(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២២ លោក Sudirman Haseng ឯកឧត្តមអគ្គរដ្ឋទូតឥណ្ឌូណេស៊ីប្រចាំនៅកម្ពុជា និងលោក DALTON Wong ប្រធានសភាពាណិជ្ជកម្មឥណ្ឌូណេស៊ីប្រចាំនៅកម្ពុជា បានរៀបចំពិធីវាយកូនហ្គោលមិត្តនៃសភាពាណិជ្ជកម្ម (Chamber & Friends Golf Tournament) ដើម្បីរឹតចំណងមិត្តភាព និងជម្រុញទំនាក់ទំនងរវាងវិស័យឯកជន និងស្ថានទូតនានាប្រចាំនៅកម្ពុជា។

ពិធីវាយកូនហ្គោលមិត្តភាពនេះ មានការអញ្ជើញចូលរួមពីសមាជិករាជរដ្ឋាភិបាលកម្ពុជា ឯកអគ្គរាជ/រដ្ឋទូតប្រចាំនៅកម្ពុជា សភាពាណិជ្ជកម្មបរទេសប្រចាំនៅកម្ពុជា និងវិស័យឯកជនមួយចំនួន រួមមាន៖ ឯកអគ្គរាជទូតជប៉ុន ឯកអគ្គរាជទូតម៉ាឡេស៊ី ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េ ឯកអគ្គរាជទូតប្រ៊ុយណេ សភាពាណិជ្ជកម្មម៉ាឡេស៊ី សភាពាណិជ្ជកម្មជប៉ុន សភាពាណិជ្ជកម្មអាមេរិក និងសភាពាណិជ្ជកម្មសាធារណរដ្ឋកូរ៉េ ជាដើម។

ក្នុងឱកាសនោះ លោកទេសរដ្ឋមន្រ្តី លី ធុជ បានវាយតម្លៃខ្ពស់ចំពោះការរៀបចំពិធីវាយកូនហ្គោលមិត្តនៃសភាពាណិជ្ជកម្ម ដើម្បីបង្កើននូវចំណងមិត្តភាពរវាងវិស័យឯកជន និងមិត្តភ័ក្តិទាំងអស់ដែលកំពុងរកស៊ីទទួលទាន នៅប្រទេសកម្ពុជា ព្រមទាំងថ្លែងអំណរគុណដល់ប្រធានសភាពាណិជ្ជកម្មឥណ្ឌូណេស៊ីប្រចាំនៅកម្ពុជា ដែលជួយរៀបចំពិធីនេះ និងផ្សព្វផ្សាយអំពីសក្តានុពលវិនិយោគនៅកម្ពុជាជូនបណ្តាធុរកិច្ចជននានា។

ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា លោកទេសរដ្ឋមន្រ្តី លី ធុជ បានស្វាគមន៍យ៉ាងកក់ក្តៅចំពោះការសម្រេចដ៏ត្រឹមត្រូវរបស់អ្នកវិនិយោគគិននានា ក្នុងការបណ្តាក់ទុនរកស៊ីនៅកម្ពុជា ក្រោមម្លប់សន្តិភាព និងស្ថិរភាពនយោយបាយ ដឹកនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា៕