(ភ្នំពេញ)៖ នារសៀលថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២២នេះ លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានជួបពិភាក្សាការងារជាមួយលោក Katsuhiro SHINOHARA អតីតឯកអគ្គរដ្ឋទូតជប៉ុនប្រចាំកម្ពុជា និងជាប្រធានមូលនិធិគាំទ្រការអប់រំនៅកម្ពុជា ព្រមទាំងគណៈប្រតិភូក្រុមហ៊ុន FORVAL ជប៉ុន ដើម្បីស្វែងយល់បន្ថែមនូវសក្តានុពលពាណិជ្ជកម្ម និងធុរកិច្ចរវាងប្រទេសទាំងពីរ។

ក្នុងជំនួបនោះ លោករដ្ឋមន្ត្រី ប៉ាន សូរស័ក្តិ បានសម្តែងនូវសេចក្តីសោមនស្សរីករាយ និងការស្វាគមន៍យ៉ាងកក់ក្តៅចំពោះ អតីតឯកអគ្គរដ្ឋទូតជប៉ុន និងគណៈប្រតិភូក្រុមហ៊ុន FORVAL ជប៉ុន ព្រមទាំងថ្លែងកោតសរសើរ និងវាយតម្លៃខ្ពស់លើទំនាក់ទំនងដ៏ល្អរវាងប្រទេសទាំងពីរ ជាពិសេសកិច្ចសហប្រតិបត្តិការក្នុងវិស័យសេដ្ឋកិច្ច-ពាណិជ្ជកម្ម នាពេលកន្លងមក។

លោករដ្ឋមន្ត្រី ក៏បានគូសបញ្ជាក់អំពីកិច្ចខិតខំប្រឹងប្រែងរបស់ក្រសួងពាណិជ្ជកម្ម ក្នុងការធ្វើឱ្យប្រសើរឡើងនូវបរិយាកាសធុរកិច្ចនៅកម្ពុជា ដើម្បីសម្រួលដល់ធុរជន និងបានស្នើឱ្យក្រុមហ៊ុន FORVAL ពិនិត្យលទ្ធភាពពង្រីកប្រតិបត្តិការធុរកិច្ចនៅកម្ពុជា និងវិនិយោគលើវិស័យដែលមានសក្តានុពលនានាបន្ថែមទៀត។

ទន្ទឹមនឹងនេះ លោករដ្ឋមន្ត្រី បានស្នើឱ្យអតីតឯកអគ្គរដ្ឋទូតជប៉ុន ក៏ដូចជាវិស័យឯកជនជប៉ុនជួយគាំទ្រឱ្យមានការបង្កើតកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីកម្ពុជា-ជប៉ុន ដូចដែលបានលើកឡើងនៅក្នុងជំនួបរវាងសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ជាមួយលោក Fumio Kishida នាយករដ្ឋមន្រ្តីជប៉ុន ដើម្បីផលប្រយោជន៍ប្រជាជន និងវិស័យធុរកិច្ចនៃប្រទេសទាំងពីរ។

ជាការឆ្លើយតប អតីតឯកអគ្គរដ្ឋទូតជប៉ុន បានសម្តែងការកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ក្រសួងពាណិជ្ជកម្ម ដែលធ្វើឱ្យធុរជនមានទំនុកចិត្ត និងមកវិនិយោគនៅកម្ពុជាកាន់តែច្រើន។ ឆ្លៀតក្នុងឱកាសនោះ នាយកប្រតិបត្តិរបស់ក្រុមហ៊ុន FORVAL ជប៉ុន ក៏បានជម្រាបពីគោលបំណងក្នុងការជួយគាំទ្រ និងរួមចំណែកអភិវឌ្ឍសហគ្រាសធុនតូច និងមធ្យម នៅកម្ពុជា ព្រមទាំងប្តេជ្ញាពង្រីកសកម្មភាពធុរកិច្ចនៅកម្ពុជា ក៏ដូចជាកៀរគរវិនិយោគិនជប៉ុនមកកម្ពុជាឱ្យកាន់តែច្រើន ដើម្បីរួមចំណែកដល់ការអភិវឌ្ឍ និងលើកកម្ពស់ជីវភាពប្រជាពលរដ្ឋកម្ពុជាផងដែរ។

នៅក្នុងជំនួបនេះភាគីទាំងពីរបានសម្តែងសារជាថ្មីនូវការប្តេជ្ញាចិត្តបន្តកិច្ចសហការសម្របសម្រួល និងជំរុញសកម្មភាពធុរកិច្ច និងវិនិយោគ ជាពិសេសលើវិស័យដែលមានសក្តានុពលនានានៅកម្ពុជា ដើម្បីជំរុញកំណើនសេដ្ឋកិច្ច-ពាណិជ្ជកម្មរវាងប្រទេសទាំងពីរ បន្ថែមទៀត៕