(ភ្នំពេញ)៖ លោក Ivan Velimir Starčević ឯកអគ្គរាជទូតតែងតាំងថ្មី នៃសាធារណរដ្ឋក្រូអាស៊ីប្រចាំព្រះរាជាណាចក្រកម្ពុជា បានកត់សម្គាល់ឃើញថា ប្រទេសកម្ពុជាមានការផ្លាស់ប្តូរ និងរីកចម្រើន លើគ្រប់វិស័យយ៉ាងឆាប់រហ័ស។ លោកមានជំនឿជឿជាក់ថា ទំនាក់ទំនង មិត្តភាព និងកិច្ចសហប្រតិ- បត្តិការរវាងប្រទេសទាំងពីរនឹងកានតែរីកចម្រើនថែមទៀត។

ការលើកឡើងរបស់អគ្គរាជទូតរូបនេះ បានធ្វើឡើងក្នុងឱកាសដែលលោកបានចូលជួបសម្តែងការគួរសមជាមួយ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃព្រហស្បតិ៍ ទី០៥ ខែឧសភា ឆ្នាំ២០២២ នៅវិមានព្រឹទ្ធសភា។

ក្នុងឱកាសនោះ លោក Ivan Velimir Starčević បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ សម្តេចប្រធានព្រឹទ្ធសភា ដែលបានចំណាយពេលដ៏មានតម្លៃទទួលជួបលោកនាពេលនេះ។ លោកបានរំលឹកអំពីជំនួបជាប្រវត្តិសាស្រ្តរវាងអតីតថ្នាក់ដឹកនាំនៃសាធារណរដ្ឋក្រូអាស៊ី និងព្រះករុណាព្រះបាទ សម្តេចព្រះ នរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ ដែលបានរួមចំណែកដ៏សំខាន់ ដើម្បីបង្កើត និងរឹត ចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរតាំងពីទសវត្សទី៥០។

តាមរយៈបេកសកកម្មការទូតរបស់លោកនៅព្រះរាជាណាចក្រកម្ពុជា លោកឯកអគ្គរាជទូត ត្រៀមខ្លួនជាស្រេចដើម្បីខិតខំប្រឹងប្រែង អស់ពីកម្លាំងកាយចិត្តក្នុងការពង្រឹងពង្រីកទំនាក់ទំនង និងកិច្ច សហប្រតិបត្តិការរវាងប្រទេសទាំងពីរបន្ថែមទៀត។

ក្នុងនាមព្រឹទ្ធសភា និងសម្តេចផ្ទាល់ សម្តេចប្រធានព្រឹទ្ធសភាបានស្វាគមន៍ និងអបអរសាទរចំពោះ លោក Ivan Velimir Starčević ដែលត្រូវបានតែងតាំងជាឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋក្រូអាស៊ីប្រចាំព្រះរាជាណាចក្រកម្ពុជា។

សម្តេចប្រធានព្រឹទ្ធសភាមានជំនឿជាក់ថា ក្នុងអាណត្តិបេសកកម្មការទូតរបស់លោកអគ្គរាជទូតនៅកម្ពុជា លោកនឹងខិតខំបន្តលើកកម្ពស់ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ឱ្យកាន់តែល្អប្រសើរជាងទៀត ដើម្បីជាគុណប្រយោជន៍សម្រាប់ប្រជាជនកម្ពុជា និងប្រជាជនក្រូអាស៊ី ទាំង ពេលបច្ចុប្បន្ន និងពេលអនាគត។

ក្នុងនាមព្រឹទ្ធសភា សម្តេចប្រធានព្រឹទ្ធសភាបានត្រៀមខ្លួនជានិច្ច ដើម្បីធ្វើកិច្ចសហប្រតិបត្តិការដ៏ ជិតស្និទជាមួយនឹង លោកឯកអគ្គរាជទូត ដើម្បីរួមចំណែកពង្រឹងពង្រីកចំណងមិត្តភាព និងកិច្ចសហប្រតិ- បត្តិការនាំមកនូវផលប្រយោជន៍ទៅវិញទៅមកជូនប្រជាជន និងប្រទេសទាំងពីរ។

សម្តេចប្រធានព្រឹទ្ធសភាបានប្រសិទ្ធពរជូន លោកឯកអគ្គរាជទូត មានសុខភាពល្អបរិបូរណ៍ និង ទទួលបានជោគជ័យចំពោះបេសកកម្មការទូតរបស់លោក៕