(កំពង់ស្ពឺ)៖ នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ អគ្គមេបញ្ជាការរង នាយសេនាធិការចម្រុះ នៃកងយោធពលខេមរភូមិន្ទ បានណែនាំដល់បណ្តាកងទ័ពទាំងអស់មិនត្រូវប្រើប្រាស់ឯកសណ្ឋានកងទ័ព ចូលរួមឬឃោសនាបោះឆ្នោត ជ្រើសរើសសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ និងមិនត្រូវធ្វើផ្ទុយពីច្បាប់ ដើម្បីឱ្យការបោះឆ្នោតប្រព្រឹត្តទៅដោយត្រឹមត្រូវ និងយុត្តិធម៌។

ការលើកឡើងបែបនេះ របស់នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ បានធ្វើឡើងក្នុងឱកាសអញ្ជើញជាអធិបតីភាពពិធីបិទវគ្គបណ្តុះបណ្តាលសិស្សនាយទាហានជើងគោក ជំនាន់ទី១០ និងនាយទាហានជំនាញភាសាចិនជំនាន់ទី១ នៅវិទ្យាស្ថានកងទ័ពជើងគោក (ថ្លុកតាសេក) ខេត្តកំពង់ស្ពឺ នៅព្រឹកថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២២នេះ។

នាយឧត្តមសេនីយ៍ ឥត សារ៉ាត់៖ «ខ្ញុំសូមឱ្យកងយោធពលខេមរភូមិន្ទ និងយោធិនទាំងអស់ត្រូវគោរព តាមច្បាប់បោះឆ្នោតដែលបានចែង មិនត្រូវប្រើប្រាស់គ្រឿង បំពាក់របស់កងទ័ព និងឯកសណ្ឋានកងទ័ព ចូលរួម ឬមួយការឃោសនាបោះឆ្នោតជ្រើសរើសសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ នោះទេ ក្នុងនាមជាយោធិនមិនត្រូវធ្វើអ្វីឱ្យប៉ះពាល់ដល់ដំណើរការបោះឆ្នោតជាដាច់ខាត ជាពិសេសមិនត្រូវយកសព្វាវុធ ចូលក្នុងមណ្ឌលបោះឆ្នោតនោះទេ និយាយរួមមិនត្រូវធ្វើអ្វីផ្ទុយពីច្បាប់បោះឆ្នោតឡើយ ដើម្បីឱ្យការបោះឆ្នោតប្រព្រឹត្តទៅដោយត្រឹមត្រូវ និងយុត្តិធម៌»

នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ ក៏បានក្រើនរំឭកផងដែរ ដល់និស្សិតនាយទាហានទ័ពជើងគោកជំនាន់ទី១០ សិក្ខាកាមវគ្គបណ្ដុះបណ្ដាលបរិញ្ញាបត្រជំនាញភាសាចិនជំនាន់ទី១ និងនិស្សិតនាយទាហានគ្រប់ជំនាន់ទាំងអស់ ដែលកំពុងបន្តបំពេញ កម្មសិក្សានៅក្នុងវិទ្យាស្ថានទ័ពជើងគោក ត្រូវស្មោះត្រង់ដាច់ខាតចំពោះជាតិ សាសនា ព្រះមហាក្សត្រ នឹងហ៊ានធ្វើពលីកម្មគ្រប់បែបយ៉ាង ដើម្បីបុព្វហេតុការពារជាតិ មាតុភូមិអស់មួយជីវិត។

នាឱកាសនោះ នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ បានបន្តថា នយោបាយឈ្នះឈ្នះ ដែលបានដាក់ចេញដោយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា គឺជាមរតក ដ៏មហាសាលសម្រាប់ជាតិ និងប្រជាជនកម្ពុជា ហើយតាមរយៈនយោបាយឈ្នះឈ្នះនេះហើយ ដែលបាននាំមកនូវពន្លឺជីវិត និងសង្គមថ្មីមួយពោរពេញដោយការអភិវឌ្ឍ និងការរីកចម្រើន។

នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ បានបញ្ជាក់ថា រយៈពេលជាង២៣ឆ្នាំកន្លងមកនេះ ដែលកម្ពុជា បានបិទបញ្ចប់ភ្លើងសង្គ្រាមស៊ីវីលនៅកម្ពុជា ដណ្តើមបានមកវិញនូវសុខសន្តិភាព និងការឯកភាពជាតិ ទឹកដីបន្ទាប់ពីការបែកបាក់ជាង ៥០០ឆ្នាំ ក្នុងប្រវត្តិសាស្ត្រកម្ពុជា។

នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ បានបន្តថា បើយើងប្រៀបធៀបកាលក្រោយថ្ងៃរំដោះ ៧ មករា ឆ្នាំ១៩៧៩ មកទល់នឹងពេលបច្ចុប្បន្ននេះ ប្រទេសកម្ពុជាមានការអភិវឌ្ឍន៍រីកចម្រើនលើគ្រប់វិស័យ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតឈ្លាសវៃរបស់សម្តេចតេជោ ហ៊ុន សែន ដោយបានកសាងតាំងពីបាទដៃទទេ ក្រោមនយោបាយឈ្នះឈ្នះ នៃការបង្រួបបង្រួមជាតិ របស់សម្ដេចតេជោ ដោយគ្មានអ្នកឈ្នះ នឹងក៏គ្មានអ្នកចាញ់ គឺឈ្នះឈ្នះទាំងអស់គ្នា។

នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ បានផ្តាំផ្ញើដល់នាយទាហានទាំងអស់ ត្រូវចងចាំ និងយល់ពាក្យថា «អរគុណសន្តិភាព! អរគុណនយោបាយ ឈ្នះ ឈ្នះ! ដឹងគុណស្ថាបនិក មគ្គុទ្ទេសក៏ឯក និងប្រតិបត្តិករនយោបាយឈ្នះឈ្នះ ដែលនាំមកនូវសន្តិភាព និងការឯកភាពជាតិពេញលេញ!»។

ជាមួយគ្នានេះដែរ នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ បានក៏បញ្ជាក់ថា សន្តិភាព មានតម្លៃមិនសាបសូន្យ មិនថាថ្ងៃនេះ ឬថ្ងៃក្រោយនោះឡើយ។ ដូច្នេះត្រូវការពារឱ្យបានទោះក្នុងតម្លៃណាក៏ដោយ។

នាយឧត្តមសេនីយ៍ ក៏បានបន្តផ្តល់អនុសាសន៍ណែនាំដល់នាយទាហាន និងពលទាហានទាំងអស់ឱ្យបន្តពង្រឹងពង្រីកស្មារតីរួមចំណែកការពារសន្តិភាព ការពារទឹកដី ការពារភាពសុខសាន្តជូនប្រជាពលរដ្ឋ ពិសេសការពាររាជរដ្ឋាភិបាល ដើម្បីធ្វើការប្រយុទ្ធប្រឆាំងទៅនឹងពពួកអមិត្ត ដែលតែងតែរារាំងដល់កិច្ចដំណើការកសាងសន្តិភាព និងការអភិវឌ្ឍសង្គមកម្ពុជា និងប្រយុទ្ធប្រឆាំងទៅនឹងជំងឺឆ្លងកូវីដ១៩ ដែលកំពុងបន្តការរីករាលដាលនៅក្នុងប្រទេសកម្ពុជា ក៏ដូចនៅលើសកលលោក និងត្រូវអនុវត្តឱ្យបានខ្ជាប់ខ្ជួន នូវវិធាការសុខាភិបាល «៣កុំ និង៣ការពារ» ក្រោមទិសស្លោកថា «ការពារខ្លួនអ្នក គឺការពារគ្រួសារនឹងមិត្តក្នុងសហគមន៍»

ឧត្តមសេនីយ៍ឯក ម៉ម យឿន នាយកវិទ្យាស្ថានទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ និងឧត្តមសេនីយ៍ទោ អ៊ុក រតនៈ នាយករងវិទ្យាស្ថានទ័ពជើងគោក ទទួលការងារហ្វឹកហ្វឺនប្រចាំវគ្គ បានរាយការណ៍ឱ្យដឹងថា វិទ្យាស្ថានទ័ពជើងគោក បានទទួលបញ្ជាឱ្យធ្វើការហ្វឹកហ្វឺន និងបណ្ដុះបណ្ដាលនាយទាហានទ័ពជើងគោកជំនាន់ទី១០ ដែលមានរយៈពេល៤ឆ្នាំ ចាប់ពីថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៨ ដល់ថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២២ ទើបត្រូវបញ្ចប់ ដែលមានសិក្ខាកាមជានិស្សិតនាយទាហាន ចូលហ្វឹកហ្វឺនរៀនសូត្រចំនួន២៣៨នាក់ ក្នុងនោះមានស្ត្រី៣៩នាក់ ដែលបានប្រឡងចូលជានាយទាហាន មកពីគ្រប់បណ្ដាខេត្ត យោធភូមិភាគ នៅទូទាំងប្រទេស និងបានរៀបចំកម្មវិធីហ្វឹកហ្វឺនដែលរយៈពេល ៤ឆ្នាំ លើជំនាញ និងមុខវិជ្ជា ចំណេះដឹងយោធាថ្នាក់បុគ្គល ដល់ថ្នាក់ក្រុម, នឹងពីរថ្នាក់កងអនុសេនាតូច ដល់ថ្នាក់កងអនុសេនាធំ, ចំណេះដឹងអន្តរាវុធ, ចំណេះដឹងឆ័ត្រយោង, ចំណេះដឹងទូទៅ, ចំណេះដឹងឯកទេសគ្រប់គ្រង, ការចុះអនុវត្តជាក់ស្ដែងតាមបណ្ដាកងឯកភាពជួរមុខ, សរសេរសារណា និងការងារផ្សេងៗ៕