(កំពង់ស្ពឺ)៖ លោក សុខ ភា អភិបាលរងខេត្តកំពង់ស្ពឺ បានលើកឡើងក្នុងសិក្ខាសិលាថា ខេត្តកំពង់ស្ពឺជាខេត្តមួយ ដែលមានសក្តានុពល អាស្រ័យលើវិស័យឧស្សាហកម្ម កសិកម្ម ទេសចរណ៍ និងប្រព័ន្ធ ហេដ្ឋារចនាសម្ព័ន្ធរូបវន្ត។

លោក សុខ ភា បានបន្ថែមថា ផលិតផលសក្តានុពលរួមមាន៖ ខ្សាច់សំណង់ ថ្មសំណង់ ស្ករត្នោត ស្ករអំពៅ បន្លែ ស្រូវ អង្ករ សាច់មាន់ សាច់ជ្រូក និងស្វាយកែវរមៀត។

ការលើកឡើងរបស់លោក សុខ ភា ធ្វើឡើងក្នុងពិធីសិក្ខាសាលា ស្តីពី «ការយល់ដឹងពីការធ្វើអាជីវកម្មរបស់ពាណិជ្ជករកម្ពុជា ដើម្បីកាត់បន្ថយ បញ្ហាប្រឈមផ្នែកផ្លូវច្បាប់» ចំពោះអាជីវកម្មរបស់ពាណិជ្ជករកម្ពុជា នៅថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២២។

លោកថា សេដ្ឋកិច្ចរបស់ខេត្តកំពង់ស្ពឺ ទទួលបានលទ្ធផលដ៏គួរឲ្យជាទីមោទនៈ ដែលឆ្លុះបញ្ចាំងចេញពីកំណើនសេដ្ឋកិច្ចយ៉ាងឆាប់រហ័ស និងការកាត់បន្ថយភាពក្រីក្រគួរឲ្យមោទនភាព ក្រោមការដឹកនាំរបស់ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចតេជោ ហ៊ុន សែន ដែលមាននូវនយោបាយការទូតដ៏ល្អ និងកិច្ចខិតខំប្រឹងប្រែងអនុវត្តន៍ផ្ទាល់របស់រដ្ឋបាលខេត្តកំពង់ស្ពឺ ដែលមានលោក វ៉ី សំណាង ជាអភិបាលខេត្តកំពង់ស្ពឺ។

លោក បួន សារៈមុនី រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានថ្លែងនៅមុខក្រុមអាជីវករថា សភាពាណិជ្ជកម្មកម្ពុជាសហការជាមួយក្រសួងពាណិជ្ជកម្ម ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) ដើម្បីធ្វើការបង្ហាញ ផ្សព្វផ្សាយ និងលើកកម្ពស់ការយល់ដឹងពីផ្នែកច្បាប់ ស្តីពីវិនិយោគ នៃព្រះរាជាណាចក្រកម្ពុជា ច្បាប់ស្តីពីកិច្ច ការពារអ្នកប្រើប្រាស់ ច្បាប់ស្ដីពីការប្រកួតប្រជែង ច្បាប់ស្តីពីការគ្រប់គ្រងគុណភាព សុវត្ថិភាពលើផលិតផល ទំនិញ និងសេវា ជូនអង្គសិក្ខាសាលាទាំងមូល។

លោកថា ការរៀបចំសិក្ខាសាលានៅថ្ងៃនេះ មានគោលបំណង ចង់ឲ្យបង ប្អូនពាណិជ្ជករ ម្ចាស់ក្រុមហ៊ុន សហគ្រាស សិស្សនិស្សិត និងអ្នកចូលរួមទាំងអស់ ទទួលបាននូវប្រយោជន៍ ការយល់ដឹងពីច្បាប់ទាំង៤នេះ ឲ្យបានទូលំទូលាយ ដើម្បីយកទៅអនុវត្តក្នុងអាជីវកម្មរបស់ខ្លួន និងអភិវឌ្ឍន៍អាជីវកម្ម ឲ្យមានភាពរីកចម្រើន ជាពិសេសជៀសវាង មានហានិភ័យក្នុង បទប្បញ្ញត្តិច្បាប់ផ្សេងៗ និងជំរុញឲ្យមានការ ប្រកួតប្រជែងដោយស្មោះត្រង់ បង្កើតឲ្យមានបរិយាកាសប្រកួតប្រជែងស្មើភាពរវាងធុរកិច្ច និងការពារផលប្រយោជន៍របស់អ្នកប្រើប្រាស់៕