាម៕