(សៀមរាប)៖ ក្រសួងបរិស្ថាន នាព្រឹកថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២២នេះ បានបន្តនាំយកកូនឈើហូបផ្លែ១៥០០០ដើម ដាំស្តារឡើងវិញនៅតំបន់ព្រៃលិចទឹកតំបន់៣ នៃតំបន់បឹងទន្លេសាប ក្នុងភូមិសាស្រ្តខេត្តសៀមរាប។

ពិធីនេះបានធ្វើក្រោមអធិបតីភាព លោក សេន ណាសុី អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន ដោយមានការចូលរួមពីថ្នាក់ដឹកនាំក្រសួង តំណាងគណៈអភិបាលខេត្តសៀមរាប មន្ទីរពាក់ព័ន្ធ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ អាជ្ញាធរមូលដ្ឋាន យុវជន ប្រជាពលរដ្ធ និងសិស្សានុសិស្សជាច្រើននាក់ នៅភូមិទី៦ សង្កាត់ចុងឃ្នាស់ ក្រុងសៀមរាប ខេត្តសៀមរាប។

លោក ពិន ប្រាកដ អភិបាលរងខេត្តសៀមរាប បានឱ្យដឹងថា ស្របតាមយុទ្ធសាស្រ្តរបស់រាជរដ្ឋាភិបាលកម្ពុជា រដ្ឋបាលខេត្តសៀមរាប បានចូលរួមការពារ និងអភិរក្សព្រៃលិចទឹកតំបន់៣ ក្នុងភូមិសាស្រ្តខេត្តសៀមរាប ដើម្បីធ្វើឱ្យមានជីវៈចម្រុះសម្បូរបែប លើកស្ទួយជីវភាពសហគមន៍ឲ្យរុងរឿង និងចូលរួមអភិវឌ្ឍសេដ្ឋកិច្ចជាតិ។

លោក សេន ណាសុី បានលើកឡើងថា ការដាំស្តារឡើងវិញដើមឈើនៅតំបន់ព្រៃលិចទឹកតំបន់៣ បឹងទន្លេសាប ស្របនឹងការប្រារព្ធពិធីអបអរសាទរទិវាបរិស្ថានជាតិ និងបរិស្ថានពិភពលោក ៥ មិថុនា ក្រោមប្រធានបទ ថែភពផែនដី ដើម្បីសុខភាពយើង ដែលបំផុសគំនិតចូលរួមថែរក្សាព្រៃឈើឱ្យបានគង់វង្ស ដែលជាប្រយោជន៍ដល់ក្មេងៗជំនាន់ក្រោយ។

លោកអនុរដ្ឋលេខាធិការ បានចាត់ទុកថា ការចូលរួមពីអ្នកពាក់ព័ន្ធដាំស្តារព្រៃលិចទឹក គឺការទទួលខុសត្រូវ លើការគ្រប់គ្រងធនធានធម្មជាតិ អនាគតភូមិ ឃុំ និងជាជោគវាសនានៃមាតុភូមិយើង។

សូមបញ្ជាក់ថា នេះជាលើកទី២ ដែលការដាំស្តារឡើងវិញនៅតំបន់ព្រៃលិចទឹកតំបន់៣ នៃតំបន់បឹងទន្លេសាប រៀបចំក្នុងភូមិសាស្រ្តខេត្តសៀមរាប ដោយមានកូនឈើ១៥០០០ដើម រួមមានដើមសណ្តាន់ និងម្តេញ នៅលើដីចំនួន៣៥ហិកតា។

ក្រសួងបរិស្ថាន សហការជាមួយរដ្ឋបាលខេត្តសៀមរាប បានរៀបចំដាំស្តារព្រៃលិចទឹកនៅតំបន់៣ នៃបឹងទន្លេសាប លើកទី១ ថ្ងៃទី២៥ ខែមករា ឆ្នាំ២០២២ មានកូនឈើចំនួន២០០០ដើម លើដីទំហំ៥ហិចតា៕