(ព្រៃវែង)៖ លោកវរសេនីយ៍ឯក សួន សំអឿន អធិការនគរបាលស្រុកកំពង់ត្របែក តំណាងលោកឧត្តមសេនីយ៍ទោ ព្រុំ សន្ធរ ស្នងការនគរបាលខេត្តព្រៃវែង បានដឹកនាំកងកម្លាំង ក្រោមឱវាទចុះ សួរសុខទុក្ខ និងនាំយកថវិកា ហើយនឹងគ្រឿងឧបភោគ បរិភោគទៅឧបត្ថម្ភលើកទឹកចិត្ត ក្នុងការជួយសម្រាលបន្ទុកមួយចំនួនជូនដល់លោកស្រីអនុសេនីយ៍ឯក អ៊ុន បំណង អធិការរងនគរបាលស្រុក ដែលមានជម្ងឺដុះសាច់បំពង់ក និងទើបតែវះកាត់រួចបន្តសម្រាកព្យាបាលនៅគេហដ្ឋាន ក្នុងភូមិព្រៃម្នាស់ ឃុំព្រៃឈរ នាថ្ងៃទី៥ ខែមេសា ឆ្នាំ២០២២។

ក្នុងសកម្មភាពនេះ លោកវរសេនីយ៍ឯក សួន សំអឿន សូមជូនពរដល់លោកស្រីអនុសេនីយ៍ឯក អ៊ុន បំណង ឱ្យជៀសផុតពីជម្ងឺកាចសាហាវទាំងឡាយ ពិសេសជំងឺកូវីដ១៩ និងឆាប់ធូរស្រាលពីជម្ងឺឡើងវិញ តាមរយៈការខិតខំថែទាំសុខភាពឱ្យបានល្អប្រសើរ ដោយប្រកាន់ភ្ជាប់នូវអនាម័យល្អ រស់នៅស្អាត ហូបស្អាត ផឹកស្អាត បន្ទាប់ពីលោកអធិការនគរបាលស្រុកកំពង់ត្របែក បានពាំនាំការផ្តាំផ្ញើសួរសុខទុក្ខ ពីសំណាក់លោកឧត្តមសេនីយ៍ទោ ស្នងការនគរបាលខេត្តព្រៃវែង ដែលជានិច្ចកាលលោកស្នងការតែងគិតគូរ ពីសុខទុក្ខរបស់កងកម្លាំងក្រោមឱវាទ ដោយមិនបានរើសអើង និងប្រកាន់វណ្ណៈ។

សូមជម្រាបថា សម្រាប់អំណោយដែលលោកអធិការនគរបាលស្រុកកំពង់ត្របែក និងកងកម្លាំងក្រោមឱវាទ នាំយកមកឧបត្ថម្ភលើកទឹកចិត្ត ក្នុងការជួយសម្រាលបន្ទុកមួយចំនួនជូនដល់លោកស្រីអធិការរងនគរបាលស្រុក នាពេលនេះរួមមាន៖ ចៅអធិការវត្តតាង៉ែតឧបត្ថម្ភ ១០០.០០០រៀល ចៅអធិការវត្តថ្នាខាន់ ១០០.០០០រៀល ចៅអធិការវត្តគ្រើល ១០០.០០០រៀល និងអង្គភាពអធិការដ្ឋាននគរបាលស្រុក ៧០៥.០០០រៀល សរុបចំនួន ១.០៥០.០០០រៀល ក្រៅពីមានមី១កេះ ទឹកដោះគោឆៅ១ឡូ ទឹកក្រូច១កេះ និងទឹកវីតាល់១កេះផងដែរ៕