(ក្រចេះ)៖ ស្របពេលដែលរដូវវស្សាចូលមកដល់ កាកបាទក្រហមកម្ពុជា បាននាំយកអំណោយមនុស្សធម៌ផ្តល់ជូនដល់ប្រជាពលរដ្ឋ និងគ្រួសារជនជាតិភាគតិចព្នងដែលងាយរងគ្រោះបំផុត ចាស់ឥតទីពឹង ជនមានពិការភាព ស្ត្រីមេម៉ាយកូនច្រើនមានជីវភាពខ្វះខាត ចំនួន ១៨៤ គ្រួសារ រស់នៅតំបន់ដាច់ស្រយាលនៃស្រុកចិត្របុរី ខេត្តក្រចេះ។

តាមការឱដឹងពី លោកវេជ្ជបណ្ឌិត អ៊ុយ សំអាត នាយក នាយកដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយ កាកបាទក្រហមកម្ពុជា បានបញ្ជាក់ថា «ក្នុងបេសកកម្មមនុស្សធម៌នៅលើទឹកដីខេត្តក្រចេះនាពេលនេះ គឺអនុវត្តតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដោយមានការគាំទ្រពីព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ ជាអម្ចាស់ជីវិតលើត្បូង និងហ្លួងម៉ែ នរោត្តម មុនិនាថ សីហនុ ព្រះធានកិត្តិយស កាកបាទក្រហមកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត បានចាត់ឱ្យក្រុមការងារបានចុះពិនិត្យជាក់ស្តែង ដើម្បីឱ្យបានឃើញពីអ្នកងាយរងគ្រោះបំផុត និងមានជីវភាពខ្វះខាតពិតប្រាកដ ជាពិសេសអ្នកដែលរស់នៅតំបន់ដាច់ស្រយាលឆ្ងាយៗពីទីប្រជុំជន ពិបាកនឹងធ្វើដំណើរទៅដល់ ដែលជាមុខសញ្ញាអាទិភាពរបស់កាកបាទក្រហមកម្ពុជា។»

ជាក់ស្តែងនៅថ្ងៃនេះ ក្រុមការងារបានបន្តចែកជូនដល់ប្រជាពលរដ្ឋងាយរងគ្រោះ និងគ្រួសារជនជាតិភាគតិចព្នងសរុបចំនួន ១៨៤គ្រួសារ ដែលរស់នៅតំបន់ឆ្ងាយៗ ក្នុងឃុំកន្ទួត ឃុំដារ ឃុំចង្ក្រង់ និងឃុំថ្មី ដែលរៀបចំឡើងនៅទីតាំងចំនួន ៥កន្លែងផ្សេងគ្នារួមមាន៖ ទីតាំងទី ១ ភូមិអង្ក្រង ឃុំកន្ទួត មាន៣ភូមិ( អង្រង, អាលច, ស្រែនន) សម្រាប់ប្រជាពលរដ្ឋ ២៥គ្រួសារ , ទីតាំងទី២ ភូមិអន្ទង់វៀន ឃុំកន្ទួត មាន៣ភូមិ (អន្ទង់វៀន, កន្ទួត, ត្រវ៉ា) សម្រាប់ប្រជាពលរដ្ឋ ២៥គ្រួសារ , ទីតាំងទី៣ ឃុំដារ មាន៣ភូមិ( អូរគគី, អញ្ចាញ,ដារ) សម្រាប់ប្រជាពលរដ្ឋ ៣៧គ្រួសារ , ទីតាំងទី៤ ឃុំចង្ក្រង់ មាន៥ភូមិ( ចង្ក្រង់, កសាង, ល្អ, ត្រពាំងទ្រាំង, ដែកភ្លើង) សម្រាប់ប្រជាពលរដ្ឋ ៣៩គ្រួសារ,ទីតាំងទី៥ វត្តដូនដី ឃុំថ្មី មាន៧ភូមិ (ភូមិវាលសំបូរ, មានជ័យ, ភូមិថ្មី, ចំរើន, ត្នោត, ស្វាយជ្រុំ, ខ្នាច) សម្រាប់ប្រជាពលរដ្ឋ ៥៦គ្រួសារ ។

ក្នុងឱកាសជួបសំណេះសំណាលនោះ លោកវេជ្ជបណ្ឌិត បានសម្តែងនូវក្តីសប្បាយរីករាយ និងពាំនាំព្រះបណ្តាំសួរសុខទុក្ខពីព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ ជាអម្ចាស់ជីវិតលើត្បូង និង ហ្លួងម៉ែ នរោត្តម មុនិនាថ សីហនុ ព្រះប្រធានកិត្តិយស ជាពិសេសពី សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលផ្តាំផ្ញើសួរសុខទុក្ខ ក្តីអាណិតស្រឡាញ់ ការគិតគូរពីសុខទុក្ខ និងជីវភាពរស់នៅប្រចាំថ្ងៃ ជាពិសេសផ្ញើ នូវក្តីនឹករលឹកចំពោះប្រជាពលរដ្ឋ និងគ្រួសារជនជាតិភាគតិចព្នងដែលងាយរងគ្រោះទាំងអស់ នៅតំបន់ដាច់ស្រយាលនេះប្រកបដោយមនោសញ្ចេតនាដ៏ជ្រាលជ្រៅបំផុត។

ជាមួយគ្នានេះដែរ លោកក៏បានពាំនាំនូវសារអំពាវនាវពីសំណាក់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជូនដល់ប្រជាពលរដ្ឋ សូមថែទាំសុខភាពឱ្យបានល្អ ពិសាទឹកដាំឆ្អិនល្អ មានអនាម័យក្នុងការរស់នៅ និងប្រុងប្រយ័ត្នចំពោះការប្រែប្រួលអាកាសធាតុ ដូចជាគ្រោះធម្មជាតិ ខ្យល់ព្យុះ ខ្យល់កន្ត្រាក់ រន្ទះបាញ់ជាដើម និងសូមបន្តចូលរួមទប់ស្កាត់ជំងឺកូវីដ-១៩ និងចូលរួមចាក់វ៉ាក់សាំងដូសទី៣ ឬដូសទី៤ ឱ្យបានគ្រប់ៗគ្នា ជាពិសេសត្រូវចេះសាមគ្គីគ្នា ញញឹមដាក់គ្នា ស្រឡាញ់គ្នាដូចបងប្អូន ដើម្បីកាត់បន្ថយអំពើហិង្សាក្នុងគ្រួសារ និងចេះថែរក្សាសន្តិភាពដែលបានមកយ៉ាងលំបាកឱ្យបានគង់វង្ស អរគុណសន្តិភាព៕