(ត្បូងឃ្មុំ)៖ ដើម្បីទទួលដំណឹងពីសុខទុក្ខពលរដ្ឋក្នុងមូលដ្ឋានឲ្យកាន់តែច្បាស់ លោកបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ នាព្រឹកថ្ងៃ០៥ ខែឧសភា ឆ្នាំ២០២២នេះ បន្តដឹកនាំអភិបាលរងខេត្ត និងក្រុមការងារចុះសំណេះសំណាលសួរសុខទុក្ខ ជាមួយប្រជាពលរដ្ឋ រស់នៅក្នុងឃុំអំពិលតាពក និងក្រុមគ្រូពេទ្យបំពេញការងារចាក់វ៉ាក់សាំងជូនពលរដ្ឋ នៅមណ្ឌលសុខភាពអំពិលតាពក ស្ថិតក្នុងឃុំអំពិលតាពក ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ។

នាឱកាសនោះ លោកបណ្ឌិត ជាម ច័ន្ទសោភ័ណ បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ឲ្យបន្តគាំទ្រ និងផ្ដល់ការជឿជាក់មកលើដឹកនាំរបស់ គណបក្សប្រជាជនកម្ពុជា និងសម្ដេចតេជោ ហ៊ុន សែន ដែលតែងតែខិតខំលះបង់កំលាំងកាយចិត្តតស៊ូនាំយកសន្តិភាព ថែរក្សាសន្តិភាព និងបន្តអភិវឌ្ឍរីកចម្រើនរហូតដល់សព្វថ្ងៃនេះ ជាបន្តទៀត នៅក្នុងការដឹកនាំរាជរដ្ឋាភិបាល ដោយត្រូវទៅបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ នៅថ្ងៃទី៥ ខែមិថុនា ខាងមុខនេះឲ្យបានគ្រប់ៗគ្នា។

លោកបណ្ឌិត បានសម្ដែងនូវការកោតសរសើរ និងអំណរគុណជូនចំពោះក្រុមប្រឹក្សាឃុំ នៅក្នុងស្រុកអូរាំងឪទាំងមូល ដែលបានយកចិត្តទុកដាក់យកអស់ពីកម្លាំងកាយចិត្ត ប្រាជ្ញាស្មារតី បានចូលរួមបម្រើប្រជាពលរដ្ឋប្រកបដោយការទទួលខុសត្រូវ រួមគ្នាសម្រេចបាននូវលទ្ធផលដ៏ល្អ ក្នុងការអនុវត្តគោលនយោបាយអភិវឌ្ឍន៍ឃុំ ក្នុងអាណត្តីទី៤កន្លងមក ទទួលបានលទ្ធផលការងារល្អប្រសើរ ដែលទទួលបានការគាំទ្រពេញចិត្តពីប្រជាជន សប្បាយរីករាយនឹងសមិទ្ធផលថ្មីៗជាច្រើន និងមានជីវភាពរស់នៅកាន់តែប្រសើរ។

បន្ថែមពីនេះ លោកបណ្ឌិតអភិបាលខេត្ត បានលើកឡើងពីយុទ្ធសាស្ត្រស្រោចវ៉ាក់សាំងបានយ៉ាងល្អ របស់សម្តេចតេជោ ដែលធ្វើឲ្យកម្ពុជាជោគជ័យលើការងារប្រយុទ្ធប្រឆាំងជាមួយកូវីដ១៩ បើប្រៀបធៀបទៅនឹងប្រទេសមួយចំនួនធំ។

ឆ្លៀតក្នុងឪកាសនោះ លោកបណ្ឌិត ជាម ច័ន្ទសោភ័ណ បានបន្តអំពាវនាវឲ្យពលរដ្ឋ និងអាណាព្យាបាលទាំងអស់ នាំកុមារអាយុចាប់ពី០៣ឆ្នាំ រហូតដល់មនុស្សចាស់ដែលមិនទាន់បានចាក់វ៉ាក់សាំងដូសទី០១ ក៏ដូចជាដូសជំរុញ សូមមកចាក់ដោយឥតគិតថ្លៃ ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលជំងឺនេះ ដែលនឹងប៉ះពាល់ដល់សេដ្ឋកិច្ច និងអាយុជីវិតខ្លួន ក្រុមគ្រួសារ និងសហគមន៍។

ចប់ការសំណេះសំណាលលោកបណ្ឌិត ជាម ច័ន្ទសោភ័ណ បានដឹននាំក្រុមការងារខេត្ត បន្តចុះជួបសំណេះសំណាល លើកទឹកចិត្តជាមួយក្រុមគ្រូពេទ្យរបស់សហភាពសហព័ន្ធយុវជនកម្ពុជា មកបំពេញការងារចាក់វ៉ាក់សាំងកូវីដ១៩ ជូនប្រជាជន នៅមណ្ឌលសុខភាពអំពិលតាពកផងដែរ៕