(បន្ទាយមានជ័យ)៖ នៅថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២២ សាលាខេត្តបន្ទាយមានជ័យ បានបើកកិច្ចប្រជុំរៀបចំផែនការស្តីពីកិច្ចការ ការពារ និងពិនិត្យបញ្ជីឈ្មោះចុះឈ្មោះបោះឆ្នោតថ្នាក់ជាតិ ថ្នាក់ក្រោមជាតិ និងសម្រាប់រក្សាសន្តិសុខ សណ្ដាប់ធ្នាប់ក្នុងពេលយុទ្ធនាការ ឃោសនាបោះឆ្នោតឃុំសង្កាត់ ជូនគណបក្សនយោបាយ និងប្រជាពលរដ្ឋ។

កិច្ចប្រជុំនេះ ធ្វើឡើងក្រោមវត្តមាន លោក ខេង ស៊ុ ប្រធានក្រុមប្រឹក្សាខេត្ត លោក អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត ថ្នាក់ដឹកនាំក្រុងស្រុក រដ្ឋបានឃុំសង្កាត់ជាច្រើននាក់។

ក្នុងកិច្ចប្រជុំដាក់ផែនការនោះ លោកអភិបាលខេត្តបន្ទាយមានជ័យ បានថ្លែងថា កិច្ចប្រជុំផ្សព្វផ្សាយកិច្ចការការពារចុះឈ្មោះបោះឆ្នោត ដើម្បីរៀបចំបញ្ជីឈ្មោះបោះឆ្នោតថ្មីឆ្នាំ២០២២ និងឆ្នាំ២០២៤ ដើម្បីអនុវត្តឱ្យបានត្រឹមត្រូវ តាមវិធានការ ដែលបានចែងក្នុងច្បាប់តាមបទបញ្ជា និងនីតិវិធីសម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាសង្កាត់ព្រមទាំងធានានិរន្តភាពការងាររបស់រដ្ឋបាលឃុំ សង្កាត់ប្រកបដោយប្រក្រតីភាពក្នុងរយៈពេលដំណើរការ បោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់។

ពេលបើកយុទ្ធនាការឃោសនាបោះឆ្នោតរហូតដល់ប្រកាសលទ្ធផលនៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាសង្កាត់ បេក្ខភាពឈរឈ្មោះ ត្រូវខិតខំពង្រឹងសាមគ្គីភាពនិងសហប្រតិបត្តិការល្អក្នុងការរកសំលេងឆ្នោតជូនបក្សខ្លួន ឲ្យបានត្រឹមត្រូវតាមគោលការណ៍នៃច្បាប់។

លោកបានបញ្ជាក់ថា ក្នុងនោះមានការពិនិត្យ បញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតប្រចាំឆ្នាំ និងការចុះឈ្មោះបោះឆ្នោតថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិផងដៃរ ក្នុងអំឡុងនៃការស្រង់ឈ្មោះរៀបចំបញ្ជីឈ្មោះបោះឆ្នោតនេះ នគរបាល អាវុធហត្ថ ត្រូវត្រៀមកម្លាំងចាំការពារនៅទូទាំងខេត្តបន្ទាយមានជ័យ ពិសេសនៅក្នុងបរិវេនការិយាល័យបោះឆ្នោតក្នុងខេត្តតែម្តង ដើម្បីរក្សាការពារសន្តិសុខនិងសុវត្ថិភាពជូនប្រជាពលរដ្ឋ។

កិច្ចប្រជុំនោះលោកបានដាក់បទបញ្ជាឲ្យអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធត្រៀម ពង្រឹងសន្តិសុខ អំឡុងពេលនៃការចុះឈ្មោះបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់ដើម្បីការពារសន្តិសុខសុវត្ថិភាព ជូនប្រជាពលរដ្ឋនិងធានាឲ្យបាននូវការបោះឆ្នោតទៅដោយភាពរលូនទៀតផង។

លោកបន្តថា កងកម្លាំងនឹងត្រូវផ្ដល់សេវាសន្តិសុខជូនប្រជាពលរដ្ឋ អ្នកនយោបាយ អ្នកសង្កេតការណ៍ជាតិអន្តរជាតិ ដែលបានចូលរួមសង្កេតការណ៍ដើម្បីធានាឲ្យបានឲ្យមានភាពស្ងប់ស្ងាត់ ដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌ តាមគោលការណ៍លទ្ធិប្រជាធិបតេយ្យ ដោយគ្មាន ការគំរាមកំហែង ការបំភិតបំភ័យ និងអំពើហិង្សាផ្សេងៗដើម។

លោកបានបញ្ជាក់ឲ្យដឹងបន្តទៀតថា សមត្ថកិច្ចត្រូវតែចាត់វិធានការទប់ស្កាត់ប្រយុទ្ធប្រឆាំងរាល់ការបំភ្លើស និងភ្លេចបំផ្លាញដែលធ្វើឱ្យរាំងស្ទះដល់ដំណើរការរៀបចំការបោះឆ្នោតគ្រប់រូបភាព៕