(ភ្នំពេញ)៖ ក្រុមហ៊ុន IDEA 3MS GLOBAL CO.,LTD បានប្រកាសដាក់សម្ពោធនូវបណ្ណាល័យអេឡិចត្រូនិក Kumnit App ជំនាន់ទី២ (Version 2) ជាផ្លូវការ ដែលប្រារព្ធធ្វើឡើងនៅសណ្ឋាគារ Sofitel Phnom Penh Pokeethra នៅព្រឹកថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២២នេះ។

លោក ជា ឌីណា នាយកក្រុមហ៊ុន IDEA 3MS GLOBAL CO.,LTD និងជាស្ថាបនិកបណ្ណាល័យអេឡិចត្រូនិក Kumnit App បានពន្យល់ថា ដោយមើលឃើញពីអត្ថប្រយោជន៍ នៃវិស័យបច្ចេកវិទ្យា ដែលបាននឹងកំពុងក្លាយទៅជាចលករ មួយប្រកបដោយប្រសិទ្ធិភាព ដល់ការរួមចំណែកអភិវឌ្ឍន៍ធនធានមនុស្ស និងលើកកម្ពស់សេដ្ឋកិច្ចសង្គមជាតិផងដែរ នោះ ទើបខ្ញុំបាទព្រមទាំងក្រុមការងារទាំងអស់គ្នាដែលជាស្ថាបនិក បានរួមគ្នាបង្កើត App ថ្មីមួយដែលពួកយើងខ្ញុំ ឲ្យឈ្មោះថា «គំនិត» ( Kumnit )។

លោកបានបន្ដទៀតថា «តាមការពិតយើងបានសម្ភោទ Kumnit app ជំនាន់ទីមួយមក តាំងពីដើមឆ្នាំ ២០២០ មកម្លេះ គឺនៅថ្ងៃទី ៧ ខែមករាឆ្នាំ ២០២០ គិតមកទល់ពេលនេះ មានរយៈពេលជាង២ឆ្នាំទៅហើយ ហើយថ្ងៃនេះផងដែរជាការដាក់សម្ពោធនូវ Kumnit app ជំនាន់ទី២ ដែលអ្នកប្រើប្រាស់កាន់តែងាយស្រួលប្រើប្រាស់ជាមុន មានមុខងារច្រើនជាងមុន និងមានចំណុចពិសេសៗល្អៗច្រើនជាមុន។

ចំណុចពិសេសរបស់ Kumnit App ជំនាន់២នេះគឺថា យើងនឹងអាចធ្វើការលក់ពី Online ទៅជា Offline តាមរយ:ការដាក់លក់សៀវភៅរបស់យើងនៅគ្រប់ទីតាំង Mart ក៏ដូចជាបណ្ណាគារលក់សៀវភៅផ្សេងដូចសៀវភៅបោះពុម្ពធម្មតាដែរ យើងគ្រាន់តែព្រីននៅCover សៀវភៅនីមួយៗ នឹង មាន QR code បន្ទាប់ពីនោះអតិថិជន គិតលុយរួច Scanនោះលោកអ្នកនឹងអាចអានបាន និង ស្តាប់បាននៅក្នុងទូរសព្ទដៃបានភ្លាមៗតែម្តង។

« Kumnit App » អាចនិយាយបានថា ជាបណ្ណាល័យ Electronic ដ៏ធំមួយដែលអ្នកអានអាចស្វែងរកបាននូវ កម្រងសៀវភៅ ព័ត៌មាន និងមេរៀនល្អៗប្រកបដោយភាព សំរិត សំរាំង សម្រាប់យកមកអានដើម្បីបង្កើននូវចំណេះដឹង ចំណេះធ្វើ បទពិសោធន៍ ភាពប្រឈម ព្រមទាំងដំណោះស្រាយផ្សេងៗ តាមរយៈ Smart phone របស់យើងទាំងអស់គ្នា ដែលវាស្របទៅនឹងភាពជឿនលឿននៃសម័យកាលបច្ចេកវិទ្យានេះ។

នៅក្នុងឱកាសនោះ ក៏មានការឡើងបង្ហាញពីចំណាប់អារម្មណ៍ជាបន្តបន្ទាប់ទាំងទងកិច្ចការងារអានសៀវភៅ និងការបំផុសឲ្យមានការអានសៀវភៅបានកាន់តែច្រើន ក្នុងនោះមានចំណាប់អារម្មណ៍របស់លោក ស៊ាន ធនិន ទីប្រឹក្សាក្រុម IDEA 3MS និងបណ្ណាល័យគំនិត, លោក ចំរើន វ៉ាន់ថា អនុរដ្ឋលេខាធិការ ក្រសួងវប្បធម៍ និងវិចិត្រសិល្បៈ និងជាប្រធានសមាគមអ្នកបញ្ជូលសំឡេងកម្ពុជា និងលោកបណ្ឌិតសាស្ត្រាចារ្យ ដៀប សុផលផងដែរ។

សម្រាប់លោកបណ្ឌិត ម៉ុង ឬទ្ធី បានរំលឹកពីដំណើរ នៃការសរសេរសៀវភៅ តាំងពីជំនាន់ការលំបាក ហើយក្រោយមករាល់អត្ថន័យ ក្នុងសៀវភៅបានជួយកែសម្រួលពីសាស្រ្តាចារ្យ ទើបចេញជាសៀវភៅជាច្រើននេះឡើង ទុកជាចំណេះដឹងសម្រាប់អ្នកជំនាន់ក្រោយបានដឹង ហើយរៀនសូត្រតាមគំនិតរបស់ដែលថាត្រឹមត្រូវ។

លោកបានកាត់ទុកការបង្កើត App គំនិតនេះឡើងជាការល្អបំផុត ហើយសង្ឃឹមថា ប្អូនៗ ក្មួយៗ ដែលគ្រប់គ្រង App នេះ មានគំនិតជាតិនិយម មានវប្បធម៍ខ្មែរនិយម ដើម្បីឲ្យជាតិរីកចំរើនរុងរឿង ហើយឲ្យក្មេងៗជំនាន់ក្រោយយក គំរូតាម ក្លាយជាទំពាំងស្នងឬស្សី រួមគ្នាអភិវឌ្ឍប្រទេសជាតិកាន់តែរីកចំរើន។

នៅក្នុងឱកាសនោះ រដ្ឋមន្រ្តី ខៀវ កាញារីទ្ធ បានសំដែងការរីករាយដែលបានមកសម្ពោធបណ្ណាល័យអេឡិកត្រូនិក KUMNIT APP ជំនាន់ទី២។ លោកថា ដោយសារថានៅកម្ពុជា ការបោះពុម្ពសៀវភៅ ការទិញសៀវភៅ មានការលំបាក តែបើនៅប្រទេសគេ នៅពេលអ្នកនិពន្ធធ្វើការសរសេរចប់ហើយយកទៅគ្រឹះស្ថានោះពុម្ពឲ្យគេពិនិត្យបើត្រូវហើយ គេនឹងឲ្យលុយមុនតែម្តង។ ជាក់ស្តែងអតីតប្រធានាធិបតីអាមេរិក អូបាម៉ា និងភរិយា គេឲ្យលុយកក់មុន ៦០លានដុល្លារ សម្រាប់ការសរសេរសៀវភៅប៉ុន្មានក៏ដោយឲ្យតែលក់ឲ្យគេ។

សូមរំលឹកថា គោលបំណងក្នុងការបង្កើតឡើង នូវ Kumnit App មួយនេះឡើងគឺមាន៣ធំៗ គោលបំណង៖

*ទី១៖ គឺដើម្បីលើកទឹកចិត្ត ជំរុញទឹកចិត្ត និងបំផុសបំផុលអោយប្រជាពលរដ្ឋខ្មែរទាំងអស់ ជាពិសេសសិស្ស និស្សិត យុវជនក៏ដូចជាសហគ្រិនទូរទៅផងដែរ អោយពួកគាត់ចាប់ផ្តើម ស្រលាញ់ការអាន ចាប់ផ្តើមស្រលាញ់ការអភិវឌ្ឍន៍ខ្លួនឯង តាមរយៈការអាន ឬមើលសៀវភៅតាមលក្ខណៈ Digital book ដែលវាជួយផ្តល់ នូវភាពងាយស្រួលទៅដល់អ្នកអានទូទៅ ដើម្បីឲ្យពួកគាត់អាចស្រាវជ្រាវសិក្សារៀនសូត្របានគ្រប់ពេលវេលា និងគ្រប់ទីកន្លែងផងដែរ។

*ទី២៖ ដើម្បីលើកស្ទួយ ស្នាដៃអ្នកនិពន្ធក្នុងស្រុក ឲ្យពួកគាត់ មានប្រភពចំណូលមួយផ្នែកទៀត តាមរយៈការដាក់លក់សៀវភៅរបស់ពួកគាត់ នៅក្នុង App មួយនេះ។ លើសពីនេះទៅទៀត នឹងចូលរួមធ្វើការផ្សព្វផ្សាយ អំពីកិត្តនាម ស្នាដៃរបស់ពួកគាត់ ដើម្បីឲ្យពួកគាត់ទទួលបានទាំងចំណូល ព្រមទាំងភាពល្បីល្បាញទាំងនៅក្នុងស្រុកនិង ចេញទៅសាកលលោកផងដែរ។

*ទី៣៖ ដើម្បីចូលរួមជាផ្នែកមួយ ក្នុងការអភិវឌ្ឍន៍វិស័យអប់រំបែប Digital និងចូលរូមអភិវឌ្ឍន៍ធនធានមនុស្យប្រទេសកម្ពុជា ឲ្យកាន់តែមានភាពល្អប្រសើរឡើងថែមមួយកំរិតទៀតផងដែរ៕