(ភ្នំពេញ)៖ កម្លាំងនគរបាលព្រហ្មទណ្ឌ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឃាត់ខ្លួនស្រ្តីពាណិជ្ជករ២នាក់ជាបន្តបន្ទាប់ក្នុងករណីផ្សេងគ្នា ពាក់ព័ន្ធបទឆបោកលុយរាប់ម៉ឺនដុល្លារ ប៉ុន្តែស្រ្តីម្នាក់ត្រូវបានតុលាការសម្រេច ដោះលែងឲ្យនៅក្រៅឃុំ ខណៈម្នាក់ទៀតកំពុងសួរនាំ ដើម្បីបញ្ជូនទៅកាន់តុលាការចាត់ការបន្ត។

យោងតាមរបាយការណ៍របស់សមត្ថកិច្ច បានឲ្យដឹងថា ស្រ្តីពាណិជ្ជករទាំង២នាក់រួមមាន៖

*ទី១៖ ឈ្មោះ ឈិន ដាណា អាយុ៤៧ឆ្នាំ បច្ចុប្បន្នស្នាក់នៅក្នុងបុរី១កន្លែង ក្នុងសង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ
*ទី២៖ ឈ្មោះ ពេជ្រ ស្រីមុំ អាយុ៣៥ឆ្នាំ មុខរបរពាណិជ្ជករ ស្នាក់នៅផ្ទះលេខ២៥២ ផ្លូវផ្លាទីនឹម សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

សម្រាប់ករណីទី១ សមត្ថកិច្ចបានប្រាប់ភ្នាក់ងារព័ត៌មាន Fresh News នៅថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២២ថា ស្រ្តីឈ្មោះ ឈិន ដាណា ត្រូវបានឃាត់ខ្លួនតាមដីកាបង្គាប់ឲ្យចាប់ខ្លួនរបស់លោក កេត សុជាតិ ចៅក្រមស៊ើបសួរ នៃសាលាដំបូងរាជធានីភ្នំពេញ ក្រោមបទចោទ «ឆបោក និងមិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍ដែលអាចជួញដូរបាន» ប្រព្រឹត្តនៅរាជធានីភ្នំពេញ កាលពីថ្ងៃទី៦ ខែកក្កដាឆ្នាំ២០២០ និងនៅថ្ងៃទី២១ ខែតុលា ឆ្នាំ២០២០ យោងតាមមាត្រា ៣៧៧ និងមាត្រា ៣៧៨ នៃក្រមព្រហ្មទណ្ឌ និងមាត្រា ២៣១ នៃច្បាប់ស្ដីពី ឧបករណ៍ដែលអាចជួញដូរបាន និងប្រតិបត្តិការទូទាត់សងប្រាក់។

ដើមចមរឿងក្តីនេះ សមត្ថកិច្ចឱ្យដឹងថា នៅអំឡុងចុងឆ្នាំ២០២០ ឈ្មោះ ឈិន ដាណា បានធ្វើកិច្ចសន្យាលក់ដីទំហំ៣ហិកតា ស្ថិតនៅស្រុកអូររាំង ខេត្តមណ្ឌលគិរី ក្នុងតម្លៃ៦០ម៉ឺនដុល្លារ ឲ្យទៅជនរងគ្រោះម្នាក់។ ប៉ុន្តែដោយមានការជឿជាក់លើស្ត្រីរូបនេះ ជនរងគ្រោះបានបង់ប្រាក់ថ្លៃដីគ្រប់ចំនួន។ ក្រោយពីបានលុយអស់ហើយបែរជាស្រ្តីរូបនេះ គ្មានដីឲ្យជនរងគ្រោះដែលជាអ្នកទិញទៅវិញ ទើបជនរងគ្រោះប្តឹងមកតុលាការតែម្តង។

ក្រោយចាប់ខ្លួន នគរបាលបានបញ្ជូនស្រ្តីរូបនេះទៅកាន់តុលាការចាត់វិធានការតាមច្បាប់ ប៉ុន្តែនៅវេលាម៉ោងប្រមាណជាង៧យប់ ថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២២ ចៅក្រមសាលាដំបូងរាជធានីភ្នំពេញលោក កេត សុជាតិ បានសម្រចមិនឃុំខ្លួនឈ្មោះ ឈិន ដាណា នោះទេពោលបានអនុញ្ញាតឲ្យត្រឡប់ទៅវិញ។

ដោយឡែកករណីទី២ ស្រ្តីឈ្មោះ ពេជ្រ ស្រីមុំ ត្រូវបានកម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតធ្ងន់ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ កាលពីថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២២ ឃាត់ខ្លួននៅចំណុចមុខអាគា Rise Commercial Building លេខ៥ ផ្លូវលេខ២៨២ សង្កាត់បឹងកេងកងទី១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។

ការឃាត់ខ្លួននេះបានធ្វើឡើងដោយអនុវត្តតាមដីកាបញ្ជាឲ្យចូលខ្លួនរបស់លោក ច្រឹង ខ្មៅ ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ពាក់ព័ន្ធករណីមិនបំពេញកាតព្វកិច្ច ចំពោះឧបករណ៍អាចជួញដូរបាន ទឹកប្រាក់ចំនួន ៧៧៦០០០ដុល្លារ តាមពាក្យបណ្តឹងរបស់ឈ្មោះ លឹម ហ៊ួរនីតូ ភេទប្រុស អាយុ៣៤ឆ្នាំ មុខរបរពាណិជ្ជករ។

រហូតមកដល់ព្រឹកថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២២នេះ ស្រ្តីសង្ស័យកំពុងសួរនាំនៅការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ ដើម្បីចាត់ការបន្តទៀត។ នេះបើតាមលោក អេង សោភា នាយការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ បានប្រាប់ភ្នាក់ងារព័ត៌មាន Fresh News៕