(កណ្តាល)៖ នៅព្រឹកថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២២ លោក វង្សី វិស្សុត រដ្ឋមន្រ្តីប្រតិភូ អមនាយករដ្ឋមន្រ្តី រដ្ឋលេខាធិការប្រចាំការ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ អនុប្រធានឧត្តមក្រុមប្រឹក្សា សេដ្ឋកិច្ចជាតិ និងជាប្រធានក្រុមការងារថ្នាក់ជាតិ ចុះជួយស្រុកមុខកំពូល ខេត្តកណ្តាល បានអញ្ជើញ ជាអធិបតី ក្នុងពិធីសម្ពោធដាក់ឱ្យប្រាស់ប្រាស់ ជាផ្លូវការនូវសមិទ្ធផលនានា ដែលជាអំណោយដ៏ថ្លៃថ្លារបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា តាមរយៈក្រុមការងារថ្នាក់ជាតិ ចុះជួយស្រុកមុខកំពូល ជូនបងប្អូនប្រជាពលរដ្ឋឃុំរកាកោងទី២ ស្រុកមុខកំពូល ខេត្តកណ្តាល ។ សមិទ្ធផលជាច្រើន ដែលត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ រួមមាន៖ ផ្លូវបេតុងសរុបចំនួន ៣៣ ខែ្ស ប្រវែងសរុបចំនួន ៦ ១១៨ ម៉ែត្រ, ស្ពានបេតុងចំនួន ២ ប្រវែងសរុបចំនួន ៥៣ ម៉ែត្រ, អគារសិក្សាចំនួន ០២ ខ្នង កម្ពស់ ២ ជាន់ មាន ២០ បន្ទប់ និងអគារទីចាត់ការចំនួន ០២ ខ្នង ព្រមទាំងសាលាបុណ្យចំនួន ០២ ខ្នង ។

លោក វង្សី វិស្សុត មានប្រសាសន៍លើកឡើងថា សមិទ្ធផលជាច្រើន ដែលត្រូវបានសម្ពោធ ដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នាពេលនេះ នឹងជួយចូលរួមចំណែក លើកស្ទួយការអភិវឌ្ឍ ធនធានមនុស្ស និងជីវភាពរស់នៅប្រចាំថ្ងៃ របស់បងប្អូនប្រជាពលរដ្ឋស្រុកមុខកំពូល របស់យើងបានមួយកម្រិតថែមទៀត ។ ដោយឡែក សាលាបុណ្យចំនួន ០២ ខ្នង ក៏នឹងរួមចំណែកបម្រើឱ្យមូលដ្ឋាន ខាងជំនឿរបស់បងប្អូនប្រជាពលរដ្ឋយើងផងដែរ ។ លោកបានបន្តថា សមិទ្ធផល ជាច្រើន រាប់មិនអស់ និងជាបន្តបន្ទាប់ ទាំងផ្នែកពុទ្ធចក្រ និងទាំងផ្នែកអាណាចក្រ ដែលស្រុកមុខកំពូល របស់យើងទទួលបាន ក៏ដូចនៅក្នុង ខេត្តកណ្តាល ទាំងមូល និងនៅក្នុងក្របខណ្ឌទូទាំងប្រទេស គឺ បានគូសបញ្ជាក់ឱ្យឃើញថា រាជរដ្ឋាភិបាលតែងតែបានយកចិត្តទុកដាក់ ជីវភាពរស់នៅ និងសុខទុក្ខរបស់ប្រជាពលរដ្ឋ និងបានផ្សារភ្ជាប់ការអភិវឌ្ឍលើគ្រប់វិស័យ ជាមួយនឹងជីវភាពរស់នៅរបស់ប្រជាជន។ សមិទ្ធផលទាំងនេះ បាននិងកំពុង ធ្វើឱ្យគ្រប់មូលដ្ឋាន ភូមិឃុំរបស់យើង កាន់តែមានការអភិវឌ្ឍ និងមានទឹកស្អាត និងភ្លើងអគ្គិសនីប្រើប្រាស់ ជាពិសេសប្រជាជន កាន់ តែមានជីវភាពធូរធារ ដែលឆ្លុះបញ្ចាំងតាមការស្លៀកពាក់ស្អាតបាត និងមានមធ្យោបាយ និងសម្ភារៈប្រើប្រាស់ផ្ទាល់ខ្លួន កាន់តែច្រើន និងកាន់តែទំនើបទាន់សម័យជាងមុន។

លោកក៏បានលើកឡើងផងដែរថា រាជរដ្ឋាភិបាលបានខិតខំប្តូរផ្តាច់ ដោយឥតសំចៃនៅក្នុងសមរភូមិប្រយុទ្ធ នឹងជំងឺកូវីដ-១៩ នៅក្នុងរយៈពេលជាងពីរ ឆ្នាំកន្លងមកនេះ ដោយដៃម្ខាងខិតខំការពារអាយុជីវិតប្រជាជន តាមរយៈការព្យាបាល និងការខំរកវ៉ាក់សាំងមកចាក់ជូនប្រជាជន ដោយឥតគិតថ្លៃ និង ដៃម្ខាងទៀត ខិតខំរក្សាលំនឹងសេដ្ឋកិច្ច និងសង្គម ជាពិសេសការរក្សាលំ នឹងជីវភាពរស់នៅប្រចាំថ្ងៃ របស់ប្រជាជន តាមរយៈការផ្តល់ ប្រាក់ឧបត្ថម្ភ ជំនួយសង្គមដល់អ្នកដែលបាត់បង់ការងារធ្វើ ពិសេសប្រជាជនដែលមានជីវភាពខ្វះខាត (ក្រ១ និងក្រ២) និងក្រុមជនងាយរងគ្រោះ ប្រមាណ ៣ លាននាក់ នៅទូទាំងប្រទេស ។ កិច្ចខិតខំប្រឹងប្រែងដ៏មុះមុត ក្នុងស្មារតីបុរេសកម្មនេះ បានធ្វើឱ្យកម្ពុជាអាចគ្រប់គ្រងសភាពការណ៍នៃជំងឺកូវីដ-១៩ បានល្អប្រសើរ ដែលអនុញ្ញាត ឱ្យយើងអាចបើកប្រទេស និងបើកដំណើរការសេដ្ឋកិច្ច ពេញលេញឡើងវិញ ក្នុងខណៈដែលជំងឺកូវីដ-១៩ នេះ នៅកំពុងបន្តរាតត្បាត នៅបណ្តាប្រទេសជាច្រើន ទៀតនៅឡើយ និងនៅមានការអនុវត្ត ការរឹតត្បិត និងការបិទខ្ទប់ផងដែរ ។ ប្រការនេះ បានផ្តល់លទ្ធភាព ដល់កម្ពុជា ក្នុងការស្តារ និងជំរុញកំណើនសេដ្ឋកិច្ចឡើងវិញ ជាពិសេសបានផ្តល់ឱកាសធ្វើឱ្យបងប្អូនអាចរកការងារធ្វើ និងរកប្រាក់ចំណូលបានឡើងវិញ ។

លោកបានបន្តថា ថ្វីត្បិតកម្ពុជាប្រទេសតូច និងធនធានមានកម្រិតក្តី, តែរាជរដ្ឋាភិបាលកម្ពុជា គឺឈានមុខគេនៅក្នុងពិភពលោក ក្នុងការគ្រប់គ្រងជំងឺកូវីដ-១៩ ។ ដៃគូបរទេសស្ទើរតែមិនជឿថា កម្ពុជាអាចធ្វើបាន ហើយស្ថាប័នសារព័ត៌មាន ដ៏ល្បីកម្រិតពិភពលោកមួយ ក៏បានផ្តល់ចំណាត់ថ្នាក់លេខ២ ក្នុងចំណោមប្រទេសនិងដែនដីចំនួន ១២២ ផងដែរ ។ លោកបានគូសបញ្ជាក់ថា ភាពជោគជ័យដ៏ធំធេងរបស់កម្ពុជា នៅក្នុងសមរភូមិប្រយុទ្ធនឹងជំងឺកូវីដ-១៩ គឺជាការសបញ្ជាក់ឱ្យឃើញថា រដ្ឋាភិបាល ពិតជាមានសមត្ថភាពក្នុងការដឹកនាំ និងបានគិតគូរដល់អាយុជីវិត និងជីវភាពរបស់ប្រជាជនយ៉ាងពិតប្រាកដ ។

លោក វង្សី វិស្សុត ក៏មានប្រសាសន៍ អំពាវនាវ សូមឱ្យបងប្អូនប្រជាពលរដ្ឋយើងទាំងអស់គ្នា ត្រូវចូលរួមថែរក្សាសន្តិភាព ដែលរកបានមកដោយលំបាក ឱ្យគង់វង្ស ហើយឱ្យតែមានសន្តិភាព កម្ពុជា នៅតែអាចបន្តអភិវឌ្ឍរីកចម្រើន ទៅមុខពីមួយឆ្នាំទៅឆ្នាំ ។ យើងទាំងអស់គ្នា មានកាត្វកិច្ចចូលរួមថែរក្សា ការពារសន្តិភាពឱ្យបានដាច់ខាត ដើម្បីអនាគតកូនចៅយើង ជំនាន់ក្រោយ និងដើម្បីនាំនាវាកម្ពុជា ឆ្ពោះទៅកាន់ប្រទេសចំណូល មធ្យមកម្រិតខ្ពស់ នៅឆ្នាំ២០៣០ និងជាប្រទេសចំណូលខ្ពស់ ដូចបណ្តាលប្រទេសជឿន លឿននានា នៅឆ្នាំ២០៥០ ។

លោកបានបន្ត សង្រ្គាមនៅតំបន់ មជ្ឈឹមបូព៌ា និងក៏ដូចជានៅ អ៊ុយក្រែន បច្ចុប្បន្ននេះ បានបំផ្លិចបំផ្លាញ និងបង្កវិនាសសកម្មយ៉ាងច្រើន ។ ជាងនេះទៅទៀត សង្រ្គាមនៅអ៊ុយក្រែន បាននិងកំពុងបង្ក ឱ្យមានផលប៉ះពាល់ ដល់សេដ្ឋកិច្ចពិភពលោក ជាពិសេស គឺកំពុងធ្វើឱ្យទំនិញឡើងថ្លៃ និងអាចធ្វើឱ្យវិបត្តិស្បៀងអាហារធ្ងន់ធ្ងរជាសកល ។ កម្ពុជាដែលជាផ្នែកមួយរបស់ពិភពលោក គឺពិតជាមិនអាចគេផុតពីផលប៉ះពាល់នេះទេ ។ ក៏ប៉ុន្តែកម្ពុជាកំពុងគិតគូរបញ្ហានេះហើយ ។ លោកបានបន្តថា សូមឱ្យបងប្អូនមានជំនឿ ចិត្តលើសមត្ថភាពដឹកនាំ របស់រាជរដ្ឋាភិបាល ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខ ។ រាជរដ្ឋាភិបាលកម្ពុជា ពិតជានឹងមានសមត្ថភាព ក្នុងការទប់ទល់ដោះស្រាយបញ្ហាប្រឈមនេះ ក៏ដូចជាវិបត្តិនានា ដែលអាចនឹងកើតមានឡើង ជាយថាហេតុនាពេលអនាគត ។
លោកក៏បានណែនាំ ដល់អាជ្ញាធរមូលដ្ឋាន ខិតខំផ្តល់សេវាសាធារណៈប្រកបដោយគុណភាពជូនប្រជាជន និងត្រូវខិតខំកែលំអរ ចំណុចខ្វះខាតទាំងឡាយ ជាពិសេសត្រូវខិត ខំដោះស្រាយ បញ្ហាជូនប្រជាជន ដោយភាពស្មោះ ត្រង់ ឱ្យបានរួសរាន់ ដោយមិនត្រូវធ្វើជាមិនដឹង និងមិនដោះស្រាយ ជូនពួកគាត់ឡើយ ។

លោកបានណែនាំឱ្យយកចិត្តទុកដាក់ ដោះស្រាយបញ្ហាទំនាស់ដីធ្លី និងបន្តពង្រឹងអនុវត្តគោល នយោបាយភូមិឃុំមានសុវត្ថិភាព ។

បងប្អូនប្រជាពលរដ្ឋស្រុកមុខកំពូល សូមថ្លែងនូវអំណរគុណ យ៉ាងជ្រាលបំផុត ចំពោះ សម្តេចតេជោ ហ៊ុន សែន និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលបានគិតគូរពីសុខទុក្ខរបស់ ប្រជាជន ។ បងប្អូនប្រជាពលរដ្ឋស្រុកមុខកំពូល ប្តេជ្ញាបន្តគាំទ្រ គណបក្សប្រជាជនជនកម្ពុជា និងគាំទ្របេក្ខភាពឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ជាបេក្ខជននាយករដ្ឋមន្រ្តីបន្តវេននាពេលអនាគត ៕