(ភ្នំពេញ)៖ ស្ថានទូតថៃប្រចាំកម្ពុជា នឹងបើកមហោស្រពភាពយន្ដថៃ លើកទី៣ ឆ្នាំ២០១៦ ដោយអនុញ្ញាតឲ្យប្រជាពរដ្ឋខ្មែរចូលទៅ ទស្សនាខ្សែភាពយន្ដថៃ ដោយសេរីឥតគិតថៃ្លរយៈពេល៥ថ្ងៃ នៅរោងកុន Major Cineplex ក្នុងផ្សារទំនើប Aeon Mall ជាន់ទី២ ចាប់ពីថ្ងៃទី១៦ដល់ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០១៦ខាងមុខនេះ។

ថ្លែងក្នុងសនិ្នសីទសាព័ត៌មាន ស្តីពីមហោស្រពភាពយន្ដថៃ នៅព្រឹកថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៦នេះ លោកស្រី ជីរ៉ាណាន់ វង្សមង្គល អគ្គទីប្រឹក្សាពាណិជ្ជកម្ម ប្រចាំស្ថានទូតថៃបានបញ្ជាក់ថា នេះជាលើកទី៣ហើយ ដែលស្ថានទូតថៃ រៀបចំមហាស្រពភាពយន្ដថៃ នេះឡើង ក្នុងគោលបំណង ដើម្បីផ្តល់នូវភាពរីករាយដល់ប្រជាពលរដ្ឋកម្ពុជា និងឲ្យមានសហការគ្នាថ្មីៗ រវាងផលិតករភាពយន្ត កម្ពុជា-ថៃ ឲ្យកាន់តែស្គាល់គ្នា និងបង្កើនកិច្ចដំណើរការ ខាងផ្នែកធុរកិច្ចភាពយន្តជាមួយគ្នា ព្រមទាំងលើកទឹកចិត្តដល់ផលិតករ ភាពយន្ត ដែលត្រូវបានបង្កើនស្នាដៃថ្មីសម្រាប់ទីផ្សារ នៅក្នុងប្រទេសថៃផងដែរ។

លើសពីនេះទៅទៀត លោកស្រីក៏បានបញ្ជាក់ថា ក្រៅតែពីពិធីបើកសម្ពោធមហាស្រពខ្សែភាគយន្ដថៃ នៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៦នោះ ក៏មានការរៀបចំកម្មវិធីផ្សេងទៀតផងដែរដូចជា ការរៀបចំសិក្ខាសាលា និង Business Matching ដើម្បីផ្តល់ ឱកាសឲ្យក្រុមហ៊ុន ដែលពាក់ព័ន្ធឧស្សាហកម្មភាពយន្ត របស់ប្រទេសទាំង២ មានឱកាសចូលមកជួបគ្នា និយាយគ្នាណែនាំនិង ពិភាក្សាគ្នា ស្តីពីចំណុចដែលគួរចាប់អារម្មណ៍ ក្នុងកិច្ចការភាពយន្ត ដើម្បីពង្រីកទីផ្សារភាពយន្តឆ្ពោះ ទៅកាន់ទីផ្សារអន្តរជាតិ ឆ្លើយតបទីផ្សារអាស៊ាន។   

លោកស្រីបញ្ជាក់ទៀតថា នៅថ្ងៃបើកសម្ពោធមហោស្រពនោះ ក៏មានការចូលរួមពីតារាល្បីៗរបស់កម្ពុជា និងថៃផងដែរ។

លោក សុខ សុផល អនុប្រធាននាយកដ្ឋានផ្សព្វផ្សាយវប្បធម៌ និងភាពយន្តនៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានថ្លែងថា «ការផ្សព្វផ្សាយភាពយន្ដថៃ នៅក្នុងកម្ពុជានេះ មិនមែនជាការបារម្ភសម្រាប់វិស័យភាពយន្ត របស់កម្ពុជានោះទេ ព្រោះសព្វថ្ងៃ ភាពយន្ដខ្មែរ នៅមានកំរិតនៅឡើយ ប្រសិនបើយើងមិនបើក ឲ្យមានខ្សែរភាពយន្ដបរទេសហូរចូលនោះទេ នោះយើងមិនដឹងថា ពីបច្ចេកទេសនៃការរីកចំរើន របស់ភាគយន្ដបរទេសឡើយ។ ហើយនេះ គឺជាគន្លឹៈមួយដើម្បីឲ្យផលិតករខ្មែរ ខិតខំប្រឹងប្រែងរកចំណេះ ចំណាញ ដើម្បីប្រកបរបរក៏ដូចជាបង្ហាញក្នុងវិស័យភាពយន្ដ»។

លោក សៅ សុខនី នាយកគ្រប់គ្រង់រោងភាពយន្ត Major Cineplex បានឲ្យដឹងថា ការធ្វើកម្មវិធីមហោស្រពនេះឡើងពិតជាមាន សារៈសំខាន់ណាស់ ព្រោះបានផ្ដល់ឱកាសជាច្រើន ដល់ផលិតករខ្មែរជួបជាមួយផលិតករថៃ ដើម្បីផ្លាស់ប្តូរយោបល់គ្នាទៅវិញទៅមក ពិសេសជាងនេះទៅទៀត វាក៏ជាឱកាសមួយ សម្រាប់តភ្ជាប់ទំនាក់ទំនង និងជំរុញការដោះដូរនៅខ្សែភាពយន្ដរវាងគ្នានិងគ្នា៕