(រតនគិរី)៖ មន្ត្រីជាន់ខ្ពស់អគ្គស្នងការនគរបាលជាតិ បានថ្លែងថា កម្លាំងអន្តរាគមន៍មានតួនាទីរក្សាសណ្តាប់ធ្នាប់ និងចៀសវាងអំពើហិង្សា តែត្រូវអនុវត្តច្បាប់ចំពោះជនទាំងឡាយណា ដែលធ្វើខុសច្បាប់។

លោកឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន អគ្គស្នងការរងជានាយសេនាធិការតំណាងនាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ ថ្លែងបែបនេះ ពេលជួបសំណេះសំណាល និងសួរសុខទុក្ខកម្លាំងនគរបាលអន្តរាគមន៍ នៃស្នងការនគរបាលខេត្តរតនគិរី នៅព្រឹកថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២២។

ថ្លែងក្នុងពិធីខាងលើនេះដែរ លោកឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន បានថ្លែងថា កម្លាំងអន្តរាគមន៍មានតួនាទីរក្សាសណ្តាប់ធ្នាប់, មានស្មារតីប្រុងប្រយ័ត្នទទួលខុសត្រូវខ្ពស់ និងចៀសវាងអំពើហិង្សា ប៉ុន្តែអនុវត្តច្បាប់ចំពោះជនទាំងឡាយណា ដែលលង់ខ្លួនការញុះញង់មុខសញ្ញារឹងរូសត្រូវទប់ស្កាត់។

លោកឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន បន្តថា កម្លាំងអន្តរាគមន៍ត្រូវមានកាយសម្បទាមាំមួន រៀនសូត្រក្បួនខ្នាតគោរពវិន័យ និងបទបញ្ជា។ ជាក់ស្តែង ដូចថ្ងៃនេះកម្លាំងអន្តរាគមន៍មានឯកសណ្ឋានសាកសមមានភាពអង់អាចក្លាហាន ប៉ុន្តែត្រូវមានអនាម័យជាប់ជាប្រចាំ គោរពតាមការណែនាំរបស់ក្រសួងសុខាភិបាល (៣កុំ ៣ការពារ)។

បន្ថែមលើនេះទៀត លោកឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន បានស្នើសូមឲ្យកម្លាំងអន្តរាគមន៍រក្សាបាននូវសេចក្តីថ្លៃថ្នូ កិត្តិយស គុណធ៌ម សីលធ៌ម វិជ្ជាជីវៈ និងឆន្ទៈមោះមុតបម្រើការងារសំដៅលើកកម្ពស់ក្នុងការអនុវត្តតួនាទី ភារកិច្ចឲ្យបានកាន់តែមានប្រសិទ្ធភាព ក្នុងការថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈនិងសុវត្ថិភាពសង្គមបម្រើផលប្រយោជន៍ប្រទេសជាតិ និងប្រជាជន៕