(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានលើកទឹកចិត្តឱ្យក្រុមប្រឹក្សាធុរកិច្ចសហរដ្ឋអាមេរិក-អាស៊ាន បន្តវិនិយោគ ក៏ដូចជាខិតខំស្វែងរកសក្តានុពលផ្សេងទៀត ដើម្បីវិនិយោគនៅកម្ពុជា។

ការលើកឡើងរបស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងក្នុងឱកាសដែលសម្តេចអនុញ្ញាតឱ្យគណៈប្រតិភូក្រុមប្រឹក្សាធុរកិច្ចអាមេរិក-អាស៊ាន ដឹកនាំដោយ ឯកអគ្គរដ្ឋទូត Michael W. Michalak អនុប្រធានជាន់ខ្ពស់ និងជានាយកគ្រប់គ្រងប្រចាំតំបន់នៃក្រុមប្រឹក្សាធុរកិច្ចអាស៊ាន-សហរដ្ឋអាមេរិក (US-ABC) ចូលជួបសម្តែងការគួរសម និងពិភាក្សាលើការវិនិយោគ និងធ្វើពាណិជ្ជកម្ម នាព្រឹកថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២២។

លោក អ៊ាង សុផល្លែត ជំនួយការផ្ទាល់សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា សម្តេចតេជោ ក៏បានសម្តែងនូវការស្វាគមន៍ចំពោះការដំឡើងរោងចក្រដំឡើងរថយន្តនៅខេត្តពោធិ៍សាត់ ហើយបានលើកទឹកចិត្តឱ្យក្រុមហ៊ុនទាំងបន្តវិនិយោគ និងស្វែងរកសក្តានុពលផ្សេងទៀត ដើម្បីវិនិយោគនៅកម្ពុជា។

នៅក្នុងជំនួបនេះ លោក Michael W. Michalak បានថ្លែងអំណរគុណសម្តេចតេជោ ដែលបានជួយគាំទ្រ ក្រុមប្រឹក្សាធុរកិច្ចសហរដ្ឋអាមេរិក-អាស៊ាន (US-ABC) ឱ្យបានចូលសម្តែងការអបអរសាទរ និងគាំទ្រកម្ពុជា ក្នុងការធ្វើជាប្រធានអាស៊ាន។ លោកបានបន្ថែមថា ភាពដឹកនាំរបស់សម្តេចតេជោ បានដើរតួនាទីបានយ៉ាងល្អ សម្រាប់តំបន់ជាពិសេសសម្រាប់បញ្ហាមីយ៉ាន់ម៉ា។ លោកបានវាយតម្លៃខ្ពស់ចំពោះ ការចាត់វិធានការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ ដែលទទួលបានជោគជ័យ នាំទៅដល់ការបើកដំណើរការឡើងវិញនូវសេដ្ឋកិច្ចកម្ពុជា និងអនុញ្ញាតឱ្យមានជំនួបផ្ទាល់នៅថ្ងៃនេះ។

លោក Michael W. Michalak បានបន្តថា នៅថ្ងៃនេះ លោកបានដឹកនាំក្រុមហ៊ុនចំនួន១៣ ដោយបែងចែកជា៣ក្រុម ហើយបានលើកមកពិភាក្សានូវបញ្ហាថាមពល ការដំឡើងរោងចក្រដំឡើងរថយន្តនៅខេត្តពោធិ៍សាត់ ការជំរុញសេដ្ឋកិច្ចឌីជីថល និងវិស័យសុខាភិបាល។

ជាកិច្ចឆ្លើយតប សម្តេចតេជោ បានថ្លែងអំណរគុណដល់សហរដ្ឋអាមេរិក ដែលបានផ្តល់ជំនួយវ៉ាក់សាំងចនសាន់ & ចនសាន់ ដល់ប្រទេសកម្ពុជា និង pfizer ហើយបានជម្រាបជូនប្រតិភូទាំងមូលនូវស្ថានភាពថាមពលរបស់កម្ពុជា ដែលក្នុងនោះកម្ពុជាកំពុងតែប្រើប្រាស់អគ្គិសនីផលិតដោយវារីអគ្គិសនីសរុបទាំងអស់មាន ៦១.៣៩ភាគរយ អំពីសូឡា ៤.១ភាគរយ និងជីវៈឧស្ម័នចំនួន០.២៨ភាគរយ។

សូមបញ្ជាក់ថា គណៈប្រតិភូក្រុមប្រឹក្សាធុរកិច្ចអាមេរិក-អាស៊ាន បាននិងកំពុងបំពេញទស្សនកិច្ចនៅកម្ពុជា ដោយបានចូលជួបថ្នាក់ដឹកនាំតាមក្រសួងស្ថាប័នរបស់រដ្ឋ ក៏ដូចជាវិស័យឯកជន ដើម្បីស្វែងរកឱកាសពង្រីកការធ្វើពាណិជ្ជ និងវិនិយោគ៕