(ភ្នំពេញ)៖ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា នៅព្រឹកថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៦នេះ បានឧបត្ថម្ភថវិកាមួយចំនួន ដល់លោក ហេង សីហា អាយុ២៨ឆ្នាំ ជាជាងផ្សារដែក បានទទួលរងគ្រោះថ្នាក់ដោយឆក់ចរន្តអគ្គិសនី កាលពីថ្ងៃទី២ ខែមីនា ឆ្នាំ២០១៦ ខណៈឡើងផ្សារដំបូលផ្ទះឱ្យគេ មានទីលំនៅនៅភូមិអូរតាថុក ឃុំថ្មពួន ស្រុកព្រៃឈរ ខេត្តកំពង់ចាម ហើយបច្ចុប្បន្នកំពុងសម្រាក ព្យាបាលនៅមន្ទីរពេទ្យព្រះកុសុមៈ ។

ក្រោយពីបានពិនិត្យឃើញ ស្ថានភាពគ្រោះថ្នាក់ដ៏ធ្ងន់ធ្ងរនេះរួចមក ក្រុមគ្រូពេទ្យបានសម្រេចចិត្តកាត់ដៃស្តាំ ដើម្បីសង្រ្គោះអាយុជីវិត នៅពេលនេះជនរងគ្រោះកំពុង សម្រាកព្យាបាលនៅមន្ទីរពេទ្យ ដោយមើលឃើញពីការលំបាក និងក្ដីអាណិតអាសូរនេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានឧបត្ថម្ភនូវថវិកាមួយចំនួន ដើម្បីផ្គត់ផ្គង់ដល់ជីវភាពគ្រួសារ របស់ជនរងគ្រោះ។

ភរិយាជនរងគ្រោះ បានសម្តែងនូវការដឹងគុណ យ៉ាងជ្រាលជ្រៅបំផុតចំពោះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលបានមើលឃើញពី ទុក្ខលំបាក របស់គ្រួសារខ្លួន ហើយសន្យាថា នឹងប្រើប្រាស់ថវិកាទាំងនេះ ដើម្បីព្យាបាលជំងឺប្តីឱ្យបានជាសះស្បើយ ហើយថវិកាដែលនៅសល់ពីការព្យាបាលជំងឺ នឹងយកទៅចាត់ចែងទិញសម្ភារៈយកមកលក់ដូរ ដើម្បីចិញ្ចឹមជីវិតប្រចាំថ្ងៃ។

ជាមួយគ្នានោះដែរ លោកយាយ គា អាយុ៨១ឆ្នាំ ជាចាស់ជរាកំព្រាឥតទីពឹង ដែលមានជំងឺដើរពុំរួច កំពុងសម្រាកព្យាបាល នៅមន្ទីរពេទ្យជាមួយនឹងជនរងគ្រោះខាងលើនេះ ក៏ទទួលបានការឧបត្ថម្ភពី សម្តេចកិត្តិព្រឹទ្ធបណ្ឌិត រួមមានទឹកសុទ្ធ ទឹកដោះគោឆៅ ទឹកផ្លែឈើ ស្ករស និងថវិកាមួយចំនួនផងដែរ។

សូមបញ្ជាក់ថា លោកយាយ គា មានទីលំនៅស្នាក់នៅក្នុង មន្ទីរពេទ្យព្រះកុសុមៈនេះតែម្ដង ចាប់តាំងពីឆ្នាំ១៩៧៩ មកម្ល៉េះ ដោយប្រកបរបរលក់ដូរបន្តិចបន្តួច ដើម្បីចិញ្ចឹមជីវិត បច្ចុប្បន្ន ដល់វ័យជរាដើរទៅណាពុំរួច បានការផ្គត់ផ្គង់ចំណីអាហារពីមន្ទីរពេទ្យ និងការបីបាច់ថែរក្សាពីអ្នកអនាម័យ ដែលធ្វើការនៅក្នុងមន្ទីរពេទ្យនោះ។

លោកយាយ គា បានអំពាវនាវតាមសារព័ត៌មានដល់សប្បុរសជន សូមជួយលោកយាយឱ្យបានពិសារ អាហារឱ្យបានគ្រប់គ្រាន់ ហើយពេលនេះ លោកយាយ មានក្តីរំភើបឥតឧបមា ដោយបានការឧបត្ថម្ភពីសំណាក់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប្រធានកាកបាទ ក្រហមកម្ពុជា បានចាត់ចែងផ្ដល់ថវិកាជូនលោកយាយ ដើម្បីទិញអាហារពិសា ឲ្យបានគ្រប់គ្រាន់សម្រាប់ជីវិតប្រចាំថ្ងៃ របស់គាត់ក្នុងវ័យជរានេះ៕