(ឧត្តរមានជ័យ)៖ ច្រកទ្វារអន្តរជាតិអូរស្មាច់ ស្ថិតក្នុងសង្កាត់អូរស្មាច់ ក្រុងសំរោង ខេត្តឧត្តរមានជ័យ នឹងបើកដំណើរការឲ្យប្រជាពលរដ្ឋបានធ្វើដំណើរឆ្លងកាត់ឡើងវិញ នៅព្រឹកថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២២ វេលាម៉ោង១០៖៣០នាទី ស្អែកនេះតទៅ បន្ទាប់ពីជំនួបពិភាក្សាគ្នារវាងអភិបាលខេត្តឧត្តរមានជ័យ និងអភិបាលខេត្តសុរិន្ទ ប្រទេសថៃ នៅរសៀលថ្ងៃទី៥ ខែឧសភានេះ។

នៅក្នុងជំនួបពិភាក្សានារសៀលថ្ងៃនេះ ភាគីកម្ពុជាដឹកនាំដោយលោក ប៉ែន កុសល្យ អភិបាលខេត្តឧត្តរមានជ័យ និងមន្ត្រីពាក់ព័ន្ធជាច្រើនរូបទៀត ចំណែកភាគីថៃដឹកនាំដោយលោក សុវ៉ះផុង គិទិផាត់ភិប៊ូន អភិបាលខេត្តសុរិន្ទ និងមន្ត្រីពាក់ព័ន្ធជាច្រើនរូបទៀត។ នៅក្នុងជំនួបពិភាក្សានាឱកាសនេះ ភាគីទាំង២ បានធ្វើការឯកភាពគ្នា នឹងបើកដំណើរការច្រកអន្តរជាតិអូរស្មាច់ឡើងវិញ ចាប់ពីម៉ោង ១០៖៣០នាទីព្រឹកស្អែកនេះតទៅ។

ការបើកដំណើរការចេញចូលច្រកអន្តរជាតិអូរស្មាច់ឡើងវិញនេះ ភាគីថៃតម្រូវឱ្យប្រជាពលរដ្ឋដែលធ្វើដំណើរទៅកាន់ប្រទេសថៃ ចំពោះអ្នកកាន់កាន់លិខិតឆ្លងដែន (ប៉ាស្ព័រ) តម្រូវឱ្យមានលិខិតថៃឡង់ផាស (Thailand Pass) បណ្ណធានារ៉ាប់រងសុខភាព និងបណ្ណចាក់វ៉ាក់សាំងគ្រប់ដូសត្រឹមត្រូវ អាចដើរពេញប្រទេសថៃ ចំណែកប្រជាពលរដ្ឋដែលប្រើបណ្ណព្រំដែន (Border Pass) អាចស្នាក់ប្រទេសថៃបានចំនួន៣ថ្ងៃ និងមានបណ្ណចាក់វ៉ាក់សាំងគ្រប់ដូសផងដែរ។

ជាមួយគ្នានេះលោក ប៉ែន កុសល្យ ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋរស់នៅខេត្តឧត្តរមានជ័យ ដែលមិនមានបណ្ណព្រំដែន (Border Pass) អាចទំនាក់ទំនងធ្វើនៅស្នាក់ការត្រួតពិនិត្យច្រកព្រំដែនអូរស្មាច់បាន ចៀសវាងកុំឱ្យចំណាយពេលវេលាទៅធ្វើនៅច្រកចេញចូលតែមួយសាលាខេត្តឧត្តរមានជ័យ៕