(សៀមរាប)៖ ពលរដ្ឋចំនួន១៨គ្រួសារ សរុបជាង៤០នាក់ នៅភូមិខ្នារ សង្កាត់ជ្រាវ ក្រុងសៀមរាប សុំឱ្យអាជ្ញាធរជួយដោះស្រាយបញ្ហាបើកផ្លូវដើរ ខណៈដែលផ្លូវដើរបណ្ដោះអាសន្នសព្វថ្ងៃ ត្រូវបានម្ចាស់ដីកំពុងធ្វើរបងបិទលែងឱ្យចរាចរណ៍តទៅទៀត។

យោងតាមពាក្យបណ្ដឹងរបស់ក្រុមប្រជាពលរដ្ឋខាងលើ ដែលរៀបចំដាក់ទៅសាលាក្រុងសៀមរាប បានស្នើសុំបើកផ្លូវជូនពួកគេចេញចូល ដោយម្ចាស់ក្បាលដីលេខ ១៧១០០៦០២-៣១៣៩ ដែលមានទីតាំងស្ថិតនៅភូមិខ្នារ សង្កាត់ជ្រាវ ក្រុងសៀមរាប ចេញប័ណ្ណកម្មសិទ្ធិរំលោភលើដីផ្លូវដើមរបស់ប្រជាពលរដ្ឋ។

ផ្លូវនេះចាប់ផ្តើមកសាងពីអំឡុងឆ្នាំ១៩៨៤ ដែលពេលនោះពលរដ្ឋអះអាងថា គ្រាន់ជាផ្លូវរទេះប៉ុណ្ណោះ និងមានគ្រួសាររស់នៅ៣ទៅ៤គ្រួសារ។ ក្រោយមក ពលរដ្ឋចាប់ផ្តើមចាក់ដីឱ្យធំជាងមុន ដែលភ្ជាប់ពីផ្ទះពួកគេ រហូតដល់ផ្លូវជាតិលេខ៦A។ ទីតាំងនោះ ក្រោយមកទៀតមានពលរដ្ឋមកទិញដីរស់នៅជាបន្តបន្ទាប់ ហើយម្ចាស់ដីដែលមានក្បាលដីលេខ ៣១៣៩ ក៏បានមកទិញដីនៅតំបន់នោះ ដោយទិញជាប់ផ្លូវជាតិលេខ៦ (ទិញ២កន្លែង ដោយមានផ្លូវពលរដ្ឋនៅកណ្ដាល)។

លុះឆ្នាំ២០០៧ មានពលរដ្ឋ២នាក់ មកអះអាងថា ពលរដ្ឋដែលរស់នៅក្រោយដីពួកគេ ធ្វើផ្លូវកាត់ដីរបស់ខ្លួន និងមានជម្លោះរវាងពលរដ្ឋ និងពួកគេ ហើយបានព្យាយាមយកគ្រឿងចក្រមកកាយបិទផ្លូវ។ ពេលនោះពលរដ្ឋបានដាក់បណ្ដឹងទៅអាជ្ញាធរ តែដោយសារស្ថិតនៅតំបន់ព្រំប្រទល់តំបន់២ ពីគ្នា គឺសង្កាត់ជ្រាវ ក្រុងសៀមរាប និងឃុំកណ្ដែង ស្រុកប្រាសាទបាគង ពេលនោះជម្លោះបញ្ចប់ដោយគ្មានដំណោះស្រាយ ដោយពលរដ្ឋបន្តធ្វើដំណើរលើផ្លូវចាស់នោះ។ ក្រោយមកឆ្នាំ ២០១៧ ឈ្មោះ លាភ វណ្ណដេន បានបិទផ្លូវម្ដងទៀត និងបន្តមានជម្លោះជាថ្មី។

ដោយមានការសម្របសម្រួលពីអាជ្ញាធរ ដោយឱ្យពលរដ្ឋដើរលើផ្លូវនោះ ជាបណ្ដោះអាសន្ន នៅទីតាំងផ្នែកខាងកើតជំនួសផ្លូវកណ្ដាល ដែលប្រើពីឆ្នាំ ១៩៨៤ មក តែពេលនោះអាជ្ញាធរមិនបានវាស់វាងបង្កើតជាផ្លូវឱ្យពលរដ្ឋទេ ដោយសំអាងថា គ្រាន់ជាផ្លូវដើរបណ្ដោះអាសន្នប៉ុណ្ណោះ។

នៅឆ្នាំ២០២១ ក៏ចាប់ផ្តើមមានការធ្វើរបងនៅលើដីផ្លូវខាងលើ តែពេលនោះពលរដ្ឋរស់នៅខាងក្រោយ ក៏មិនបានហាមឃាត់ដែរ ដោយគិតថា អាជ្ញាធររួមនិងម្ចាស់ដីនេះដឹងពីទំនាស់នេះរួចហើយ។ ស្រាប់តែពេលថ្មីៗនេះ ម្ចាស់ដីខាងលើ បានដាក់ស្លាកប្រាប់ពលរដ្ឋធ្វើចរាចរណ៍ចេញចូល ដោយសុំបិទផ្លូវនេះ។

ពាក្យបណ្ដឹងខាងលើបញ្ជាក់ថា ការបិទផ្លូវនេះនឹងប៉ះពាល់ដល់ការចរាចរណ៍ចេញចូល ដូចជាការចេញទៅប្រកបរបររកស៊ី ទៅធ្វើការ ទៅសាលារៀន។ល។ ពលរដ្ឋស្នើឱ្យអភិបាលក្រុង ជួយដោះស្រាយទំនាស់រុំារ៉ៃនេះ និងបើកផ្លូវដើម្បីពលរដ្ឋបានចេញចូល និងធ្វើដំណើរបានធម្មតាវិញ។

ជុំវិញបញ្ហានេះ លោក ក្ដោប រ៉ន ចៅសង្កាត់ជ្រាវប្រាប់ថា ទំនាស់នេះហួសពីដែនសមត្ថភាពរបស់លោក ហើយលោកកំពុងរង់ចាំមេដៃរបស់ពលរដ្ឋ រួមនិងឯកសារផ្សេងៗ ដើម្បីបញ្ជូនទៅអភិបាលក្រុងជួយដោះស្រាយជូន។

លោក ក្ដោប រ៉ន បញ្ជាក់ប្រាប់អង្គភាព Fresh News យ៉ាងដូច្នេះថា «ផ្លូវដែលដើរ បងប្អូនតវ៉ានេះ តាំងពីឆ្នាំ១៩៩០ជាងមក ម្ចាស់គេលក់មិនបានទុកផ្លូវអីទេ ហើយខ្លះមកនៅជាអ្នកចាំដីឱ្យគេក៏ចេះតែនៅទៅ ដើរលើផ្លូវគេទៅ អ្នកលក់តគេលក់តាមតែឯកសារចាស់ ហើយកាលចុះបញ្ជីលក្ខណៈជាប្រព័ន្ធបិទផ្សាយ ពួកនោះក៏មិនបានដាក់ពាក្យតវ៉ា តវ៉ាម៉េចបើដីដាក់លក់ឱ្យគេទាំងអស់»

លោកប្រាប់ទៀតថា ម្ចាស់ចុងក្រោយនេះ បានទុកផ្លូវដែលដើរនេះបណ្ដោះអាសន្ន ហើយរង់ចាំ៥ខែហើយ មិនមានដំណោះស្រាយ ទើបគេចាប់ផ្តើមប្រកាសពីការបិទផ្លូវនេះ។

យ៉ាងណាមិញ ក្នុងនាមអាជ្ញាធរ លោក ក្ដោប រ៉ន សុំឱ្យភាគីពាក់ព័ន្ធយោគយល់ និងអធ្យាស្រ័យគ្នា ដើម្បីបានដំណោះស្រាយមួយដ៏ល្អ ប្រយោជន៍ទាំងអស់គ្នា៕