(ភ្នំពេញ)៖ នៅថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២២នេះ កម្ពុជាបានប្រារព្ធពិធី អបអរសាទរទិវាឆ្មបជាតិ ៥ ឧសភា ២០២២ ក្រោមប្រធានបទ៖ «វិនិយោគលើឆ្មបដើម្បីពង្រឹងការថែទាំសុខភាពបឋម សំដៅឈានទៅដល់ការគ្របដណ្តប់សុខភាពជាសកល» ក្រោមអធិបតីភាព លោកវេជ្ជបណ្ឌិត ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល និងលោកស្រី ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ កាកបាទក្រហមកម្ពុជា និងជាអនុប្រធានអចិន្ត្រៃយ៍ក្រុមការងារឥស្សរជនឆ្នើមថ្នាក់ជាតិ។

ពិធីនេះប្រព្រឹត្តទៅសណ្ឋាគារភ្នំពេញ ក៏មានការអញ្ជើញចូលរួមដោយផ្ទាល់ពីថ្នាក់ដឹកនាំក្រសួងសុខាភិបាល តំណាងអង្គការ UNFPA តំណាងអង្គការ WHO តំណាងដៃគូអភិវឌ្ឍសុខាភិបាល ស្ថាប័នពាក់ព័ន្ធ ឆ្មប និងនិស្សិតឆ្មប សរុបប្រមាណ ១៥០នាក់ ព្រមទាំងចូលរួមតាមរយៈអនឡាញ Zoom ពីសំណាក់សមាជិកសមាជិកា នៃសាខាឆ្មបទាំង២៥រាជធានី-ខេត្តផងដែរ។

ការប្រារព្ធទិវាឆ្មប៥ ឧសភា ២០២២នេះ មានគោលបំណង៖
* អបអរសាទរ និងទទួលស្គាល់តួនាទី-ស្នាដៃការងារឆ្មបក្នុងខួបលើកទី២៨ឆ្នាំនៃការបង្កើតសមាគមឆ្មបកម្ពុជា
* ផ្តល់ចំណេះដឹងអំពីតួនាទីរបស់ឆ្មបដើម្បីពង្រឹងការថែទាំសុខភាពបឋម
* លើកកម្ពស់ការចែករំលែកចំណេះដឹង និងបណ្តាញការងារសុខភាពបន្តពូជ សុខភាពមាតានិងទារក
* បន្តស្វែងរកការគាំទ្រការវិនិយោគលើឆ្មប។

ក្នុងឱកាសនោះ លោកស្រី ម៉ែន នារីសោភ័គ បានអញ្ជើញអានសារលិខិតរបស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងជាឥស្សរជនឆ្នើមថ្នាក់ជាតិ នៃផែនការសកម្មភាពរួម អគ្គលេខាធិការអង្គការសហប្រជាជាតិ ដើម្បីសុខភាពស្ត្រីនិងកុមារ ដែលផ្ញើជូនបងប្អូនជនរួមជាតិក្នុងឱកាសទិវាឆ្មបជាតិ ៥ ឧសភា ២០២២ ដែលក្នុងសារលិខិតនោះបានរំលេចពីវឌ្ឍនភាព និងស្នាដៃរបស់ក្រសួងសុខាភិបាល ក្នុងកិច្ចខិតខំប្រឹងប្រែងតាំងពីបាតដៃទទេ ប្រមូលផ្តុំកម្លាំងឆ្មបកម្ពុជា ដែលនៅសេសសល់រស់រានមានជីវិត ក្រោយរបបកម្ពុជាប្រជាធិបតេយ្យ បានពុះពារគ្រប់ឧបសគ្គ ជម្នះរាល់ការលំបាកជួយស្ត្រីក្នុងការថែទាំផ្ទៃពោះ ការសម្រាល និងការថែទាំក្រោយសម្រាលរហូត សម្រេចបានជាជំហានៗនូវកម្រិតអភិវឌ្ឍសព្វថ្ងៃនេះ។

ក្នុងសារលិខិតរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក៏បានថ្លែងនូវការកោតសរសើរ និងអរគុណដល់ ឆ្មបកម្ពុជាទាំងអស់ ដែលបានលះបង់គ្រប់បែបយ៉ាង រួមទាំងសុខភាពផ្ទាល់ខ្លួន និងគ្រួសារ ដើម្បីបំពេញកាតព្វកិច្ចពុះពារការលំបាកចូលរួមទប់ស្កាត់ការចម្លងមេរោគកូវីដ-១៩ផង និងបន្តរក្សាបានការថែទាំសុខភាពជូនស្ត្រីទូទៅ ស្ត្រីមានផ្ទៃពោះ ទារក និងកុមារ ឱ្យមានដំណើរការល្អជាប្រចាំ។

ជាមួយគ្នានេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត សូមអំពាវនាវសូមឱ្យស្មារតីប្រយុទ្ធដ៏អង់អាចក្លាហាននេះ ស្ថិតនៅជារៀងរហូតជាមួយឆ្មបកម្ពុជា និងសូមឱ្យឆ្មបទាំងអស់បន្តអនុវត្តការងារ៖

១៖ ផ្តល់ប្រឹក្សា អប់រំដល់បុរសនារី ដែលជិតរៀបការអំពីសុខភាពបន្តពូជ ការបង្ការជំងឺឆ្លង ពិសេសទប់ស្កាត់ជំងឺឆ្លងនានាពីម្តាយទៅកូន
២៖ ផ្តល់សេវាថែទាំក្នុងពេលមានផ្ទៃពោះ បង្ការ និងរកឃើញទាន់ពេលនូវផលវិបាកនានា
៣៖ ផ្តល់សេវាថែទាំក្នុងពេលឈឺពោះសម្រាលកូន និងការថែទាំក្រោយសម្រាល
៤៖ ផ្តល់សេវាពន្យារកំណើត និងសេវាចាំបាច់ដទៃទៀត ដែលពាក់ព័ន្ធនឹងការងារឆ្មប។

ទន្ទឹមនឹងនេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត សូមអំពាវនាវដល់ស្ត្រីមានផ្ទៃពោះទាំងអស់ សូមទៅពិនិត្យសុខភាពតាមកាលកំណត់របស់គ្រូពេទ្យ, សូមទៅសម្រាលកូននៅមណ្ឌលសុខភាព ឬមន្ទីរពេទ្យបង្អែក, ត្រូវពិនិត្យតាមដានសុខភាពក្រោយសម្រាល និងយកទារកទៅចាក់ថ្នាំបង្ការ ១១មុខ តាមកាលកំណត់ និងយកកូនទៅមន្ទីរពេទ្យជិតបំផុតឱ្យបានឆាប់នៅពេលទារកឬកូនតូចគ្រុនក្តៅ ឬមានអាការៈខុសប្រក្រតី ឬពិបាកដកដង្ហើម។

ថ្លែងក្នុងឱកាសនោះដែរ លោកវេជ្ជបណ្ឌិត ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានថ្លែងអំណរគុណចំពោះកិច្ចខិតខំប្រឹងប្រែងរបស់មន្ត្រីសុខាភិបាល អាជ្ញាធរ និងអ្នកពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ ជាពិសេសឆ្មបទាំងអស់ ដែលបានរួមចំណែកយ៉ាងធំធេងក្នុងការផ្តល់សេវាជូនប្រជាពលរដ្ឋគ្រប់រូប ជាពិសេសផ្តល់សេវាសុខភាពបន្តពូជ សុខភាពផ្លូវភេទ សុខភាពមាតានិងទារក នៅក្នុងស្ថានភាពដែលប្រទេសកម្ពុជាយើង ក៏ដូចជាបណ្តាប្រទេសលើសកលលោកកំពុងទទួលរងនូវការរាតត្បាតជំងឺកូវីដ-១៩។ ជាមួយគ្នានេះ សូមថ្លែងអំណរគុណដល់ដៃគូអភិវឌ្ឍសុខាភិបាល អង្កការជាតិ-អន្តរជាតិ វិស័យឯកជនដែលបានគាំទ្រដល់សកម្មភាពរបស់សមាគមឆ្មបកម្ពុជាផងដែរ។

លោកវេជ្ជបណ្ឌិត បានគូសបញ្ជាក់ថា «ក្រសួងសុខាភិបាល នឹងគាំទ្របន្តលើអន្តរាគមន៍គន្លឹះ ផ្នែកការងារឆ្មបបន្ថែមលើការវិនិយោគលើការបង្កើនចំនួនឆ្មបជំនាញ ឱ្យបានសមស្របទៅនឹងតម្រូវការធនធានមនុស្ស ក្នុងវិស័យសុខាភិបាល ដាក់បញ្ចូលក្របខណ្ឌបែងចែកឱ្យបំពេញការងារ នៅតាមមូលដ្ឋានសុខាភិបាលសាធារណៈ និងវិនិយោគលើការបណ្តុះបណ្តាល ការបង្វឹកជំនាញបន្ថែម និងការបណ្តុះបណ្តាលក្រោយមូលដ្ឋានថែមទៀត»៕