(ភ្នំពេញ)៖ គណៈប្រតិភូនៃក្រុមប្រឹក្សាធុរកិច្ចអាស៊ាន-សហរដ្ឋអាមេរិក (USA-ASEAN Business Council “US-ABC”) បានស្នើឲ្យរាជរដ្ឋាភិបាលកម្ពុជា ផ្តោតការយកចិត្តទុកដាក់លើចំណុចមួយចំនួន សំដៅលើកកម្ពស់បរិយាកាសវិនិយោគ ក្នុងប្រទេសកម្ពុជា និងសម្រេចបាននូវការស្តារសេដ្ឋកិច្ច ប្រកបដោយចីរភាព និងបរិយាបន្ន។

ចំណុងសំខាន់ទាំង៦ ដែលក្រុមប្រឹក្សាធុរកិច្ចអាស៊ាន-សហរដ្ឋអាមេរិក ស្នើសុំរួមមាន៖ ១. អនុវត្តគោលនយោបាយ កាត់បន្ថយការប្រើប្រាស់រថយន្ដ ដែលបានប្រើប្រាស់រួច ក្នុងគោលដៅកាត់បន្ថយផលប៉ះពាល់ទៅលើបរិស្ថាន និងលើកកម្ពស់វិស័យឧស្សាហកម្ម ផលិតរថយន្តក្នុងប្រទេសកម្ពុជា, ២. ជំរុញការកសាងសមត្ថភាព របស់សហគ្រាសធុនតូច និងមធ្យម, ៣. អភិវឌ្ឍជំនាញបច្ចេកវិទ្យា និងការទូទាត់ឌីជីថល ដើម្បីគាំទ្រដល់សេដ្ឋកិច្ចឌីជីថល, ៤. ពង្រឹងប្រសិទ្ធភាពនៃការប្រមូលពន្ធ, ៥. ធានានូវការផ្តល់ហិរញ្ញប្បទាន និងវិនិយោគគ្រប់គ្រាន់សម្រាប់វិស័យសុខាភិបាល និង៦. ជំរុញការធ្វើអន្តរកាលថាមពល សម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព។

ការស្នើនេះធ្វើឡើងក្នុងឱកាសគណៈប្រតិភូ នៃក្រុមប្រឹក្សាធុរកិច្ចអាស៊ាន-សហរដ្ឋអាមេរិក (USA-ASEAN Business Council “US-ABC”) ដឹកនាំដោយលោក Amb. Michael Michalak អនុប្រធានជាន់ខ្ពស់ និងនាយកគ្រប់គ្រងតំបន់នៃក្រុមប្រឹក្សាធុរកិច្ចអាស៊ាន-សហរដ្ឋអាមេរិក និងលោក W.Patrick Murphy ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំនៅប្រទេសកម្ពុជា រួមជាមួយតំណាងក្រុមហ៊ុនធំៗរបស់សហរដ្ឋអាមេរិកចំនួន១៣ រួមមាន៖ 3M, Abbott, Chevron, Amazon, Conoco Phillips, ExxonMobil, Ford, Meta, Visa, Pernod Ricard, Philip Morris, RMS Group និង Roche ចូលជួប និងពិភាក្សាការងារជាមួយអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២២។

អគ្គបណ្ឌិតសភាចារ្យឧបនាយករដ្ឋមន្រ្តី បានសម្តែងការស្វាគមន៍យ៉ាងកក់ក្តៅ និងថ្លែងអំណរគុណ ចំពោះក្រុមប្រឹក្សាធុរកិច្ចអាស៊ាន-សហរដ្ឋអាមេរិក (US-ABC) ដែលបានបំពេញតួនាទីយ៉ាងសកម្ម ក្នុងការសម្របសម្រួល និងពង្រឹងកិច្ចសហប្រតិបត្តិការ រវាងវិស័យសាធារណៈ និងឯកជន នៃតំបន់អាស៊ាន និងសហរដ្ឋអាមេរិក ជាពិសេសការគាំទ្រ និងចូលរួមផ្តល់នូវអនុសាសន៍សំខាន់ៗ ក្នុងកិច្ចប្រជុំរដ្ឋមន្រ្តីហិរញ្ញវត្ថុ និងទេសាភិបាលធនាគារកណ្តាលអាស៊ាន (ASEAN Finance Ministers' and Central Bank Governors' Meeting “AFMGM”) ដែលរៀបចំដោយក្រសួងសេដ្ឋកិច្ច និងហិញ្ញវត្ថុ និងធនាគារ-ជាតិនៃកម្ពុជា កាលពីថ្ងៃទី ៨ ខែមេសា ឆ្នាំ២០២២ កន្លងទៅនេះ។

ធាតុចូលពីវិស័យឯកជន គឺជាវិភាគទាន និងធាតុចូលដ៏សំខាន់សម្រាប់ការអនុវត្តគោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុក្នុងតំបន់ សំដៅធ្វើឱ្យប្រសើរឡើងនូវបរិយាកាសធុរកិច្ច និង វិនិយោគក្នុងតំបន់អាស៊ាន។ សហរដ្ឋអាមេរិក គឺជាដៃគូពាណិជ្ជកម្ម និងវិនិយោគដ៏សំខាន់របស់កម្ពុជា ដោយតម្លៃពាណិជ្ជកម្មសរុបរវាងប្រទេសទាំងពីរមានចំនួនសរុបប្រមាណ ៧.៩ ពាន់លានដុល្លារ និងវិនិយោគពីសហរដ្ឋអាមេរិកមកកម្ពុជាបានកើនដល់ ៨៦៣ លានដុល្លារ ក្នុងឆ្នាំ២០២១។

លោក Amb. Michael Michalak អនុប្រធានជាន់ខ្ពស់ និងជានាយកគ្រប់គ្រងតំបន់នៃ US-ABC បាន សម្តែងនូវការអបអរ ចំពោះជោគជ័យនៃការរៀបចំកិច្ចប្រជុំ AFMGM របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងធនាគារជាតិនៃកម្ពុជា ដែលបានអនុញ្ញាតឱ្យដៃគូពាក់ព័ន្ធ ជាពិសេស វិស័យឯកជនផ្លាស់ប្តូរយោបល់ និងទស្សនវិស័យជុំវិញឱកាស និងបញ្ហាប្រឈមនានា សំដៅឈានទៅសម្រេចបាននូវការកសាងភាពធន់នៃសេដ្ឋកិច្ច និងហិរញ្ញវត្ថុនៅក្នុងតំបន់អាស៊ាន។

US-ABC ក៏បានវាយតម្លៃខ្ពស់ ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការអនុវត្តគោលនយោបាយ ក្នុងការគ្រប់គ្រងផលប៉ះពាល់ពីជំងឺកូវីដ-១៩ ជាពិសេស ការសម្រេចបាននូវការចាក់វ៉ាក់សាំង ជូនប្រជាជនទូទាំងប្រទេសបានប្រមាណ ៩០% និងបានឈានដល់ការបើកដំណើរការ សកម្មភាពសេដ្ឋកិច្ចបានពេញលេញនាពេលបច្ចុប្បន្ន។

អគ្គបណ្ឌិតសភាចារ្យឧបនាយករដ្ឋមន្រ្តី បានគូសបញ្ជាក់អំពីស្មារតីបុរេសកម្មរបស់រាជរដ្ឋាភិបាល កម្ពុជា ក្នុងការលើកកម្ពស់ការចូលរួម របស់វិស័យឯកជនក្នុងការស្ដារ និងជំរុញកំណើនសេដ្ឋកិច្ចជាតិ តាមរយៈការជំរុញការអនុវត្តគោលនយោបាយសំខាន់ៗ ដែលបានដាក់ចេញកន្លងមក រួមមាន៖ «ក្របខណ្ឌគោលនយោបាយសេដ្ឋកិច្ច និងសង្គមឌីជីថលកម្ពុជា ២០២១-២០៣៥», «ក្របខណ្ឌយុទ្ធសាស្រ្ត និងកម្មវិធីស្តារ និងជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា ក្នុងការរស់នៅជាមួយកូវីដ-១៩ តាមគន្លងប្រក្រតីភាពថ្មី សម្រាប់ឆ្នាំ ២០២១-២០២៣», «ច្បាប់ស្តីពីវិនិយោគថ្មី», «ច្បាប់ស្តីពីភាពជាដៃគូរវាងរដ្ឋ និងឯកជន» ព្រមទាំងកំពុងត្រៀមដាក់ចេញនូវគោលនយោបាយ សំខាន់ៗ មួយចំនួនទៀត ដូចជា «គោលនយោបាយសារពើពន្ធដើម្បីជំរុញការប្រើប្រាស់យានជំនិះដែលមិនប៉ះពាល់ដល់បរិស្ថាន», «គោលនយោបាយជាតិ ស្តីពីប្រសិទ្ធភាពថាមពល», «យុទ្ធសាស្ត្រអភិវឌ្ឍន៍សហគ្រាសធុនតូច និងមធ្យមឆ្នាំ ២០២២-២០២៦» និង «ផែនទីបង្ហាញផ្លូវសម្រាប់ការធានារ៉ាប់រងសុខភាពជាសកល» ជាដើម។

សម្រាប់ការគាំទ្រដល់ការធ្វើជាប្រធានអាស៊ានរបស់កម្ពុជា ឆ្នាំ ២០២២, អគ្គបណ្ឌិតសភាចារ្យឧបនាយករដ្ឋមន្រ្តី បានវាយតម្លៃខ្ពស់ ចំពោះការរៀបចំឱ្យមានកិច្ចពិភាក្សា រវាងថ្នាក់ដឹកនាំកំពូលអាស៊ានជាមួយសមាគមធុរកិច្ចរបស់សហរដ្ឋអាមេរិក ក្នុងអំឡុងពេល នៃកិច្ចប្រជុំកំពូលពិសេសអាស៊ាន-សហរដ្ឋអាមេរិក ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី ១២-១៣ ខែ ឧសភា ឆ្នាំ ២០២២ នៅសហរដ្ឋអាមេរិក ខាងមុខ ដើម្បីអបអរខួបនៃទំនាក់ទំនងរវាងភាគីទាំងពីរ ក្នុងរយៈពេលជាងបួនទសវត្សរ៍ និងពង្រឹងកិច្ចសហប្រតិបត្តិការ ក្នុងវិស័យសំខាន់ៗ ដូចជា ការឆ្លើយតបនឹងជំងឺកូវីដ-១៩ និងភាពតានតឹងភូមិសាស្ត្រនយោបាយ, ការប្រែប្រួលអាកាសធាតុ និងការអភិវឌ្ឍប្រកប ដោយចីរភាព, ការអភិវឌ្ឍធនធានមនុស្ស និងការតភ្ជាប់សេដ្ឋកិច្ច ជាដើម។

អគ្គបណ្ឌិតសភាចារ្យឧបនាយករដ្ឋមន្រ្តី បានថ្លែងអំណរគុណជាថ្មីម្តងទៀតដល់ US-ABC សម្រាប់ការគាំទ្រដល់ការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ចកម្ពុជា ជាពិសេសតាមរយៈការផ្តល់មតិយោបល់លើការអនុវត្តគោលនយោបាយកំណែទម្រង់, ហិរញ្ញប្បទាន និងការផ្ទេរចំណេះដឹង និងបច្ចេកវិទ្យា ផ្សេងៗ។

ភាគីទាំងពីរ បានឯកភាពគ្នាបន្តពង្រឹងកិច្ចសហការឱ្យកាន់តែស្អិតរមួតបន្ថែមទៀត ដើម្បីជួយឱ្យកម្ពុជាបំពេញភារកិច្ចជាប្រធានអាស៊ានឆ្នាំ ២០២២ ប្រកបដោយភាពជោគជ័យ និងដឹកនាំអាស៊ានឆ្ពោះទៅរកការធ្វើ សមាហរណកម្មសេដ្ឋកិច្ចតំបន់ ប្រកបដោយភាពប្រកួតប្រជែង និងវិបុលភាព៕