(ភ្នំពេញ)៖ លោក ឡេង ប៊ុនតេង ទីប្រឹក្សាសម្តេចវិបុលសេនាភក្តី សាយ ឈុំ និងជាប្រធានក្រុមការងារ ចុះជួយសង្កាត់ជ្រោយចង្វារ បាននាំយកម៉ាស៊ីន Oxygen Concentrator ២គ្រឿង ដែលជាអំណោយរបស់សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធនៃព្រះរាជាណាចក្រកម្ពុជា និងម៉ាស៊ីន X-Ray ចំនួន១គ្រឿង ជារបស់លោក ម៉ម ចាន់ដារ៉ា ទីប្រឹក្សាសម្តេចវិបុលសេនាភក្តី សាយ ឈុំ ជូនដល់មណ្ឌលសុខភាព ជ្រោយចង្វារ ដើម្បីបម្រើសេវាតម្រូវការសុខភាពសង្គ្រោះអាយុជីវិតជូនប្រជាពលរដ្ឋ នៅសង្កាត់ជ្រោយចង្វារ ក៏ដូចជាប្រជាពលរដ្ឋទូទៅ នៅព្រឹកថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២២។

ជាមួយគ្នានេះ ក៏មានចូលរួមពីអនុប្រធានក្រុមការងារជាច្រើន រួមមាន៖ លោក ឌួង សុជាតិ អនុប្រធានក្រុមការងារ, លោកស្រី ឈឹម គារ៉ែនណា, លោកវេជ្ជបណ្ឌិត ម៉ម ចាន់ដារ៉ា, លោក ឆឹម ឬទ្ធី, លោក គួច ហៃ ព្រមទាំងលោក លោកស្រី ជាសមាជិក សមាជិកា ក្រុមការងារចុះជួយសង្កាត់ សមាជិក សមាជិកា ក្រុមប្រឹក្សាសង្កាត់ ជាច្រើនរូបផងដែរ។

បន្ទាប់ពីបានប្រគល់ជូននូវម៉ាស៊ីនរួច ក្រុមការងារដឹកនាំដោយលោក ឡេង ប៊ុនតេង បាននាំនូវថ្នាំពេទ្យ ជូនដល់មណ្ឌលសុខភាពចំនួន០២ នៃខណ្ឌឬស្សីកែវ គឺមណ្ឌលសុខភាព គីឡូម៉ែត្រលេខ៦ និងមណ្ឌលសុខភាពគីឡូម៉ែត្រលេខ៩ ក្នុងនោះមានថ្នាំ៖ Amoxicillin 250mg ស្មើ២២កេស, Clarithromycin 250mg ស្មើ២៦កេស, Diarum 2mg ស្មើ៨កេស, Celamine ស្មើ១០កេស ដើម្បីឲ្យមណ្ឌលសុខភាពទុកប្រើប្រាស់ជូនប្រជាពលរដ្ឋ៕