(ភ្នំពេញ)៖ ការបើកវគ្គបណ្តុះបណ្តាលស្តីពីការបោះឆ្នោត ការរាប់សន្លឹកឆ្នោត និងការប្រកាសលទ្ធផលនៃការបោះឆ្នោត សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ ជូន ដល់ប្រធានលេខាធិការដ្ឋានរាជធានី ខេត្តរៀបចំការបោះឆ្នោត (លធ.ខប) ប្រធានលេខាធិការដ្ឋាន នៃគណៈកម្មការរាជធានី ខេត្តរៀបចំ ការបោះឆ្នោត (លគធ.ខប) សមាជិក គធ.ខប និងភាគីពាក់ព័ន្ធ ដែលបានប្រព្រឹត្តទៅអស់រយៈពេលបីថ្ងៃ (ពីថ្ងៃទី២ ដល់ថ្ងៃទី៤ ខែឧសភា) ត្រូវបានបិទបញ្ចប់ក្រោមអធិបតីភាព លោក ប្រាជ្ញ ចន្ទ ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នារសៀលថ្ងៃពុធ ទី៤ ខែឧសភា ឆ្នាំ២០២២ នៅវិទ្យាស្ថានគរុកោសល្យរាជធានីភ្នំពេញ។

ថ្លែងនៅក្នុងពិធីនោះ លោក ប្រាជ្ញ ចន្ទ ប្រធាន គ.ជ.ប បានថ្លែងថា ដើម្បីឲ្យការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ ប្រព្រឹត្តទៅដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌ ស្របតាមគោលការណ៍នៃលទ្ធិប្រជាធិបតេយ្យ សេរី ពហុបក្ស និងមានការទទួលស្គាល់ពីភាគីពាក់ព័ន្ធ គ.ជ.ប បានកសាងប្រតិទិន និងផែនការមេ សម្រាប់អនុវត្តការងារតាមដំណាក់កាលនីមួយៗ ជាពិសេសការរៀបចំបទបញ្ជា និងនីតិវិធីសម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ ដែលជាឯកសារគតិយុត្តដ៏សំខាន់មួយសម្រាប់ការអនុវត្តបច្ចេកទេសជាក់ស្តែង។

លោកបានបន្តថា ដោយផ្អែកលើបទពិសោធន៍នៃការបោះឆ្នោតកន្លងមក គ.ជ.ប បានដាក់បន្ថែមបទប្បញ្ញត្តិមួយចំនួន ឲ្យស្របនឹងច្បាប់ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ ព្រមទាំងការដាក់បញ្ចូលប្រព័ន្ធប ច្ចេកវិទ្យាព័ត៌មាន ដើម្បីជាជំនួយដល់ការរៀបចំ និងការគ្រប់គ្រងការបោះឆ្នោត ឲ្យកាន់តែល្អប្រសើរ មានតម្លាភាព និងមានសុក្រិតភាពថែមមួយកម្រិតទៀត ដែលក្នុងនោះរួមមានកម្មវិធីដូចខាងក្រោម៖
* កម្មវិធីគ្រប់គ្រងការចុះបញ្ជីបេក្ខជននៃគណបក្សនយោបាយ
* កម្មវិធីចេញឯកសារបញ្ជាក់អត្តសញ្ញាណបម្រើឱ្យការបោះឆ្នោត
* កម្មវិធីគ្រប់គ្រងលទ្ធផលនៃការបោះឆ្នោត។

ការឃោសនាបោះឆ្នោត មានរយៈពេល ១៤ថ្ងៃ ចាប់ពីថ្ងៃទី២១ ខែឧសភា ដល់ថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២២ ប្រធាន គ.ជ.ប បានបន្ថែមទៀតថា ផ្អែកតាមបទពិសោធន៍ ក្នុងដំណាក់កាលនៃការឃោសនា បោះឆ្នោត គ.ជ.ប ត្រូវបង្កើនកិច្ចសហការជាមួយគ្រប់ភាគីពាក់ព័ន្ធ ពិសេសបង្កើនការយកចិត្តទុកដាក់ ខិតខំជំរុញឲ្យដំណើរការ នៃការ-ឃោសនាបោះឆ្នោត ប្រព្រឹត្តទៅដោយគ្មានការគម្រាមកំហែង គ្មានអំពើហិង្សា និងជៀសវាងឲ្យបាននូវបាតុភាព ឬការបង្កឲ្យមានការរំខានណាមួយ ហើយលោកក៏បានសំណូមពរឲ្យគណបក្ស នយោបាយគោរពឲ្យបានតាមកម្មវិធីឃោសនា ដែលបានឯកភាពគ្នារួចជាមួយគណៈកម្មការរៀបចំការបោះឆ្នោតគ្រប់លំដាប់ថ្នាក់ ។

ចំពោះដំណាក់កាលនៃការបោះឆ្នោត ការរាប់សន្លឹកឆ្នោត និងការប្រកាសលទ្ធផលនៃការ បោះឆ្នោត លោក ប្រាជ្ញ ចន្ទ ក៏បានលើកឡើងដែរថា គ.ជ.ប បាននឹងកំពុងធ្វើការបណ្តុះបណ្តាលដល់មន្រ្តីបោះឆ្នោត គណបក្សនយោបាយ សមាគម អង្គការមិនមែនរដ្ឋាភិបាល និងភាគីពាក់ព័ន្ធ ដើម្បីពង្រឹងសមត្ថភាពយល់ដឹងច្បាស់លាស់ អំពីបទបញ្ជា និងនីតិវិធី ទាំងផ្នែកទ្រឹស្តី ទាំងការអនុវត្តជាក់ស្តែង និងជាពិសេសការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន ដើម្បីជាជំនួយសម្រាប់ការគ្រប់គ្រង ការចេញឯកសារបញ្ជាក់អត្តសញ្ញាណបម្រើឲ្យការបោះឆ្នោត និង កម្មវិធីគ្រប់គ្រងលទ្ធផលនៃការបោះឆ្នោត។

ពាក់ព័ន្ធនឹងការចេញឯកសារបញ្ជាក់អត្តសញ្ញាណបម្រើឲ្យការបោះឆ្នោត លោក ប្រាជ្ញ ចន្ទ បានបញ្ជាក់ថា សុំឲ្យមានការផ្សព្វផ្សាយទូលំទូលាយជាបន្តទៀត ជូនអ្នកមានឈ្មោះក្នុងបញ្ជីបោះឆ្នោត ដែលគ្មានអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ប្រើសម្រាប់បោះឆ្នោត ដោយពួកគាត់ត្រូវស្នើសុំធ្វើឯកសារ បញ្ជាក់អត្តសញ្ញាណសម្រាប់បម្រើឲ្យការបោះឆ្នោត ដែលមាន រយៈពេល ៣០ ថ្ងៃ គឺចាប់ពីថ្ងៃទី៥ ខែឧសភា ដល់ថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២២៕

ខាងក្រោមនេះ ជាសេចក្ដីប្រកាសព័ត៌មានរបស់ គ.ជ.ប ដែលមានខ្លឹមសារទាំងស្រុង៖