(ភ្នំពេញ)៖ ក្រុមជួញដូរគ្រឿងញៀនជាង ១៥០គីឡូក្រាម ប្រដាប់ដោយអាវុធ ត្រូវបានតុលាការចោទប្រកាន់ពីបទជួញដូរកាន់កាប់អាវុធ ផលិត ឬធ្វើចរាចរណ៍អាវុធគ្រឿងផ្ទុះ គ្រាប់រំសេវ និងបទប្រើប្រាស់ឯកសារសាធារណៈក្លែង។ នេះបើតាមអ្នកនាំពាក្យស្ថាប័នអយ្យការ អមសាលាដំបូងរាជធានីភ្នំពេញ និងជាព្រះរាជអាជ្ញារង លោក ប្លង់ សុផល បានប្រាប់បណ្តាញព័ត៌មាន Fresh News តាមសារ Telegram នៅរសៀលថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២២។

លោក ប្លង់ សុផល បានបញ្ជាក់យ៉ាងដូច្នេះ «ករណីខាងលើនេះ តំណាងអយ្យការបានបើកការស៉ើបសួរ ពីបទជួញដូរដោយខុសច្បាប់នូវសារធាតុញៀន បទកាន់កាប់អាវុធដោយគ្មានការអនុញ្ញាត បទផលិត ឬធ្វើចរាចរណ៍អាវុធគ្រឿងផ្ទុះ និងគ្រាប់រំសេវ និងបទប្រើប្រាស់ឯកសារសាធារណៈក្លែង តាមមាត្រា ៤០ នៃច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀន មាត្រា ៤៨៨ មាត្រា ៤៩០ និងមាត្រា ៦៣០ នៃក្រមព្រហ្មទណ្ឌ»

ក្រោយត្រូវចោទប្រកាន់ តំណាងអយ្យការបានបញ្ជូនរឿងទៅកាន់ចៅក្រមស៉ើបសួរ ដើម្បីបន្តនីតិវិធីដូចមានចែងក្នុងច្បាប់ជាធរមាន។

គួររំលឹកផងដែរថា កាលពីវេលាម៉ោង១៨ និង៣០នាទីថ្ងៃទី ២៧ ខែមេសា ឆ្នាំ២០២២ កម្លាំងនគរបាលជំនាញ(ក១) នៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ដឹកនាំដោយលោក វរសេនីយ៍ទោ ពុធ ស៊ុនរស្មី នាយករងមន្ទីរប្រឆាំងគ្រឿងញៀន សហការជាមួយកម្លាំងនៃស្នងការដ្ឋានគរបាលរាជធានីភ្នំពេញ ខេត្តកណ្ដាល ខេត្តកំពង់ស្ពឺ និងខេត្តតាកែវ ដោយមានការសម្របសម្រួលពី លោក ស៉ិត វណ្ណ: ព្រះរាជអជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ និងព្រះរាជអាជ្ញាទាំងខេត្ត បានធ្វើការស៊ើបអង្កេត ស្រាវជ្រាវ បង្រ្កាបនៅ៤គោលដៅផ្សេងគ្នាជាបន្តបន្ទាប់ រួមមាន៖

* គោលដៅទី១ នៅចំណុច តាមបណ្តោយផ្លូវលំជិតស្ពាន ៧មករាសង្កាត់ក្រាំងពង្រ ខណ្ឌដង្កោ រាជធានីភ្នំពេញ ឃាត់ខ្លួនជនសង្ស័យ២នាក់ និងថ្នាំញៀន៧កញ្ចប់។ * គោលដៅទី២ នៅចំណុច ភូមិទួលសុទិន ឃុំអង្គពពែ ស្រុកគងពិសីខេត្តកំពង់ស្ពឺ ឃាត់ខ្លួនជនសង្ស័យ១នាក់និងថ្នាំញៀន១កញ្ចប់។
* គោលដៅទី៣ នៅចំណុច មុខផ្សារដើមរកា តាមបណ្តោយផ្លូវជាតិលេខ៣ ឃុំជង្រុក ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ឃាត់ខ្លួនជនសង្ស័យ១នាក់ និងថ្នាំញៀន២កញ្ចប់និងរថយន្ត១គ្រឿង។
* និងគោលដៅទី៤ នៅចំណុច ក្បែស្តុបអង្គតាសោម តាមបណ្តោយផ្លូវជាតិលេខ៣ ឃុំអង្គតាសោម ស្រុកត្រាំកក់ ខេត្តតាកែវ ឃាត់ខ្លួនជនសង្ស័យ២នាក់ ថ្នាំញៀន ៣កញ្ចប់ និងរថយន្ត១គ្រឿង។

ក្នុងរង្វង់ប្រតិបត្តិការកម្លាំងនគរបាលបានដកហូតវត្ថុតាងរួមមាន សារធាតុញៀនប្រភេទម៉េតំហ្វេតាមីន(ICE) ទម្ងន់សុទ្ធ១៥១.៥១ក្រាម អាវុធខ្លី០២ដើម(ប្រភេទរូឡូនិង CZ75) រថយន្ត ០២គ្រឿង(ម៉ាកRX330 និង CAMRY)៕