(កំពង់ធំ)៖ លោក ឈុន ឈន់ ប្រធានក្រុមប្រឹក្សាខេត្តកំពង់ធំ បានស្នើមន្ត្រីជំនាញចុះពិនិត្យមើលស្ថានីយប្រេងឱ្យបានគ្រប់ កន្លែងពីព្រោះស្ថានីយខ្លះការលក់ប្រេងជូនប្រជាពលរដ្ឋហាក់បីដូចជា មិនត្រូវតាមស្តង់ដាមាត្រដ្ឋានបច្ចេកទេស (មិនគ្រប់លីត្រ)។

លោក ឈុន ឈន់ បានថ្លែងយ៉ាងដូច្នេះនៅក្នុងកិច្ចប្រជុំសាមញ្ញលើកទី៣៥ របស់ក្រុមប្រឹក្សាខេត្តកំពង់ធំថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២២ មានការអញ្ជើញចូលរួមពីលោក ងួន រតនៈ អភិបាលខេត្តកំពង់ធំ សមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត ប្រធានមន្ទីរអង្គភាពជុំវិញខេត្ត កងកម្លាំងប្រដាប់អាវុធ និងមន្ត្រីរាជការជាច្រើនរូប។

លោក ឈុន ឈន់ បានណែនាំដល់មន្ត្រីជំនាញគ្រប់រូបត្រូវពិនិត្យរាល់ការងារក្នុងមូលដ្ឋានទាំងអស់កុំទុកយូររាល់ការងារអ្វីណាមួយដែលមិនអាចដោះចេញនោះសូមរាយការណ៍បន្ទាន់ឬបញ្ជូនមកថ្នាក់លើ យើងទាំងអស់គ្នាត្រូវចូលរួម ថែរក្សាសុខសន្តិភាព ស្ថិរភាពនយោបាយនិងរួមគ្នាទប់ស្កាត់ប្រឆាំងដាច់ខាតសកម្មភាពនានា អាជ្ញាធរនិងកងកម្លាំងមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ត្រូវបន្តថែរក្សាពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈសុវត្ថិភាពសង្គមឲ្យបានល្អ ប្រសើរក្នុងការចូលរួមអនុវត្តគោលនយោបាយភូមិ ឃុំឲ្យមានសុវត្ថិភាពនិងមានការចូលរួមពីប្រជាពលរដ្ឋនៅមូលដ្ឋាន។

លោកបានបន្ថែមថា ត្រូវជំរុញការផ្សព្វផ្សាយការងារផ្តល់វ៉ាក់សាំងការពារមេរោគកូវីដ១៩ ដែលប្រជាពលរដ្ឋមិនបានចូលរួមមកទទួលវ៉ាក់សាំង(ដូសជំរុញ)ដើម្បីសហគមន៍មានភាពប្រសើរឡើង និងផ្សព្វផ្សាយពីច្បាប់ចរាចរណ៍រួម និងបញ្ហាគ្រឿងញៀនផងដែរ។

នៅក្នុងកិច្ចប្រជុំសាមញ្ញលើកទី៣៥របស់ក្រុមប្រឹក្សា រួមមាន៖

*ទី១៖ ពិនិត្យនិងអនុម័តកំណត់ហេតុនៃកិច្ចប្រជុំសាមញ្ញលើកទី៣៤ របស់ក្រុមប្រឹក្សាខេត្ត ទី២៖ពិនិត្យនិងអនុម័តរបាយការណ៍ប្រចាំត្រីមាសទី១ ឆ្នាំ២០២២ របស់រដ្ឋបាលខេត្ត
*ទី៣៖ ពិនិត្យនិងអនុម័តរបាយការណ៍ប្រចាំខែមេសាឆ្នាំ២០២២ របស់រដ្ឋបាលខេត្ត *ទី៤៖ ពិនិត្យនិងអនុម័តសេចក្តីព្រាងនិងសេចក្តីសម្រេចស្ដីពីការកែសម្រួលសមាសភាពគណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រីនិងកុមាររបស់ក្រុមប្រឹក្សាខេត្តកំពង់ធំ *ទី៥៖ ពិនិត្យនិងអនុម័តសេចក្តីព្រាងនៃសេចក្តីសម្រេចស្តីពីការបង្កើតក្រុមការងារកិច្ចការពារកុមារ
*ទី៦៖ ពិនិត្យនិងអនុម័តសេចក្តីព្រាងនៃសេចក្តីសម្រេចស្តីពីប្រតិទិននៃកិច្ចប្រជុំសាមញ្ញរបស់ក្រុមប្រឹក្សាខេត្តអាណត្តិទី៣ ឆ្នាំទី៤( ២០២២-២០២៣)។