(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២២ លោក ឌី រ័ត្នខេមរុណ អនុប្រធានទី១ ក្រុមការងារចុះជួយសង្កាត់បឹងទំពន់ទី១ ខណ្ឌមានជ័យ នៃគណបក្សប្រជាជនកម្ពុជា (CPP) បានចុះជួបសំណេះសំណាលជាមួយ សមាជិក សមាជិកា គណបក្សប្រជាជនកម្ពុជា ចំនួន ១១១នាក់ ស្ថិតនៅភូមិសន្សំកុសល៤ សង្កាត់បឹងទំពន់ទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

ក្នុងពិធីជួបសំណេះសំណាលនេះដែរ លោក ឌី រ័ត្នខេមរុណ បានមានមតិស្វាគមន៍ និងបានសំណេះសំណាល ក៏ដូចជាការផ្តាំផ្ញើសួរសុខទុក្ខ ពីសំណាក់ថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា ជាពិសេសសម្តេចតេជោ ហ៊ុន សែន ជូនដល់សមាជិក សមាជិកា ទាំងអស់ដែលបានចូលរួមក្នុងពិធីសំណេះ សំណាលនាពេលព្រឹកនេះ ។

បន្ទាប់មក លោក ឌី រ័ត្នខេមរុណ បានលើកឡើងពីវឌ្ឍនភាព ការអភិវឌ្ឍ សន្តិភាព និងសមិទ្ធផលជាច្រើនក្នុងមូលដ្ឋាន ដែលកំពុងទទួលបាននាពេលបច្ចុប្បន្ន និងសមិទ្ធិផលជាច្រើនទៀត ដែលបានមកពីការខិតខំប្រឹងប្រែង របស់រាជរដ្ឋាភិបាលកម្ពុជាសព្វថ្ងៃដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំប្រកបដោយគតិបណ្ឌិត និងមានចក្ខុវិស័យវែងឆ្ងាយក្នុងការគិតគូប្រទេសជាតិ និងជួយសង្រ្គោះ អាយុជីវិត ប្រជាជនកម្ពុជាតាំងពីដើមរៀងមក ។

លោកបានបញ្ជាក់បន្ថែមថា «គ្រប់សមាជិក សមាជិកាគណបក្សទាំងអស់ ត្រូវប្តេជ្ញាចិត្ត ចូលរួមថែរក្សា សុខសន្តិភាព ស្ថិរភាព វិបុលភាព និងការអភិវឌ្ឍ ឲ្យស្ថិតស្ថេរគង់វង្សជារៀងរហូត ទើបយើងអាចបន្តជួបជុំក្រុមគ្រួសារ និងបន្តមើលឃើញពីការអភិវឌ្ឍគ្រប់វិស័យរបស់គណបក្សប្រជាជនយើងទៀតនិង សូមប្រឆាំងដាច់ខាតរាល់ឧបាយកលជនទុច្ចរិតរបស់ពួកអគតិមួយចំនួនដែលមានបំណងបំផ្លាញសុខសន្តិភាព»

ម្យ៉ាងវិញទៀត លោក ឌី រ័ត្នខេមរុណ បានណែនាំដល់ក្រុមការងារសង្កាត់ឲ្យត្រៀមបង្កលក្ខណៈងាយស្រួល ជូនប្រជាពលរដ្ឋ នៅរាល់លិខិតស្នាមឯកសារផ្សេងៗ ដែលតំរូវឲ្យចូលរួមបោះឆ្នោត និង ណែនាំឲ្យសមាជិកបក្ស ត្រៀមខ្លួន និងត្រៀមលក្ខណៈឲ្យបានគ្រប់គ្រាន់ សម្រាប់ការចូលរួមក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាសង្កាត់អាណត្តិទី៥ នាថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២២ ខាងមុខនេះដែលជិតចូលមកដល់ ។

ក្រោយពិធីសំណេះសំណាលនេះរួចមក លោក ឌី រ័ត្នខេមរុណ បាននាំយកថវិកាក្រុមការងារផ្តល់ជូនសមាជិក សមាជិកាគណបក្សចំនួន ១១១នាក់ ដោយក្នុង១ម្នាក់ ២០,០០០ រៀលផងដែរ ៕