(ភ្នំពេញ)៖ ពីមួយថ្ងៃទៅមួយថ្ងៃ ប្រជាពលរដ្ឋកម្ពុជាកាន់តែមានកំណើនជាប្រចាំ ហើយតម្រូវការងាររបស់ពួកគេ ក៏មានច្រើនទៅតាមកម្រិតចំណេះជំនាញ និងសមត្ថភាពផ្សេងៗ ដើម្បីមានចំណូលផ្គត់ផ្គង់ជីវភាពគ្រួសារ អាចរស់នៅប្រកបដោយសុភមង្គលនិងមានសេចក្តីថ្លៃថ្នូរក្នុងសង្គមជាតិ។

តម្រូវការក្នុងជីវភាពរស់នៅរបស់ប្រជាជនទូទៅ បានបង្កើតឱ្យមានចង្វាក់ការងារទៅវិញទៅមក នៅក្នុងសង្គមជាតិ មិនថា ការងារនោះជាការងារអ្វីនោះទេ សំខាន់ឱ្យតែការងារស្របច្បាប់ និងមិនប៉ះពាល់ដល់សិទ្ធិ និងផលប្រយោជន៍អ្នកដទៃ។

ប្រិយមិត្តជាជាទីមេត្រី! បើនិយាយពីការងារគឺមានច្រើនប្រភេទ គឺការងារប្រើដោយកម្លាំងកាយ ការងារប្រើដោយកម្លាំងប្រាជ្ញា ឬការងារប្រកបអាជីវកម្មខ្លួនឯង។ ការងារគឺជាសកម្មភាពទំាងឡាយណា ដែលមនុស្សធ្វើដើម្បីរកប្រាក់។ ការងារគឺជាការបង្កើតទំនិញ ឬសេវាកម្មដែលបង្កើតឡើង ឬធ្វើអ្វីៗដោយខ្លួនឯងផ្ទាល់ ឬក៏លក់កម្លាំងពលកម្មទៅឲ្យនរណាម្នាក់។ ការងារគឺសំដៅលើការអនុវត្ត កាតព្វកិច្ចទាំងឡាយដែលអាចឲ្យមនុស្សរស់បាន នៅក្នុងបរិបទសេដ្ឋកិច្ច និងសង្គមទៅតាមតំបន់ ឬទីកន្លែងដែលគេរស់នៅ។

ឆ្លើយប្រាប់វិទ្យុមិត្តមភាពកម្ពុជា-ចិន លោក គង់ សេរីរ័ត្ន ប្រធានការិយាល័យព័ត៌មាន នៃអគ្គនាយករដ្ឋទីភ្នាក់ងារសារព័ត៌មានកម្ពុជា (AKP) បានឱ្យដឹងថា ក្នុងនាមប្រជាពលរដ្ឋម្នាក់ លោកយល់ឃើញ ការងារទាំអស់ពិតមានសារសំខាន់ ព្រោះថា មនុស្សម្នាក់ៗមានការងារធ្វើទើបមានប្រាក់ចំណូល៖

សំឡេង៖ «ការងារអ្វីក៏មានសារៈសំខាន់ដែរ បើអ្នករាជការប្រកបវិជ្ជាជីវៈរបស់ខ្លួនទៅ ចំណែកប្រជាពលដ្ឋតាមមូលដ្ឋាន គាត់ធ្វើតាមមុខជំនាញរបស់ខ្លួន បើអាជីវករធ្វើយ៉ាងម៉ិច ឱ្យការងារខ្លួនមានការរីកចម្រើនមានប្រយោជន៍ទៅ កសិករជំនាញកសិកម្ម គាត់ធ្វើកសិកម្ម អ្នកខ្លះធ្វើសិប្បកម្ម ព្រោះថាយើងម្នាក់ៗត្រូវការចំណាយក្នុងជីវភាពរាល់ថ្ងៃ។ ដូច្នេះត្រូវមានប្រាក់ចំណូលជាប្រចាំ ដើម្បីចំណាយលើកម្ហូបអាហារ ព្យាបាលជំងឺ ផ្តល់ឱ្យកូនសិក្សា ទាំងនេះសុទ្ធតែត្រូវការថវិកា»។

លោកជំទាវ ឆាយលីណា ទីប្រឹក្សាក្រសួងព័ត៌មាន និងជាអនុប្រធាននាយកដ្ឋាន នៃអគ្គនាយកដ្ឋានវិទ្យុជាតិកម្ពុជា បានប្រាប់វិទ្យុមិត្តភាពកម្ពុជាចិន ដោយបង្ហាញទស្សនៈផ្ទាល់ខ្លួនថា បើសិនជាមនុស្សយើងនៅទំនេច្រើនពេកធ្វើឱ្យ មានកើតមានជំងឺផ្លូវចិត្តធុញថប់ផ្លូវអារម្មណ៍ប៉ះពាល់ ដល់សុខភាពផ្លូវចិត្តនិងផ្លូវកាយផងដែរ។

សំឡេង «កាលណាអតការងារធ្វើមានផលលំបាកចំនួន៣ តាមការមើលឃើញទូទៅរបស់ខ្ញុំ។ ទីមួយធ្វើឱ្យយើងស្រេស្ត គិតអ្វីមិនសូវយល់ទេ កាលណាយើងទំនេពេក ទីពីរធ្វើឱ្យប៉ះពាល់ដល់សេដ្ឋកិច្ចយើងធ្វើថា ក្នុងការរស់នៅយើងត្រូវការចរន្តចាយវាយចុះឡើង ហើយបើយើងអតការងារធ្វើយើងអតប្រាក់កម្រៃដែរ និងចំណុចទីបីបើយើងអតការងារធ្វើគឺមានន័យថា យើងអតបានចូលរួមការងារសកម្មភាពសង្គមទេ ហើយធ្វើឱ្យប៉ះពាល់សេដ្ឋកិច្ចជាតិដោយបាត់បង់ កម្លាំងពលកម្មបើយើងជាយុវជនមានកម្លាំងពេញលេញ។ កាលណាយើងជួយរកប្រាក់ចំណូលជួយគ្រួសារយើង ផ្លូវចិត្តយើងបានល្អ ដោយសារសេដ្ឋកិច្ចយើងមានចរន្តចេញចូល ។ យើងអាចមានលទ្ធភាពជួយសហគមន៍តាមលទ្ធភាព។ សកម្មភាពយើងតូចៗនេះឯងធ្វើសង្គមជាតិរីកចម្រើន។ នេះជាការយល់ឃើញរបស់ខ្ញុំ »។

ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានដាក់ចេញរួចហើយនូវទិសដៅការងារ មួយចំនួនរួមមាន៖ ដោយបន្តខិតខំលើកកម្ពស់លក្ខខណ្ឌការងារ ឱ្យកាន់តែប្រសើរឡើងពង្រឹងការអនុវត្តន៍ច្បាប់ស្តីពីការងារ បន្តពង្រឹងយន្តការអធិការកិច្ចការងារ ឱ្យកាន់តែមានប្រសិទ្ធភាពនិងតម្លាភាព។ ពង្រឹងភាពសុខដុមរមនានៃទំនាក់ទំនងវិជ្ជាជីវៈ លើកកម្ពស់ការយល់ដឹងអំពីសិទ្ធិកាតព្វកិច្ច និងការទទួលខុសត្រូវស្របច្បាប់របស់កម្មករនិយោជិត និងនិយោជក។ បន្តប្រែក្លាយរោងចក្រ សហគ្រាស មួយជាសហគមន៍សុខសាន្តមួយរបស់កម្មករនិយោជិត ដែលពោរពេញដោយសមត្ថភាពលក្ខខណ្ឌការងារល្អប្រសើរ ផលិតភាព ឥរិយាបថការងារ ការទទួលខុសត្រូវសង្គម និងមានសុខដុមនីយកម្មទំនាក់ទំនងវិជ្ជាជីវៈ។

បើយោងតាមសារលិខិតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសខួបអនុស្សាវរីយ៍លើកទី១៣៦ នៃទិវាពលកម្មអន្តរជាតិថ្ងៃទី១ ខែឧសភា ឆ្នាំ២០២២ បានឱ្យដឹងថា រាជរដ្ឋាភិបាលបានបន្តលើកកម្ពស់ ការការពារសិទ្ធិសេរីភាពអង្គការវិជ្ជាជីវៈ ថែរក្សាសុខដុមនីយកម្មទំនាក់ទំនងវិជ្ជាជីវៈ ផ្តល់អត្ថប្រយោជន៍នានាជូនបងប្អូនកម្មករនិយោជិត រួមទាំងការផ្តល់កិច្ចគាំពារសង្គមផងដែរ ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ច្បាប់ស្តីពីការងារ ច្បាប់ស្ដីពីសហជីព និងអនុសញ្ញាអន្តរជាតិខាងការងារទាំង១៣ ដែលកម្ពុជាបានផ្តល់សច្ចាប័ន តាមរយៈយន្តការត្រីភាគីសម្រាប់សំវាទសង្គម ជាអាទិ៍ក្រុមប្រឹក្សាអាជ្ញាកណ្តាល គណៈកម្មការប្រឹក្សាការងារ ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា រួមទាំងយន្តការត្រីភាគីបូកជាច្រើនទៀត។

កន្លងមកនេះដែរ រាជរដ្ឋាភិបាលនឹងអភិវឌ្ឍវិស័យកាត់ដេរ ផលិតស្បែកជើង និងកាបូប នៅកម្ពុជាឱ្យទៅជាឧស្សាហកម្ម ដែលមានចីរភាពបរិស្ថាន មានភាពធន់ មានតម្លៃបន្ថែមខ្ពស់ ផ្ដោតលើផលិតផលថ្លៃខ្ពស់និងមានលក្ខណៈពិសេស មានភាពប្រកួតប្រជែងខ្ពស់ និងជាមូលដ្ឋានគាំទ្រពិពិធកម្មសេដ្ឋកិច្ច មុនដំណាច់ឆ្នាំ២០២៧។

នៅប្រទេសកម្ពុជា ផ្តើមចេញពីសន្តិភាពពេញលេញ និងការអភិវឌ្ឍលើគ្រប់វិស័យបានបង្កលក្ខណៈ កាន់តែងាយស្រួលដល់ប្រជាពលដ្ឋគ្រប់រូប មានឱកាសប្រកបការងារតាមវិជ្ជាជីវៈ ចំណេះជំនាញ និងតាមលទ្ធភាពរៀងៗខ្លួន ដើម្បីទទួលបានកម្រៃសមរម្យ ក្នុងការលើកកម្ពស់សេដ្ឋកិច្ចគ្រូសារ។ ក្រៅពីការងារក្នុងប្រទេសរាប់លានកន្លែង គឺប្រជាពលរដ្ឋកម្ពុជា ក៏បានទៅធ្វើការងារនៅបរទេស ជាច្រើនសែននាក់ទៀតផងដែរ ដែលជំរុញឱ្យពួកគេមានចំណូលកាន់តែច្រើន។

ជាមួយគ្នានេះរាជរដ្ឋាភិបាល បានខិតខំស្វែងរកដៃគូវិនិយោគ ស្វែងរកទីផ្សាកសិកផលផលជូនប្រជាពលដ្ឋ និងបានបង្កើតការងារកាន់តែច្រើន ដល់ភូមិស្រុកប្រជាពលរដ្ឋ៖ ដូចជា បង្កើតរោងចក្រសហគ្រាស កសិដ្ឋាន និងអភិវឌ្ឍរមណីយដ្ឋានទេសចរណ៍ជាដើម។ ការណ៍នេះបានបង្កើតការងារឱ្យកូនចៅ អ្នកស្រុកបានកាន់តែច្រើនថែមទៀត ធ្វើឱ្យពួកគាត់អាចកាត់បន្ថយការចំណាយ និងកាត់បន្ថយចំណាកស្រុកជាដើម។

ត្រង់ចំណុចនេះ សមដូចសុភាពសិតខ្មែរយើងមួយ បានលើកឡើងថាការងារជាមាសប្រាក់។ និយាយរួមទៅ បើមើលតាមសន្ទុះ និងការខិតខំប្រឹងប្រែងរបស់ប្រជាពលដ្ឋគ្រប់រូប ក្នុងការស្វះស្វែងរកធ្វើការងារមិនថា ការងារខ្លួនឯង ឬស៊ីឈ្នូលឱ្យគេឡើយ គឺសុទ្ធតែបាននាំមកនូវប្រាក់ចំណូលដូចគ្នា សម្រាប់លើកកម្ពស់ជីវភាពគ្រួសារកាន់តែល្អប្រសើរ។ បើជីវភាពប្រជាពលរដ្ឋធូធារ ហើយនោះសង្គមកម្ពុជាទាំងមូល ពិតជាមានការអភិវឌ្ឍ គ្រូសារនីមួយៗរស់នៅប្រកបដោយក្តីសប្បាយរីកចរាយ។ ចំណែកសេដ្ឋកិច្ចជាតិវិញ ក៏រីកចម្រើនតាមនេះដែរ ខណៈប្រជាពលរដ្ឋគ្រប់រូបជាកម្លាំងចលករ ដ៏សំខាន់ក្នុងការជួយ ទ្រទ្រង់សេដ្ឋកិច្ចជាតិព្រោះថា បើប្រជាជនមិនមានការងារធ្វើទេ បន្ទុកកាន់តែច្រើនធ្លាក់មកលើរាជរដ្ឋាភិបាល ក្នុងការដោះស្រាយ៕