(បន្ទាយមានជ័យ)៖ ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានថ្លែងថា គ្រូបង្រៀនគឺជាបេះដូង នៃការស្តារ និងអភិវឌ្ឍវិស័យអប់រំ។

លោកថ្លែងបែបនេះក្នុងឱកាសដឹកនាំក្រុមការងារចូលជាអធិបតីសម្ពោធអគារសិក្សានៅសាលាបឋមសិក្សាស្រះឈូកប្រាសាទ ត្នោត បន្ទាយនាង ឫស្សីក្រោក រហាត់ទឹក ចក ពង្រ អូរស្ងួតនិងទីចាត់ការសរុបចំនួន១១ខ្នង ស្មើនឹង៤៥បន្ទប់ ដែលមានតម្លៃសរុបជិត៥០ម៉ឺនដុល្លារ និងសំណេះសំណាលជាមួយប្រជាពលរដ្ឋក្នុងស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ នាព្រឹកថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២២។

ថ្លែងក្នុងនាម សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ក្នុងឱកាសនេះ ឧបនាយករដ្ឋមន្រ្តី កែ គឹមយ៉ាន បានថ្លែងកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំ មន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ សមត្ថកិច្ចគ្រប់ លំដាប់ថ្នាក់ និងប្រជាពលរដ្ឋទូទាំងខេត្តបន្ទាយមានជ័យ ជាពិសេសអាជ្ញាធរ និងអង្គភាពពាក់ព័ន្ធស្រុកមង្គលបូរី ដែលបានចូលរួមចំណែក ពង្រឹងខឿនការពារជាតិ ការពារបូរណភាពដែនដី រក្សាបានសន្តិសុខ សណ្តាប់ធ្នាប់សង្គម អនុវត្តគោលនយោបាយភូមិ ឃុំ មានសុវត្ថិភាព ការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ ការកសាង និងអភិវឌ្ឍ សេដ្ឋកិច្ចសង្គមស្តារបានហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត អភិវឌ្ឍវិស័យអប់រំ សុខាភិបាល សង្គមកិច្ច និងជីវភាពរស់នៅរបស់ប្រជាជនទៅតាមគន្លងប្រក្រតីភាពថ្មី នៃបរិបទកូវីដ-១៩។

ក្នុងឱកាសនោះ ឧបនាយករដ្ឋមន្រ្តី កែ គឹមយ៉ាន បានថ្លែងបន្តដោយកោតសរសើរនិងថ្លែងអំណរគុណចំពោះអ្នកពាក់ព័ន្ធក្នុងវិស័យអប់រំទាំងអស់ ដែលបានខិតខំពុះពារយកចិត្តទុកដាក់បង្រៀនសិស្សក្នុងរយៈកាលកន្លងមក ជាពិសេសក្នុងអំឡុងពេលនៃវិបត្តិកូវីដ- ១៩ ដែលយើងទាំងអស់គ្នា «គ្រូបង្រៀនគឺជាបេះដូង នៃការស្តារ និងការអភិវឌ្ឍវិស័យអប់រំ» ជាង៤៣ឆ្នាំកន្លងមកនេះ ផ្តើមចេញពីថ្ងៃជ័យជម្នះ៧ មករា ១៩៧៩ រាជរដ្ឋាភិបាលកម្ពុជា បានខិតខំស្តារប្រទេស ពីបាតដៃទទេកសាងបាននូវមូលដ្ឋានគ្រឹះដ៏សំខាន់នៃការអភិវឌ្ឍសង្គម សេដ្ឋកិច្ច បណ្តុះបណ្តាលធនធានមនុស្សអប់រំសិស្សានុសិស្សដែលជាទំពាំងស្នងឬស្សី ក្លាយជាពលរដ្ឋល្អ និងជាអ្នកបន្តវេនប្រកបដោយសក្តានុពលចូលរួមជួយកសាងប្រទេសជាតិ បានរីកចម្រើន និងមិនពាក់ព័ន្ធនឹងអំពើអបាយមុខ ចាកចេញឆ្ងាយពីបញ្ហាគ្រឿងញៀន។

ជាមួយគ្នានេះដែរ ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន បាននាំយកអំណោយជាថវិកា និងសម្ភារសិក្សាផ្តល់និងចែកជូន៖

១៖ ឧបត្ថម្ភកម្លាំងនគរបាល កងរាជអាវុធហត្ថសឹករងស្រុក ប្រជាការពារ ក្រុមគ្រូពេទ្យក្នុង០១ក្រុមៗថវិកា៥០ម៉ឺនរៀល
២៖ ឧបត្ថម្ភលោកគ្រូ អ្នកគ្រូ ១៤នាក់ ក្នុង១នាក់ទទួលបានសារុង១ និងថវិកា១ម៉ឺនរៀល
៣៖ ឧបត្ថម្ភសិស្សានុសិស្ស៤២៥នាក់ម្នាក់ៗទទួលបានសៀវភៅ២ក្បាល ប៊ិច២ដើម និងថវិកា៥ពាន់រៀល
៤៖ ឧបត្ថម្ភប្រជាពលរដ្ឋចូលរួមទាំងអស់ម្នាក់ៗទទួលបានសារុង១
៥៖ ឧបត្ថម្ភសសយក កាកបាទក្រហម និងក្រុម ការងារអភិវឌ្ឍយុវជន ខេត្តបន្ទាយមានជ័យ ៤២នាក់ ម្នាក់ៗ១ម៉ឺនរៀល
៦៖ ជួយថវិកា៥ម៉ឺនដុល្លាកសាងអគារសិក្សា១ខ្នង៥បន្ទប់ នៅសាលាបឋមសិក្សាចក ផងដែរ៕