(បាងកក)៖ បណ្ដាក្រុមហ៊ុនទេសចរណ៍មួយចំនួននៅកម្ពុជា រួមជាមួយសមាគមទេសចរណ៍អាស៉ីប៉ាស៉ីហ្វិក (PATA-CC) បានចូលរួមផ្សព្វផ្សាយអំពីកញ្ចប់ទស្សនកិច្ចទេសចរណ៍នៅកម្ពុជាទៅដល់ដៃគូអន្តរជាតិនានានៅប្រទេសថៃ ក្រោមការរំពឹងទុកថានឹងទទួលភ្ញៀវទេសចរបន្ថែមពីប្រទេសថៃ ក៏ដូចជាវៀតណាម។

ជំនួបដៃគូសហប្រតិបត្តិការនេះធ្វើឡើងក្នុងសន្និសីទស្ដីពីកិច្ចសហប្រតិបត្តិការច្រករបៀងសេដ្ឋកិច្ចកម្ពុជា-វៀតណាម-ថៃ Cambodia Vietnam Thailand Economic Corridor (CVTEC) នៅទីក្រុងបាងកកង ប្រទេសថៃ ដែលមានរយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី៥-៦ ខែឧសភា ឆ្នាំ២០២២។

អ្នកនាង ហូ សុធា តំណាងក្រុមហ៊ុនធូរវើលដ៍ ត្រាវែល (ខេមបូឌា) បានឱ្យដឹងថា បន្ទាប់ពីភាគីកម្ពុជា-ថៃបានបើកច្រកព្រំដែនឡើងវិញ ក្រុមហ៊ុនរបស់អ្នកនាងបានសម្លឹងឃើញឱកាសនៃការជំរុញចរន្តភ្ញៀវទេសចរអន្តរជាតិពីប្រទេសទៅកាន់ប្រទេសកម្ពុជា ដូច្នេះហើយទើបក្រុមហ៊ុនធូរវើលដ៍ ត្រាវែល (ខេមបូឌា) ធ្វើដំណើរមកចូលរួមជាមួយសន្និសីទ CVTEC នៅទីក្រុងបាងកកនេះ។ អ្នកនាងបន្តថា ការជួបប្រជុំគ្នាដោយផ្ទាល់នេះ គឺពិតជាសំខាន់ខ្លាំងណាស់សម្រាប់ការពិភាក្សាជាមួយដៃគូសហការ។

ជាការរំពឹងទុករបស់អ្នកនាង សុធា គឺចង់ស្វែងរកដៃគូសហការដែលជឿទុកចិត្តបានក្នុងការផ្លាស់ប្ដូរទេសចរណ៍គ្នាទៅវិញទៅមក ពិសេសគឺរកបាននូវការដៃគូដែលអាចនាំភ្ញៀវទេសចរមកទស្សនាកម្សាន្តនៅកម្ពុជា។ មិនត្រឹមតែដើម្បីគោលបំណងនេះប៉ុណ្ណោះទេ ក្រុមហ៊ុនរបស់អ្នកនាង ហូ សុធា ក៏ចង់ដឹងអំពីផលិតផលទេសចរណ៍នៅប្រទេសថៃ ដើម្បីធ្វើទំនាក់ទំនងនាំភ្ញៀវពីកម្ពុជាទៅទស្សនាប្រទេសថៃផងដែរ។

លោក វន្នី ពីទទ័រណាត់ តំណាងក្រុមហ៊ុនអេស អរ អង្គរទេសចរណ៍ បានថ្លែងដែរថា ការមកចូលរួមក្នុងសន្និសីទនេះ គឺដើម្បីធ្វើទំនាក់ទំនងជាមួយដៃគូនៅប្រទេសថៃ ក៏ដូចជាវៀតណាម ដើម្បីទាក់ទាញភ្ញៀវទេសចរអន្តរជាតិ ពិសេសភ្ញៀវទេសចរពីខាងថៃ វៀតណាម និងបណ្ដាប្រទេសផ្សេងឱ្យទៅទស្សនាកម្ពុជា។

បើតាមលោក ពីទទ័រណាត់ អ្វីដែលជាការពេញនិយមសម្រាប់ភ្ញៀវទេសចរអន្តរជាតិ ច្បាស់ណាស់គឺប្រាសាទអង្គរវត្ត តំបន់ឆ្នេរសមុទ្រ តំបន់អេកូទេសចរណ៍ជាដើម។ ក្រៅពីនេះការអភិវឌ្ឍនៅខេត្តព្រះសីហនុ ភ្នំបូកគោ ខេត្តកោះកុង ក៏ជាចំណុចគួរជាទីទាក់ទាញកាន់តែខ្លាំងថែមទៀតផងដែរ។

លោក យ៉ា ធី តំណាងក្រុមហ៊ុនទេសចរណ៍ Aveera Travel ការធ្វើដំណើរតាមជើងហោះហើរ គឺមានការបន្ធូរបន្ថយច្រើន ដែលបង្កលក្ខណៈងាយស្រួលដល់ការធ្វើដំណើររបស់ភ្ញៀវទេសចរ ក៏ដូចជាធុរជននានា។ លោកថានៅពេលលោកធ្វើដំណើរពីភ្នំពេញមកបាងកកនេះ គឺមិនមានការតម្រូវឱ្យធ្វើតេស្ត PCR នោះឡើយ។ សម្រាប់ភ្ញៀវទេសចរដែលចូលមកប្រទេសកម្ពុជា គឺពិតជាមានការបើកទូលាយមែនទែន។

លោក យ៉ា ធី មានក្ដីរំពឹងទុកថានឹងមានភ្ញៀវទេសចរអន្តរជាតិមកទស្សនាប្រទេសកម្ពុជាច្រើនឡើងវិញ។ សម្រាប់ក្រុមហ៊ុន Aveera Travel របស់លោក គឺបានរៀបចំកញ្ចប់ទស្សនកិច្ចទេសចរណ៍រួចរាល់ហើយ ដើម្បីត្រៀមទទួលភ្ញៀវទេសចរអន្តរជាតិបន្ទាប់ពីជំនួបរវាងដៃគូកម្ពុជា-វៀតណាម-ថៃ CVTEC នេះ។

លោក ធួន ស៉ីណាន ប្រធានសមាគម PATA-CC បានលើកឡើងថា ក្នុងបរិបទកូ វីដនេះ មានតែមធ្យោបាយរួមគ្នាជំរុញទេសចរពីម្ខាងទៅម្ខាង ឬពីប្រទេសមួយទៅប្រទេសនោះទេ ទើបជាជំហានដំបូងនៃការស្ដារវិស័យទេសចរណ៍ជាតិឡើងវិញ។

បើតាមលោក ធួន ស៉ីណាន «ខេត្តចាប់ព្រំដែនថៃនិងវៀតណាម គឺជាចំណុចចាប់ផ្ដើមមុនគេបង្អស់ ដូច្នេះហើយបានជាសមាគម PATA ព្យាយាមធ្វើទំនាក់ទំនងជាមួយប្រទេសជិតខាង ព្យាយាមកៀរគរក្រុមហ៊ុនទេសចរណ៍កម្ពុជា ថៃ និងវៀតណាមឱ្យបានជួបគ្នាដោយផ្ទាល់ ដើម្បីផ្គូរផ្គងរកដៃគូសហការនាំភ្ញៀវ-ទទួលភ្ញៀវទេសចរពីគ្នាទៅវិញទៅមក»

គោលដៅទេសចរណ៍ដែលត្រូវលើកយកមកផ្សព្វផ្សាយរួមគ្នារវាងកម្ពុជា វៀតណាម និងថៃ នាសន្និសីទ CVTEC នេះ រួមមាន ជលបុរី (Chonburi) រយ៉ង់ (Rayong) ចន្ទបុរី (Chanthaburi) ខេត្តត្រាត (Trat) កំពត កែប ព្រះសីហនុ កោះកុង ហាទៀង (Ha Tien) គៀងយ៉ាង (Kien Giang) និងកាន់ថឺ (Can Tho)។

សូមជម្រាបថា រដ្ឋាភិបាលថៃបានសម្រេចបើកច្រកព្រំដែនជាមួយកម្ពុជា កាលពីថ្ងៃទី១ ខែឧសភា ឆ្នាំ២០២២ ខណៈបែបបទនៃការធ្វើដំណើរក៏ត្រូវបានបន្ធូរបន្ធយជាងមុន ដូច្នេះហើយទើបអ្នកពាក់ព័ន្ធក្នុងវិស័យទេសចរណ៍ខិតខំចាប់យកឱកាសនេះ ដើម្បីជំរុញឱ្យមានចរន្តទេសចរ និងស្ដារអាជីវកម្មទេសចរណ៍ឡើងវិញ៕