(ភ្នំពេញ)៖ ឧកញ៉ា ឡេង ប្រុស អគ្គនាយកក្រុមហ៊ុនណាវ៉ាត្រាខ្នាតយក្ស បានឧបត្ថម្ភថវិកា កុំព្យូទ័រ និងបរិក្ខារសរុបថវិកាប្រមាណ ១៦លានរៀល ដល់សាលាមធ្យមវិចិត្រសិល្ប: ដេីម្បីជាប្រយោជន៍ក្នុងការសិក្សា ក៏ដូចជាការស្រាវជ្រាវរបស់បុគ្គលិកមន្ត្រីរាជការ លោកគ្រូ អ្នកគ្រូ ពិសេសសិស្សានុសិស្ស។

លោកឧកញ៉ា ឡេង ប្រុស និងលោកស្រីបណ្ឌិត សូ សុគន្ធារី តំណាងសាកលវិទ្យាល័យន័រតុន និងក្រុមការងារSPM eDOC ដែលជាអ្នកបង្កើតកម្មវិធីគេហទំព័របណ្ណាល័យអេឡិចត្រូនិក សម្តេចតេជោ ហ៊ុន សែន បាននាំយកអំណោយសប្បុរសធម៌ ជូនដល់សាលាមធ្យមវិចិត្រសិល្ប:នៅថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២២នេះ។

សម្ភារៈដែលបានផ្តល់ជូនសាលាមធ្យមវិចិត្រសិល្ប:នេះ រួមមាន៖ កុំព្យូទ័រចំនួន២០គ្រឿង តុកុំព្យូទ័រចំនួន២០ កាស់កុំព្យូទ័រចំនួន៣៥ និងថវិកា ៨លានរៀល ព្រមទាំងសម្ភារៈសិក្សាមួយចំនួនទៀត។

គណៈគ្រប់គ្រង មន្ត្រីរាជការ លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សនៃសាលាមធ្យមវិចិត្រសិល្បៈ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះលោកឧកញ៉ា ឡេង ប្រុស អគ្គនាយកក្រុមហ៊ុនណាវ៉ាត្រាខ្នាតយក្ស និងលោកស្រីបណ្ឌិត សូ សុគន្ធារី។

គណៈគ្រប់គ្រង មន្ត្រីរាជការ លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សនៃសាលាមធ្យមវិចិត្រសិល្បៈ បានចាត់ទុកកាយវិការនេះ ជាកិច្ចសហការល្អរវាងវិស័យឯកជន និងស្ថាប័នរដ្ឋ ពិសេសបង្ហាញអំពីវប្បធម៌នៃការចែករំលែកក្រោមម្លប់សន្តិភាព ក្នុងការរួមចំណែកដល់អង្គភាពមួយនេះបន្តកិច្ចការងារ និងបេសកកម្មរបស់ខ្លួននៅក្នុងក្របខណ្ឌបណ្តុះបណ្តាលអ្នកជំនាន់ក្រោយលើវិស័យសិល្បៈវប្បធម៌។

បន្ទាប់ពីកម្មវិធីប្រគល់ និងទទួលសម្ភារៈ និងឧបករណ៍ប្រើប្រាស់ទាំងនោះរួចមក លោកឧកញ៉ា និងប្រតិភូសាកលវិទ្យាល័យន័រតុន ក៏បានឆ្លៀតពេលទស្សនកិច្ចក្នុងបរិវេណសាលាមធ្យមវិចិត្រសិល្បៈ ដើម្បីស្វែងយល់អំពីហេដ្ឋារចនាសម្ព័ន្ធ ក៏ដូចជាការបង្ហាត់ និងការហាត់រៀនរបស់សិស្សានុសិស្សនៃជំនាញសៀក ជំនាញរបាំប្រពៃណី របាំបុរាណផងដែរ។

ឧកញ៉ា ឡេង ប្រុស ក៏ដូចជាប្អូនៗ អ្នកឧកញ៉ា ឧកញ៉ាត្រកូល «ឡេង» ត្រូវបានមហាជនទូទៅឱ្យរហស្សនាមថា «ឧកញ៉ាចិត្តធម៌ ឬឧកញ៉ាបេះដូងមនុស្សធម៌»។

ក្នុងត្រកូលគ្រួសារកសិករ បងប្អូនត្រកូល «ឡេង» ដែលមានស្រុកកំណើតក្នុងខេត្តព្រៃវែង មិនមានឱកាសបានសិក្សាច្រើននោះឡើយ ហើយបានរសាត់អណ្តែតដល់ប្រទេសកូរ៉េខាងត្បូង ដើម្បីបំពេញការងារជាពលករនៅប្រទេសនោះ ស្វះស្វែងរកថវិកាទ្រទ្រង់ជីវភាពខ្លួន និងគ្រួសារ។

ក្រោយពេលប្រឡូកជីវិតជាពលករច្រើនឆ្នាំនៅប្រទេសកូរ៉េខាងត្បូង បងប្អូនត្រកូល «ឡេង» បានវិលត្រឡប់មកកាន់ប្រទេសកម្ពុជាវិញ ហើយបានចាប់ផ្តើមក្នុងពិភពជំនួញលើវិស័យអចលនទ្រព្យ។ ជំនួញលើវិស័យអចលនទ្រព្យនាំឱ្យទទួលបានជោគជ័យជាខ្លាំង។

ជាមួយនឹងការមានឱកាសកសាងជីវភាពល្អប្រសើរ បងប្អូនត្រកូល «ឡេង» តែងបានធ្វើសកម្មភាពមនុស្សធម៌ជួយដល់ជនជួបការលំបាក ឬទីទ័លក្រ ហើយតែងតែចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងការដោះស្រាយការលំបាកនានាៗរបស់ជាតិ ក៏ដូចជាផ្តល់ការឧបត្ថម្ភដល់ស្ថាប័នបណ្តុះបណ្តាលវិជ្ជាជីវ: ដេីម្បីគាំទ្រដល់ការកសាងធនធានមនុស្ស។ កាយវិការមនុស្សធម៌របស់បងប្អូនត្រកូល «ឡេង» ធ្វើឱ្យមានការកោតសរសើរ និងស្ញប់ស្ញែងជាខ្លាំងពីមជ្ឈដ្ឋានទូទៅនៅកម្ពុជា៕