(កំពង់ធំ)៖ លោក ងួន រតនៈ ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ធំ បានអញ្ជើញជួបសំណេះសំណាលជាមួយភ្នាក់ងារគណបក្សប្រជាជនកម្ពុជា ចំនួន១៨០នាក់ មកពីតាមបណ្ដាសង្កាត់ទាំង៨ ក្នុងក្រុងស្ទឹងសែន នារសៀលថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២២។

លោក ងួន រតនៈ បានថ្លែងអំណរគុណក្មួយៗ បងៗ ទាំងអស់ ធ្វើជាភ្នាក់ងារសង្កេតការណ៍គណបក្សប្រជាជនកម្ពុជាសង្កាត់ ដែលបានចំណាយពេលវេលាផ្ទាល់ខ្លួនក្នុងការជួយបំពេញយន្តការច្បាប់ នៃការបោះឆ្នោតនាពេលខាងមុខនេះ។

លើសពីនេះទៀតលោកប្រធាន បានជំរុញដល់សមាជិកសមាជិកានៃគណបក្ស សូមខិតខំចុះតាមខ្នងផ្ទះ ដើម្បីធ្វើការឃោសនាអំពីគោលនយោបាយ និងសមិទ្ធផលនានារបស់គណបក្ស ព្រមទាំងកៀងគរមិត្តភក្តិក៏ដូចជាសាច់ញាតិ ក្រុមគ្រួសារ គាំទ្រគណបក្សប្រជាជន ធ្វើយ៉ាងណាឲ្យសមាជិកម្នាក់ក្លាយជាសន្លឹកឆ្នោតមួយសន្លឹកពិតប្រាកដ ហើយទៅចូលរួមបោះឆ្នោតឲ្យបានគ្រប់ៗគ្នា។

លោកបន្ថែមទៀតថា គណបក្សប្រជាជនកម្ពុជា គឺជាគណបក្សចាស់ទុំ មានវ័យចំណាស់ជាងគេ និងបទពិសោធន៍គ្រប់គ្រាន់ក្នុងការគ្រប់គ្រង និងអភិវឌ្ឍប្រទេសជាតិមានការរីកចម្រើនលើគ្រប់វិស័យ។

ចុងបញ្ចប់លោក ងួន រតនៈ ក៏បានអំពាវនាវដល់ក្រុមការងារទាំងអស់សូមបង្កើនកត្តាសាមគ្គីភាព ឯកភាពផ្ទៃក្នុងឱ្យស្អិតរមួតជាធ្លុងមួយដើម្បីធ្វើយ៉ាងណានាំសមាជិកគណបក្សទៅបោះឆ្នោត ឲ្យបានច្រើនគ្រប់ៗគ្នាហើយការ បោះឆ្នោតគ្មាន អំពើហិង្សា ការបោះឆ្នោតដោយរលូនប្រកបដោយយុត្តិធម៌ ត្រឹមត្រូវ ដោយមានការវាយតម្លៃទទួលស្គាល់ពីមជ្ឈដ្ឋានជាតិនិងអន្តរជាតិ៕